ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​M&Vដួល​សន្លប់​200​នាក់​ពេញ​ណែន​មន្ទីរ​ពេទ្យ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ កម្មការិនី​ប្រមាណ​២០០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ ម៉ោង៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៥ សីហា នៅ​ក្នុង​រោង​ចក្រ​តម្បាញ​M&V ដែល​ស្ថិត​​ក្នុង​​ភូមិ​ត្រពាំង​ចិក្សា​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង។ នេះ​ជា​ការ​ដួល​សន្លប់​លើក​ទី​២​ ហើយ​នៃ​ដើម​សប្តាហ៍​ចុង​ខែ​សីហា​នេះ​ ដែល​ករណី​ថ្ងៃ​ទី​២៣ សីហា មាន​ការ​ដួល​សន្លប់​​កម្មករ​ចំនួន​ជាង​៥០​នាក់​។

ខេត្ត​កំពង់​ឆ្នាំង​ ៖ កម្មការិនី​ប្រមាណ​២០០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ម៉ោង៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៥ សីហា នៅ​ក្នុង​រោង​ចក្រ​តម្បាញ​M&V ដែល​ស្ថិត​​ក្នុង​​ភូមិ​ត្រពាំង​ចិក្សា​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង។ នេះ​ជា​ការ​ដួល​សន្លប់​លើក​ទី​២​ ហើយ​នៃ​ដើម​សប្តាហ៍​ចុង​ខែ​សីហា​នេះ​ ដែល​ករណី​ថ្ងៃ​ទី​២៣ សីហា មាន​ការ​ដួល​សន្លប់​​កម្មករ​ចំនួន​ជាង​៥០​នាក់​។

តាម​​មន្ត្រី​ប៉ូលិស​ជា​ជំហាន​ដំបូង​​បាន​និយាយ​ឱ្យ​ដឹង​ថា ក​ម្មការិនី​ដែល​ដួល​សន្លប់​​ និង​ដឹក​តាម​រថ​យន្ត​ តាមរ៉ឺម៉ក រួម​ទាំង​ម៉ូតូ​ឌុប​បាន​ចូល​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​គិតត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​មាន​១៥២​នាក់​ ក្នុង​នោះ​មាន​ប្រុស​២​នាក់​​ ។ ឯ​អ្នក​ធ្ងន់​ធ្ងរ​ដាក់​ខ្យល់​អុក​សីុ​ហ្សែន​មាន​១៨​នាក់​ ក្នុង​នោះ​មាន​ប្រុស​ម្នាក់​។ ប៉ុន្តែ​តួលេខ​ចុង​ក្រោយ​របស់​មន្ទីរ​ពេទ្យ​វិញ​ គឺ​បាន​​កើន​ដល់​​១៩៨​នាក់​ឯណោះ។​ នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ដដែល​ លោក​សូរិន្ទ ទីរ៉ា​វុឌ្ឍី​ ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​បាន​ឱ្យ​ដឹង​ថា តួ​លេខ​ពិត​ប្រាកដ​គឺមាន​ចំនួន២០០​នាក់​គត់​ដែល​បានចុះ​បញ្ជី​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​ពេលនេះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្តើរៗខ្លះ​​​ហើយ​គិត​ត្រឹម​ម៉ោង​១​រសៀល​នៅ​សល់​តែ​ត្រឹម​៤១​នាក់​ប៉ុណ្ណោះ។ លោក​បន្ត​ថា តាម​មើល​ពួក​នាង​សុទ្ធ​តែ​មាន​សុខភាព​ជា​ធម្ម​តា​ទេ ប៉ុន្តែ​រឿង​ដួល​សន្លប់​បណ្តាល​មក​ពី​អ្វី​នោះ​លោក​មិន​ទាន់​ហ៊ាន​សន្និ​ដ្ឋាន​ឡើយ​។

កម្មការិនី​ជា​ច្រើន​នាក់​បាន​និយាយ​ដូច​ៗ​គ្នា​ថា កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា អគារ​ក្នុង​រោង​ចក្រ​តម្បាញ​ចំនួន​៣ គឺ អគារ​លេខ​៨, ៩ និង​លេខ​១០​បាន​ដួល​សន្លប់​ ហើយ​អគារ​​នោះ​ថ្ងៃ​ទី​២៤ សីហា ក៏​បាន​ឱ្យ​ឈប់​សម្រាក​ និង​ចូល​ធ្វើ​ការ​​នៅ​ថ្ងៃ​ទី​២៥ សីហា​វិញ។ ប៉ុន្តែ​ស្រាប់​តែ​ម៉ោង​៨ និង​៣០​នាទី​ទើប​ចូល​ធ្វើ​ការ​ក៏​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ទៀត​ គឺ​គ្រប់​អគារ​ទាំង​១០ ។ រី​ឯអគារ​៣​ជាន់​មួយ​ទៀត​ក៏​មាន​អ្នក​ដួល​សន្លប់​ផង​ដែរ​។

ក្រុម​កម្មការិនី​បាន​និយាយ​ខុសៗ​គ្នា​ថា បណ្តាល​មក​ពី​សាច់​កំណាត់​មក​ដល់​ថ្មី​ធុំក្លិន​ តែ​ខ្លះ​ទៀត​ថា មក​ពី​មាន​រថ​យន្ត​បូម​លូ​បង្គន់​៤​ថ្ងៃ​ហើយ​បូម​មិន​ទាន់​ហើយ​។ ចំណែកមូល​ហេតុ​ជាក់​លាក់​បែប​ណា​នោះ គឺ​មិន​ទាន់​ដឹង​ច្បាស់​ទេ ព្រោះ​ភាគី​ខាង​រោង​ចក្រ​ពុំ​អាច​សុំ​ការ​បក​ស្រាយ​បាន​។ ប៉ុន្តែ​មជ្ឈ​ដ្ឋាន​ជុំ​វិញ​កន្លែង​កើត​ហេតុ​បាន​​និយាយ​ថា បណ្តាល​មក​ពី​បរិយា​កាស​ក្នុងអគារ​ធ្វើ​ការ​មិន​ល្អ​។

ទោះ​ជា​យ៉ាងនេះ​ក្តី​​ប្រជា​ពលរ​ដ្ឋ​ដែល​មាន​​កូន​ចៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​នោះ​សំណូម​ពរយ៉ាង​ទទូច​​ឱ្យ​មន្ទីរ​ពាក់​ព័ន្ធ​ ពិសេស​​អាជ្ញា​ធរ​មូល​ដ្ឋាន​ ស្រុក​ ខេត្ត​ ​ជួយ​ត្រួត​ពិនិត្យក្នុង​​រោង​ចក្រ​​ផង។ អ្វី​ដែលមាន​ការ​កត់​សំគាល់គឺ​ជន​ជាតិ​ចិន​ជា​ម្ចាស់​ ឬ​ថៅ​កែ​រោង​ចក្រ​បាន​ព្យាយាម​រារាំង​មិន​ឱ្យ​អ្នក​កាសែត​ចូល​ថត​យក​ព័ត៌​មាន​ទេ ​រហូត​​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ដួល​ផ្ងារ​ក្រោយក៏​មាន​ដែរ​​ ព្រោះ​អ្នក​កាសែត​ព្យាយាម​ចូល​ថត​ក្នុង​រោង​ចក្រ​ដែល​កំពុង​មាន​កម្មករ​ដួល​សន្លប់ដេក​រដូក​រណែល ហើយ​ត្រូវ​​ថៅ​កែ​រារាំងដូច​ជា​​មិន​ចង់​ឱ្យ​ដឹក​អ្នក​រង​គ្រោះ​ទាំង​នោះ​ចេញទេ ៕