ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា ឈ្មោះម៉ាន់ បូរ ភេទប្រុស អាយុ៤១ឆ្នាំ បម្រើការងារនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត មានទីលំនៅភូមិចំការតា ដោក ឃុំឫស្សីក្រោក បានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៣ សីហា លើផ្លូវជាតិលេខ៥ក្បែរវត្តសមាធិផលចម្ងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិ៤សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឱ្យដឹងតាមសាក្សីដែលបានឃើញហេតុការណ៍នោះថាគឺជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ស៊េរី២០០៨ មកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះទឹកសមុទ្រ ពាក់ស្លាកលេខ-១១៣៧ ភព៣ ដឹកសំបកធុងហ្គាសទទេ បើកបរមកពីទិសខាងត្បូងទៅជើងបញ្ច្រាសទិសគ្នាបានរេចង្កូតទៅបុកមន្ត្រីនគរបាលនោះរងរបួសធ្ងន់បាក់ឆ្អឹងកជើងស្តាំនិងដងកាំបិតឆ្វេង ហើយដាច់់់មេដៃស្តាំ ចំណែកម៉ូតូខូចខ្ទេចផ្នែកខាងមុខ។
ក្រោយពីហេតុការណ៍កើតឡើងភ្លាមអ្នកបើកបររថយន្តបានព្យាយាមបើករត់គេចយករថយន្តទៅប្លុងចោលនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយរត់គេចខ្លួនបាត់ទៅ។ ចំណែកជនរងគ្រោះត្រូវបានដឹកតាមរថយន្តសង្គ្រោះរបស់ស្នងការដ្ឋានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី។
មន្ត្រីនគរបាលបានបន្តទៀតថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្តាំរបស់ខ្លួន ម្យ៉ាងទៀតរថយន្តនេះមានភ្លើងហ្វាបំភ្លឺផ្លូវតែម្ខាងគឺខាងស្តាំ។ ចំពោះរថយន្តបង្កហេតុដែលជារបស់ក្រុមហ៊ុនហេងចិន្តាគ្រុប បច្ចុប្បន្ន រថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ