រាជធានីភ្នំពេញ ៖ រថយន្តប្រភេទទួរីសម៉ាកសាងយ៉ុងបានហោះឡើងរបាំងចែកផ្លូវទាំងថ្ងៃ ដោយសារដាច់ហ្វ្រាំង តែសំណាងល្អមនុស្សនៅក្នុងរថយន្តជាច្រើននាក់មិនមានគ្រោះថ្នាក់នោះទេ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីរសៀលថ្ងៃទី២៦ សីហា ២០១១ នៅចំណុចម្តុំភ្លើងស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមព័ត៌មានពីបុរសឈ្មោះអ៊ុំ សារ៉ន អាយុ៤២ឆ្នាំ ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ខាងលើបានឱ្យដឹងថា គាត់បានបើករថយន្តមិនលឿនប៉ុន្មាននោះទេ ធ្វើដំណើរពីលិចទៅកើតមកដល់ចំណុចកើតហេតុ គាត់ក៏ជាន់ហ្វ្រាំងមិនស៊ី (ដាច់ហ្វ្រាំង) ពេលនោះគាត់ក៏កាច់ចង្កូតឡើងលើរបាំងចែកផ្លូវ ក្នុងគោលបំណងបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដទៃ។ លោកបន្តថា ជាសំណាងល្អរថយន្តគ្រាន់តែមកកល់នៅលើរបាំងចែកផ្លូវប៉ុណ្ណោះ មិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ តាមផ្លូវនោះទេ ដោយគ្រាន់តែខូចខាតរបាំងចែកផ្លូវប៉ុណ្ណោះ ។
តាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើបាននិយាយថា កុំតែបានអ្នកបើករថយន្តមានស្មារតីរ៉ឹងប៉ឹងក្នុងការបញ្ជារថយន្តឱ្យឡើងលើរបាំងចែកផ្លូវកល់ជាប់ឈប់ស្ងៀម បើពុំដូច្នេះទេ ច្បាស់ជាបង្កគ្រោះថ្នាក់ដល់អ្នកដទៃធ្ងន់ធ្ងរជាក់ជាមិនខាន ព្រោះគាត់បានឃើញរថយន្តនេះបើកក្នុងល្បឿនលឿនគ្រាន់បើ ។ ចំពោះករណីខាងលើ នេះ អ្នកដែលបានឃើញហេតុការណ៍គួរឱ្យញាក់សាច់៕
ចែករំលែកព័តមាននេះ