រាជធានីភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីរសៀលថ្ងៃទី២១ សីហា លោក Dató SR; Shahidan Bin Kassim ទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី អនុប្រធានសមាគមសុខុមាលភាពអ៊ិស្លាមប្រទេសម៉ាឡេស៊ី និងជាអតីតអភិបាលរដ្ឋ Perlis អមដំណើរដោយលោកឧកញ៉ាអូស្មាន ហាស្សាន់រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា និងលោកឧកញ៉ាសុះ កំរី គណៈចាងហ្វាងជាន់ខ្ពស់នៃសាសនិកអ៊ិស្លាមកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងចូលរួមស្រាយបួសខែរ៉ាម៉ាដនជាមួយសាសនិកអ៊ិស្លាមនៅភូមិចាមលើ ស្រុកកោះធំ ខេត្តកណ្តាល។
លោកសាហ៊ី ដាន មានប្រសាសន៍ថា ក្នុងខែបួសរ៉ាម៉ាដននេះ លោកបាននាំយកអំណោយបន្តិចបន្តួចសម្រាប់ជួយឧបត្ថម្ភចូលរួមដោះស្រាយការខ្វះខាតរបស់បងប្អូនសហគមន៍អ៊ិស្លាមនៅកម្ពុជា ក្នុងការប្រតិបត្តិតាមជំនឿសាសនាអ៊ិស្លាម។ អំណោយឧបត្ថម្ភទាំងនោះរួមមានផ្តល់ថវិកា១.០៥០ដុល្លារ និងសន្យាជួយសាងសង់វិហារជាង១០ម៉ឺនដុល្លារ សម្រាប់ភូមិចាមលើស្រុកកោះធំ និងវិហារ៣កន្លែងទៀតនៅខេត្តរតនគិរីអស់ថវិកាចំនួន៩ម៉ឺនដុល្លារ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ស្រាយបួសនៅវិហារខ្ពប ស្រុកក្រូចឆ្មារ ចំនួន៣០០ដុល្លារ និងវិហារពោធិអ៊ិនស្រុកពញាក្រែក ខេត្តកំពង់ចាមចំនួន២.០០០ដុល្លារសម្រាប់ស្រាយបួស វិហារខេត្តក្រចេះ១.០០០ដុល្លារ វិហារព្រែកតាពៅ ខេត្តកណ្តាល៣០០ដុល្លារ។
លោកឧកញ៉ាអូស្មាន់ ហាស្សាន់ ក្នុងនាមសាសនិកខ្មែរអ៊ិស្លាមបានសម្តែងនូវការដឹងគុណចំពោះលោកសាហ៊ី ដាន និងសប្បុរសជនម៉ាឡេស៊ី ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រនិងផ្តល់ជាថវិកា និងសម្ភារផ្សេងៗដល់សហគមន៍អ៊ិស្លាមនៅកម្ពុជា ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកឧកញ៉ាអូស្មាន់ ហាស្សាន់ បានលើកឡើងថា ដោយមានទំនាក់ទំនងល្អរវាងសហគមន៍អ៊ិស្លាមកម្ពុជា និងប្រទេសម៉ាឡេស៊ី ជាពិសេសមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ទើបមានសប្បុរសជនម៉ាឡេស៊ីបានផ្តល់អំណោយជាថវិកាបន្តបន្ទាប់សម្រាប់ជួយដល់សហគមន៍អ៊ិស្លាមកម្ពុជា សម្រាប់កសាងសមិទ្ធផលជាច្រើនដូចជាវិហារសូរ៉ាវ និងសាលារៀននៅកម្ពុជា៕
ចែករំលែកព័តមាននេះ