ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីការ«ឆ្លងចរន្តអគ្គិសនី»បានឆាបឆេះបន្ទប់ស្នាក់នៅរបស់កម្មករក្នុងរោងចក្រកែច្នៃផ្លែឈើមួយកន្លែងនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០៩ កក្កដា ដែលខាតបង់ជាប្រាក់ប្រមាណ៥ម៉ឺនដុល្លារ ។ នេះបើតាមសេចក្ដីរាយការណ៍បឋម ។

កម្លាំងសមត្ថកិច្ច និងមន្ត្រីមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗ ជាមួយរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចប៉ុន្មានគ្រឿងផង ។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ទីតាំងកើតហេតុ ស្ថិតនៅក្នុងរោងចក្រ«កែច្នៃផ្លែឈើ»របស់ក្រុមហ៊ុន«បៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី» នៅចំណុចកើតហេតុខាងលើ ។

របាយការណ៍បានបញ្ជាក់ថា អគ្គិភ័យបានឆេះបន្ទប់ស្នាក់នៅរបស់កម្មករក្នុងរោងចក្រនេះ ដែលគេសង្ស័យបណ្ដាលមកពីការ«ទុស្សេខ្សែចរន្តអគ្គិសនី» ។ សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា អគ្គិភ័យបានកើតឡើងនៅពេលកម្មករកំពុងរៀបចំចេញធ្វើការងារ ។ ពេលនោះ ស្រាប់តែអគ្គិភ័យចាប់ផ្ដើមឆេះពីចុងម្ខាងនៃជួរបន្ទប់ស្នាក់នៅ បង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ។

របាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា អគារស្នាក់នៅរបស់កម្មករទំហំ១០ម៉x២៤ម៉ មានចំនួន១៦បន្ទប់ ។ តុល្យការនៃការខូចខាតមាន សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ ម៉ូតូ០១គ្រឿង និងទ្រព្យសម្បត្តិរបស់កម្មករជាច្រើនទៀត ដែលគិតជាទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារ ។

ជុំវិញអគ្គិភ័យនេះ មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ ជាមួយសមត្ថកិច្ច និងក្រុមកម្មករបានព្យាយាមពន្តត់ភ្លើង ។ ប៉ុន្តែយ៉ាងណា អគ្គិភ័យបានលេបយកបន្ទប់ស្នាក់នៅ និងទ្រព្យសម្បត្តិនានាអស់ប្រហែល៧០% តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ៕

ចែករំលែកព័តមាននេះ