កីឡាករស្លូវ៉ាគីភីធ័រ សាហ្គឹនបានសម្តែងនូវក្តីរីករាយជាពន់ពេកក្រោយពីបានយកឈ្នះដំណាក់ទី៥ប្រណាំងកង់ក្របខណ្ឌធួកម្មវិធី Tour of Spainកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែសីហាកន្លងមកនេះ។ ការប្រណាំងក្នុងដំណាក់ដ៏វែងឆ្ងាយនេះត្រូវបានបញ្ចប់នៅទីក្រុង Córdoba ។
សាហ្គឹនដែលជាអ្នកជិះកង់ឲ្យក្រុមLiquigas-Cannondaleបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៨៥,៧គីឡូម៉ែត្រចេញដំណើរពីទីក្រុងÚbedaឆ្ពោះទៅកាន់ទីក្រុងCórdoba ប្រទេសអេស្ប៉ាញដោយប្រើអស់ថិរវេលា៤ម៉ោង៣៨នាទីនិង២២វិនាទីយកឈ្នះកីឡាករម្ចាស់ផ្ទះប៉ាប្លូ ឡាស្ត្រាហ្គាស្យ៉ាជិះឲ្យក្រុម Movistar Teamនិងបានយកឈ្នះកីឡាករអុីតាលីវ៉ាឡេរីយ៉ូ អាណូលីជិះឲ្យក្រុម Liquigas-Cannondaleដែលទាំងពីរនាក់បានប្រើថិរវេលាច្រើនស្មើៗគ្នា ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករសាហ្គឹនបានបញ្ជាក់ដោយក្តីរីករាយថា៖«យើងបានធ្វើការងារដ៏ល្អបំផុតក្នុងនាមជាក្រុមមួយ។ នេះមិនមែនជាបច្ចេកទេសឬក៏ជាយុទ្ធសាស្ត្ររបស់យើងសម្រាប់យកឈ្នះដំណាក់នេះទេ។ ប៉ុន្តែនេះជាសំណាងមួយទៅវិញទេ។ វាអាចល្អប្រសើរជាងនេះប្រសិនជាអ្នកឈ្នះលេខ២ជាមិត្តរួមក្រុមរបស់ខ្ញុំកីឡាករនីបាលីវិញនោះ»។
បើទោះជាកីឡាករសាហ្គឹនបានយកឈ្នះដំណាក់នេះក៏ដោយចុះ ប៉ុន្តែជ័យជម្នះរបស់គេលើកនេះមិនអាចជួយឲ្យរូបគេសន្សំពិន្ទុបានគ្រប់គ្រាន់នាំមុខគេនៅលើតារាងថិរវេលាសរុបបាននៅឡើយទេដ្បិតកីឡាករបារាំងស៊ីលវ៉ាំង សាវ៉ាណែលដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី១០នោះធ្វើបានល្អជាងរូបគេរក្សាការនាំមុខបានជាដដែល។
ឆ្លងកាត់ការប្រណាំងចំនួន៦ដំណាក់មកនេះ កីឡាករសាវ៉ាណែលបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ២២ម៉ោង៤១នាទីនិង១៣វិនាទីនាំមុខកីឡាករអេស្ប៉ាញ Daniel Moreno Fernandezដែលបានប្រើថិរវេលាច្រើនជាង១៥វិនាទី។ ឯកីឡាករអ៊ីតាលីវ៉ាំងសង់ហ្សូ នីបាលីស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាង១៦វិនាទីី ។
ការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៣០០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៧ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៨៥គីឡូម៉ែត្រចេញដំណើរពីទីក្រុងAlmadénឆ្ពោះទៅកាន់ទីក្រុងTalavera de la Reinaប្រទេសអេស្ប៉ាញ។ ការប្រណាំង Tour of Spainលើកទី៦៦ឆ្នាំនេះពុំមានវត្តមានកីឡាករល្បីឈ្មោះខ្លាំងក្នុងលោកដូចជាអាល់បឺតូ កុងតាឌ័រ កាដែល អេវែននិងកីឡាករបងប្អូនត្រកូល Schleck ទេ ៕
ចែករំលែកព័តមាននេះ