រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី Richard Simcock នាយកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក្នុងការិយាល័យរដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ សីហា ដើម្បីជួបប្រជុំជាមួយមន្ត្រីក្រសួងការពារជាតិកម្ពុជា និងតំណាងស្ថានទូតសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីទំនាក់ទំនងយោធាទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជាដែលកាន់តែមានភាពរីកចម្រើនឡើង ។
ការពិភាក្សានឹងផ្តោតលើឱកាសសហប្រតិបត្តិការនាពេលអនាគតក្នុងផ្នែកថែរក្សាសន្តិភាព សន្តិសុខដែនសមុទ្រ ជំនួយមនុស្សធម៌ កំណែទម្រង់ក្នុងវិស័យការពារប្រទេស និងការប្រឆាំងភេរវកម្ម ។ ក្នុងករណីនេះ លោកឧត្តមសេនីយ៍ត្រី Simcock នឹងគូសបញ្ជាក់ពីការបន្តរបស់ក្រសួងការពារប្រទេសអាមេរិកក្នុងការធ្វើការជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីអភិវឌ្ឍកងទ័ពមួយប្រកបដោយវិជ្ជាជីវៈ និងរួមចំណែកដល់ស្ថិរភាព សន្តិភាពអន្តរជាតិ និងតំបន់ ។
លោកឧត្តមសេនីយ៍ Simcock បានមានប្រសាសន៍ថា «ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកសង្ឃឹមថា នឹងជួយក្នុងការកសាងសមត្ថភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ដោយទន្ទឹមគ្នានោះ លើកទឹកចិត្តឱ្យកងយោធពលខេមរភូមិន្ទបន្តដើរលើគន្លងផ្លូវនៃតម្លាភាព ការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចបានល្អប្រសើរឡើង» ។
លោកឧត្តមសេនីយ៍ Simcock ក៏នឹងចូលរួមផងដែរ ក្នុងសិក្ខាសាលារបស់ក្រសួងការពារជាតិនៅក្រុងព្រះសីហនុ ដើម្បីពិភាក្សាពីការរៀបចំយុទ្ធសាស្ត្រសន្តិសុខដែនសមុទ្រកម្ពុជា ។ លើសពីនេះទៀត លោកនឹងទៅមើលទីតាំងនានា ដែលបានទទួលកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក និងកម្ពុជា ដូចជាកម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម មជ្ឈមណ្ឌលហ្វឹកហ្វឺនការថែរក្សាសន្តិភាព និងមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខដែនសមុទ្រជាដើម៕
ចែករំលែកព័តមាននេះ