ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិងធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ សីហា ដោយចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីជំទង់អាយុ១៥ឆ្នាំ កាលពីយប់ថ្ងៃទី២៣ សីហា ខណៈដែលក្មេងស្រីរងគ្រោះជិះកង់ទៅទិញទឹកកកនៅចំណុចផ្លូវបំបែកចូលការដ្ឋានកិនថ្ម ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ។
លោកជឹម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បាននិយាយឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះឆែម វិចិត្រ ហៅមា៉ប់ អាយុ២៤ឆ្នាំ ជាកម្មករ និងស្នាក់នៅការដ្ឋានកិនថ្ម ចំណែកម្នាក់ទៀតឈ្មោះឌី រតនា អាយុ២៣ឆ្នាំ មានទីលំនៅភូមិខ្វិត ឃុំពង្រ ។ នៅចំពោះមុខសមត្ថកិច្ចប៉ូលិស ជនសង្ស័យទាំងពីរនាក់បានសារភាពថា មុនពេលកើតហេតុពួកគេបានផឹកស្រាស្រវឹង ពេលនោះឈ្មោះឆែម វិចិត្រ ហៅម៉ាប់បានដើរត្រឡប់ទៅផ្ទះមុន លុះមកដល់ចំណុចផ្លូវបំបែកចូលការដ្ឋានកិនថ្មក៏បានជួបនឹងកុមារីរងគ្រោះកំពុងជិះកង់ ហើយក៏បានល្បួងយកទៅចាប់រំលោភរហូតបានសម្រេច ។ ខណៈរំលោភពុំទាន់រួចផង ឈ្មោះឌី រតនា ហៅក្របី ដែលបានចេញពីវង់ផឹកស៊ីដើរតាមក្រោយឃើញឈ្មោះម៉ាប់ កំពុងរំលោភក្មេងស្រីរងគ្រោះក៏បានឈរមើលរហូតឈ្មោះម៉ាប់ រំលោភបានសម្រេចងើបចេញ ទើបឈ្មោះក្របីទៅរំលោភនាងតាមក្រោយរហូតបានសម្រេចដែរ ទើបងើបដើរចោលនាងទាំងពីរនាក់ ។ ជនទាំងពីរនាក់នេះបានសារភាពថា រហូតដល់ល្ងាចថ្ងៃទី២៥ សីហា ក៏ត្រូវប៉ូលិសមកចាប់ខ្លួនតែម្តង ។
តាមការឆ្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះប្រាប់ប៉ូលិសថា នាងបានជិះកង់ទៅទិញទឹកកកហើយក៏បានជួបឈ្មោះម៉ាប់ ពេលនោះឈ្មោះនេះបានចាប់កង់នាង ហើយល្បួងនាងយកទៅរំលោភ ទោះនាងប្រឹងរើបម្រះក៏ពុំរួចដែរ។ ពេលនោះឈ្មោះក្របី ដែលមកតាមក្រោយបានស្រែកសួរគ្នាគេថា ម៉េចហើយឬនៅ? តែឈ្មោះម៉ាប់ មិនឆ្លើយ លុះរំលោភនាងបានសម្រេចហើយឈ្មោះនេះងើបចេញ ស្រាប់តែឈ្មោះក្របីចូលមកចាប់នាងរំលោភរហូតបានសម្រេចទៀតរួចដេញនាងឱ្យទៅផ្ទះវិញ ។ ប៉ុន្តែដោយសារនាងចុកឆ្អល់ងើបមិនរួច នាងបានប្រឹងវារទៅរកគល់ត្នោតរួចដេកនៅទីនោះរហូតដល់ម៉ោង៥ភ្លឺ ទើបត្រឡប់ទៅផ្ទះវិញ ។ ពេលទៅដល់ផ្ទះរូបនាងត្រូវម្តាយឈ្លេចសួររហូតដល់ថ្ងៃទី២៥ សីហា ទើបនាងព្រមប្រាប់ ហើយម្តាយនាងក៏បានប្តឹង សមត្ថកិច្ចឱ្យចាប់ជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ