អង្គការសហប្រជាជាតិបានឱ្យដឹងថា មានមនុស្សជាង១២លាននាក់នៅទូទាំងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្មានសញ្ជាតិ ធ្វើឱ្យពួកគេមិនបានទទួលសិទ្ធិថ្នាក់មូលដ្ឋានជាមនុស្ស។ ស្របពេលជាមួយគ្នានេះ ក៏បានធ្វើការអំពាវនាវដល់ប្រទេសដែលមានប្រជាជនគ្មានសញ្ជាតិឱ្យចុះហត្ថលេខាលើអនុស្សរណៈជាមួយUNHCR។
របាយការណ៍បានបញ្ជាក់ថា មូលហេតុនៃបញ្ហាគ្មានសញ្ជាតិធ្វើឱ្យកូនកើតមកគ្មានសញ្ជាតិដូចគ្នា ។ ប្រទេសដែលមានប្រជាជនគ្មានសញ្ជាតិច្រើនបំផុតនៅលើពិភពលោក រួមមានប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល អឺរ៉ុបខាងកើត មជ្ឈិមប្រទេស និងក្រុមប្រទេស ក្នុងទ្វីបអាហ្វ្រិក។
លោកអាន់តូនីញ៉ូ ហ្គូទ័ររ៉េស អគ្គលេខាធិការអង្គការទទួលបន្ទុកជនភៀសខ្លួននៃសហប្រជាជាតិ(UNHCR) ថ្លែងថា «ផលប៉ះពាលដោយសារការព្រងើយកន្តើយលើសារសំខាន់របស់បុគ្គលមួយក្រុមបាននាំមកនូវភាពតានតឹងនៅក្នុងសង្គម ។ ក្រៅពីនេះ ក៏ជាផ្នែកមួយនៃប្រភពទំនាស់ដែលកើតឡើងនៅក្នុងសង្គមផងដែរ។ បុគ្គលគ្មានសញ្ជាតិត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើន ដូចជាពួកគេមិនអាចក្លាយជាម្ចាស់ដីធ្លីនិងអចលនទ្រព្យ មិនអាចមានបញ្ជីឥណទានពីធនាគារឬលេខគណនីក្នុងធនាគារ រួមទាំងការចុះបញ្ជីលើកំណើតទារកទើបកើត ។ រីឯអ្នកខ្លះទៀតត្រូវឃុំឃាំងទុកនៅក្នុងបរិវេណមួយក្នុងរយៈពេលយូរព្រោះមិនអាចពិសោធន៍បានថា ខ្លួនជាមនុស្សប្រទេសណា ? ឬមកពីកន្លែងណា ?
UNHCRបានបញ្ជាក់ទៀតថា មានប្រទេសត្រឹមតែ៦៦ប៉ុណ្ណោះដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៥៤ ដោយទទួលការធានាសិទ្ធិជាមូលដ្ឋានដល់អ្នកគ្មានសញ្ជាតិ និងមានតែ៣៨ប្រទេស ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦១ ដែលបញ្ជាក់ពីលក្ខខណ្ឌច្បាប់ក្នុងប្រទេសដើម្បីកាត់បន្ថយអត្រាប្រជាជនគ្មានសញ្ជាតិ ។ ទោះជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានខែកន្លងមក ប្រទេសក្រូអាស៊ី ប៉ាណាម៉ា ហ្វ៊ីលីពីន និងតួកម៉េនីស្ថាន ទើបបញ្ចប់ការចុះហត្ថលេខាប្រហែល១ឬ២លើអនុស្សរណៈនៃកិច្ចព្រមព្រៀងអន្តរជាតិខាងលើ ។
គួរបញ្ជាក់ថា មនុស្សអាចក្លាយជាអ្នកគ្មានសញ្ជាតិបណ្តាលមកពីមូលហេតុជាច្រើនប្រការ ដូចជាការដួលរលំរដ្ឋឬប្រទេស ដូចដែលកើតឡើងនៅអតីតសហភាពសូវៀត និងយូហ្គោស្លាវី ឬការបង្កើតរដ្ឋថ្មី ក្រោយពីបញ្ចប់ការគ្រប់គ្រងពីប្រទេសក្នុងអាណានិគម ដូចជានៅប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក និងអាស៊ីជាដើម ៕
ចែករំលែកព័តមាននេះ