រាជធានីភ្នំពេញ ៖ នៅទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី២៥ សីហា មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១១ ក្រោមអធិបតីភាពលោកកុយ ពុំ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងលោកឡៅ សារឿន អគ្គនាយកទូរគមនាគមន៍កម្ពុជា។
លោកកុយ ពុំ បានថ្លែងថា ពីមួយខែទៅមួយខែ ឬពីមួយឆ្នាំទៅមួយឆ្នាំទូរគមនាគមន៍កម្ពុជា កាន់តែលេចមុខមាត់ មានទីផ្សារគ្របដណ្តប់ជាច្រើនខេត្ត និងស្រុក បម្រើសេវាទូរគមនាគមន៍ជូនអតិថិជនបានជាច្រើនរូបភាព ទៅតាមតម្រូវការដែលអ្នកប្រើប្រាស់ចង់បាន មិនថានៅតាមទីក្រុង ឬជនបទដាច់ស្រយាលឡើយ ។ ដូចយើងបានឃើញនឹងភ្នែកជាក់ស្តែងស្រាប់ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជា ត្រូវបានពង្រីក និងកសាងបានយ៉ាងច្រើនក្រោមប្រាក់កម្ចីសម្បទានរបស់ចិន មានឈ្មោះថា គម្រោង GMS-IS បានត្រូវសាងសង់បញ្ចប់ដំណាក់កាលទី១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៩ ក្រោមអធិបតីភាពលោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ សមិទ្ធផលគ្រប់យា៉ងដែលទូរគមនាគមន៍កម្ពុជាទទួលបាន និងបានបង្កើតឡើងរួមទាំងបញ្ហាប្រឈមផ្សេងៗដូចជាបំណុលរ៉ាំរ៉ៃមួយចំនួន និងការប្រកួតប្រជែងនានាពីគ្រប់ប្រតិបត្តិករនៅលើទីផ្សារទូរគមនាគមន៍បច្ចុប្បន្ន ដែលអស់លោក លោកស្រីនឹងបានឃើញតាមរយៈបទបង្ហាញរបស់លោកអគ្គនាយក ឡៅ សារឿន នៅពេលបន្តិចទៀតនេះ ។
លើសពីនេះទៀត ទូរគមនាគមន៍កម្ពុជា និងចូលទីផ្សារមូលបត្រ (IPO) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកទូរគមនាគមន៍កម្ពុជាឱ្យធ្វើការបោះពុម្ពផ្សាយ និងចុះបញ្ជីលក់មូលបត្រជាសាធារណៈនៅកម្ពុជា និងសម្របខ្លួនតាមទិសដៅក្នុងគោលនយោបាយកំណែទម្រង់វិស័យហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំហាននៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ២០០៦-២០១៥ ។
លោកឡៅ សារឿន បានថ្លែងថា លទ្ធផលជាក់ស្តែងក្រោមការខិតខំប្រឹងប្រែងធ្វើការបម្រើផលប្រយោជន៍ រួមទាំងថ្នាក់ដឹកនាំក៏ដូចជានិយោជិត ធ្វើឱ្យសមិទ្ធផលទូរគមនាគមន៍កម្ពុជា មានការរីកចម្រើនទៅមុខជាលំដាប់ ទាំងបណ្តេញសេវា និងគុណភាព ។ ពីមួយខែទៅមួយខែ យើងបានពង្រីកបណ្តាញទៅតាមសាខាខេត្ត និងស្រុកបានកាន់តែច្រើនស្របតាមទិសដៅ និងផែនការដែលទូរគមនាគមន៍កម្ពុជាបានដាក់ចេញប្រចាំឆមាស និងប្រចាំឆ្នាំ ធ្វើឱ្យទូរគមនាគមន៍កម្ពុជាអាចឆ្លើយតបបានតាមតម្រូវការរបស់អតិថិជនទាន់តាមពេលកំណត់ ។
លោកឡៅ សារឿន បញ្ជាក់ថា សមិទ្ធផលដ៏ល្អទាំងនេះកើតចេញពីការខិតខំប្រឹងប្រែង និងចង្អុលទិសរបស់ក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ដែលមានលោកកុយ ពុំ ជាប្រធានរួមជាមួយនឹងថ្នាក់ដឹកនាំ និងនិយោជិតគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យទូរគមនាគមន៍កម្ពុជាទទួលបានផលចំណេញគួរជាទីមោទនៈសម្រាប់លើកស្ទួយកម្រិតជីវភាពនិយោជិតបានធូរស្រាលក្នុងការរស់នៅ ថ្វីបើមានបញ្ហាប្រឈមធំៗ ខ្លះនៅចំពោះមុខក៏ដោយ ដែលលោកនឹងបង្ហាញជូនក្នុងពេលបន្តិចទៀតនេះ ។ ការពង្រីកបណ្តាញនៅសាខាទូរគមនាគមន៍កម្ពុជាបានជាច្រើនកន្លែងនៅឆមាសទី១នេះ ធ្វើឱ្យទូរគមនាគមន៍កម្ពុជា មានទីផ្សារកាន់តែធំទូលាយ និងក៏ជាកត្តាគន្លឹះបង្ហាញពីភាពជោគជ័យ ក្នុងការជំរុញការងារអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ សម្រាប់ធ្វើទំនាក់ទំនងសិក្សាស្រាវជ្រាវ សុទ្ធតែផ្អែកលើស្មារតីតស៊ូព្យាយាមអត់ធ្មត់ និង ពុះពារគ្រប់ឧបសគ្គរបស់ថ្នាក់ដឹកនាំទាំងអស់ និងនិយោជិតដើម្បីបង្កើត និងបម្រើសេវាផលិតឱ្យមានគុណភាព ប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលអាចចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់និយោជិតឱ្យបានកាន់តែប្រសើរឡើងថែមទៀត ។
នៅក្នុងឆ្នាំ២០១១ នេះ ទូរគមនាគមន៍កម្ពុជា កំពុងរៀបចំខ្លួនយា៉ងមមាញឹកបំផុត រៀបចំឯកសារដែលពាក់ព័ន្ធនឹងចលនៈ/អចលនទ្រព្យ គណនេយ្យ និងបញ្ជីសារពើពន្ធ ដើម្បីចូលកាន់ទីផ្សារមូលបត្រ (IPO) ទៅតាមគម្រោង និងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការនាំយកទូរគមនាគមន៍កម្ពុជាឱ្យធ្វើការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រសាធារណៈនៅក្នុងទីផ្សារមូលបត្រកម្ពុជា (IPO) ដោយកំណត់ឱសានវាទនៅត្រឹមថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១១ ឬថ្ងៃទី១១ ធ្នូ ឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ