រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័របានហក់ត្របាក់ខាំរថយន្តទួរីសប្រភេទ១២កៅអី ឡើងក្រពឹតមុខខ្ទេចមើលលែងយល់ បណ្តាលឱ្យមនុស្ស៣នាក់ដែលជិះក្នុងរថយន្តទួរីសរងរបួសធ្ងន់ត្រូវរថយន្តពេទ្យទៅដណ្តើមគ្នាឱ្យប្រញាយនាំយកទៅសង្គ្រោះបាត់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ សីហា ២០១១។
ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទល់មុខអាហារដ្ឋានបាយមាន់ សុខហុក២ គឺរថយន្តទាំង២គ្រឿងនេះបើកបរបញ្ច្រាសទិសគ្នា។ តាមសាក្សីបាននិយាយឱ្យដឹងថា រថយន្តកុងតឺន័រពាក់ស្លាកលេខ ក-០៦២៦ ភព៦ ជារបស់ក្រុមហ៊ុន M.S.T.K.M.P ផែស្ងួត ធ្វើដំណើរពីត្បូង ទៅជើងបានជ្រុលទៅផ្នែកខាងស្តាំរបស់រថ យន្តទួរីស១២កៅអី ពាក់ស្លាកលេខ ព-0472 ភព២ ដឹកទឹកបរិសុទ្ធដើរលក់ ឬយកទៅបោះឱ្យម៉ូយ ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកលាន់គ្រាំងពេញទំហឹង បណ្តាលឱ្យរថយន្តទួរីសខ្ទាតទៅកៀកទ្វារហាងបាយមាន់ សុខហុក២ មើលទៅគួរឱ្យញាក់សាច់ និងរន្ធត់ពន់ពេក។
ប៉ូលិសកំពុងចាត់ចែងវាស់វែង អ្នករងរបួស២នាក់ធ្ងន់ធ្ងរខាងរថយន្តទួរីសត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ចំណែកអ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ