ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ៖ ពិធីរុក្ខទិវាជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិស្របតាមគោលនយោបាយជាតិ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះរាជ​បន្ទូល​ថា ពិធី​រុក្ខទិវា​ជា​វប្បធម៌​ដ៏​ប្រសើរ និង​ជា​ចលនា​ជាតិ​មួយ​ដ៏​សំខាន់​ក្នុង​កម្មវិធី​ស្តារ និង​អភិរក្ស​ធម្មជាតិ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រះរាជ​បន្ទូល​ថា ពិធី​រុក្ខទិវា​ជា​វប្បធម៌​ដ៏​ប្រសើរ និង​ជា​ចលនា​ជាតិ​មួយ​ដ៏​សំខាន់​ក្នុង​កម្មវិធី​ស្តារ និង​អភិរក្ស​ធម្មជាតិ ស្រប​តាម​គោលនយោបាយ​ជាតិ ក្នុង​គោលបំណង​អភិរក្ស និង​លើក​ស្ទួយ​នូវ​សម្បត្តិ​ធម្មជាតិ ប្រកបដោយ​ចីរភាព ជា​ពិសេស​រក្សា​ការពារ​ព្រៃឈើ ដែល​ជា​ជម្រក​ដ៏​សំខាន់​បំផុត​របស់​សត្វ​គ្រប់​ប្រភេទ រក្សា​ទឹក និង​ជីវៈចម្រុះ ទុកជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ និង​ជា​ការ​សន្សំ​បុណ្យ​កុសល​ដ៏​ធំធេង​សម្រាប់​មនុស្សជាតិ​គ្រប់​រូប​ផង​ដែរ ។

ព្រះករុណា សម្តេចព្រះ​បរមនាថ មាន​ព្រះរាជ​បន្ទូល​ធ្វើ​ឡើង ក្នុង​ពិធី «​រុក្ខទិវា​» នៅ​ភូមិ​កសិដ្ឋាន ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មានការ​និមន្ត​យាង និង​អញ្ជើញ​ពី​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ អាជ្ញាធរ​ជាតិ​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេស បាន​ចូលរួម​ដាំ​ដើមឈើ​ដោយ​មាន​ទស្សនទាន​រួម​ដាំ​ដើមឈើ និង​ការពារ​ព្រៃឈើ ជា​ការ​ជួយ​ខ្លួនឯង​ការ​បង្កើន​ធនធានធម្មជាតិ​ដែល​មាន​តម្លៃ​សម្បូរ​គ្រប់យ៉ាង​ធានា​បាន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជារាស្ត្រ ដែល​អាច​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ សុវត្ថិភាព​ពី​គ្រោះ​ធម្មជាតិ​ទាំង​ក្តី​សង្ឃឹម​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង ។

ព្រះករុណា សម្តេចព្រះ​បរមនាថ បាន​មាន​ព្រះរាជ​បន្ទូល​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជា​មិត្ត និង​អង្គការ​ជាតិ​-​អន្តរជាតិ​នានា ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការងារ​ដាំ​ដើមឈើ និង​ការ​ថែរក្សា ការពារ​ធនធាន​ព្រៃឈើ សត្វព្រៃ និង​សូម​អំពាវនាវ​ឱ្យ​បន្តសកម្មភាព​ដ៏​ថ្លៃថ្លា​ទាំងនេះ ដើម្បី​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល ។

ព្រះករុណា សម្តេចព្រះ​បរមនាថ បាន​មាន​ព្រះរាជ​បន្ទូល​ថ្លែង​អំណរ​ព្រះ​គុណ និង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋបាល​ខេត្តកំពង់ចាម និង​រដ្ឋបាល​ព្រៃឈើ ដែល​បាន​យកចិត្តទុកដាក់​សហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ក្រសួងព្រះបរមរាជវាំង និង​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ​ពិធី «​រុក្ខទិវា​» ក្នុង​ខេត្តកំពង់ចាម​នេះ ប្រកបដោយ​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ