ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ក្រុង​​ក្រុមហ៊ុន​​​ទេស​ចរណ៍​​វៀតណាម​​​លួច​បង្កប់ឈើ​​​ប្រណីត​​​ទម្ងន់​​ជាង​4តោន

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី ៖ ​​​សមត្ថ​កិច្ច​​ច្រក​ទ្វារ​​​​អន្តរជាតិ​​​អូរយ៉ាដាវ ​បាន​​ត្រួតពិនិត្យ​ឆែក​ឆេរ​​​រថយន្ត​ក្រុង​​​ដឹកអ្នក​ទេសចរ​របស់​​ ក្រុមហ៊ុន​វៀតណាមមួយ​គ្រឿង​​​ប្រទះ​ឃើញ​ឈើ​​គ្រញូង ​ដែលមាន​​មុខ​កាត់​ធំ​ៗ​ជា​​ច្រើនដុំ​បង្កប់​ក្នុង​តួ​សាក់​ស៊ី​កែច្នៃ​​​ ក្នុង​ឃ្លុប​សម្រាប់​ដាក់​អីវ៉ាន់​​​​​​ ។ សមត្ថ​កិច្ចឃាត់​ខ្លួន​​​​ជន​​​ទាក់​ទិន​នឹង​បទ​ល្មើស​​​ចំនួន៤​នាក់​​​ ក្នុងនោះ​​មាន​

ខេត្ត​រតន​គិរី ៖ ​​​សមត្ថ​កិច្ច​​ច្រក​ទ្វារ​​​​អន្តរជាតិ​​​អូរយ៉ាដាវ ​បាន​​ត្រួតពិនិត្យ​ឆែក​ឆេរ​​​រថយន្ត​ក្រុង​​​ដឹកអ្នក​ទេសចរ​របស់​​ក្រុមហ៊ុន​វៀតណាមមួយ​គ្រឿង​​​ប្រទះ​ឃើញ​ឈើ​​គ្រញូង ​ដែលមាន​​មុខ​កាត់​ធំ​ៗ​ជា​​ច្រើនដុំ​បង្កប់​ក្នុង​តួ​សាក់​ស៊ី​កែច្នៃ​​​ក្នុង​ឃ្លុប​សម្រាប់​ដាក់​អីវ៉ាន់​​​​​​ ។ សមត្ថ​កិច្ចឃាត់​ខ្លួន​​​​ជន​​​ទាក់​ទិន​នឹង​បទ​ល្មើស​​​ចំនួន៤​នាក់​​​ក្នុងនោះ​​មាន​ស្រី​​​២នាក់ ​និង​រថយន្ត​​​​កាលពី​​​វេលាម៉ោង​​១១​ព្រឹក​​ថ្ងៃទី២៣​​ សីហា ​​​​រួច​បញ្ជូន​​ទាំង​មនុស្ស​រួម​ទាំង​វត្ថុ​​តាង​ទៅ​ខណ្ឌ​​​រដ្ឋ​បាល​ព្រៃ​ឈើ​​ ដើម្បី​​​​កសាង​​​​សំណុំរឿង​​​​តាមច្បាប់ ​។

មន្ត្រី​ប៉ូលិស​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរយ៉ា​ដាវ​​​​ឱ្យ​ដឹង​ថា ដោយទទួល​ព័ត៌​មាន​ពីប្រទេស​ឡាវ​​ថា ​រថយន្ត​​ដឹក​ភ្ញៀវ​ទេសចរ​​​នោះបង្កប់​ឈើប្រណីត​​នៅឃ្លុប​ដាក់អីវ៉ាន់​​​ចេញ​ពីប្រទេស​​​ឡាវ​តាម​​មាត់ច្រក​​​ដុង​​​ក្រឡ ​ស្ថិត​នៅ​ភូមិ​ខាំ​​ផាន់ ​សង្កាត់​សាមគ្គី​​ ក្រុង​​​​ស្ទឹង​​ត្រែង​ ខេត្ត​ស្ទឹង​ត្រែង​​​​ ឆ្ពោះទៅ​ប្រទេស​​វៀត​ណាម​​ តាមច្រក​​អូរយ៉ាដាវ ​ ទើប​មន្ត្រី​​ប៉ូលិស​​ប្រចាំការ​​​ច្រក​ទ្វារ​​​លោក​កែម ​ស៊ីណា ​​​និង​​លោក​​​ណាំ​​ ប៊ុនវ៉ៃ ​​​ស្ទាក់​ត្រួតពិនិត្យ​​​ និងឆែក​​​ឆេរ​​​រុក​រក​ឈើ​ប្រណីត​​​​​ទាំង​នោះ​នៅក្នុង​ឃ្លុប​​កែច្នៃ​​របស់​​​រថយន្ត​ក្រុង ។

លោក​​ណាំ ប៊ុនវ៉ៃ ​ឱ្យ​​ដឹងថា នៅ​ពេល​​​ត្រួត​ពិនិត្យ​រថយន្ត​នោះ​​ពុំ​ឃើញ​​មាន​​ឈើ​ប្រណីត​​​ផ្ទុក​ក្នុង​រថយ​ន្ត​​ទេ ប៉ុន្តែឃើញ​​ស្នាម​ផ្សារ​ផ្ទាំងដែក​​ពាសបិទ​​​​ខណ្ឌ​​ចន្លោះ​កណ្តាល​​​ឃ្លុប​ដាក់​​អីវ៉ាន់​ ​គួរ​ឱ្យ​សង្ស័យលោក​ក៏យក​ដែក​​ខួង​ទម្លុះ​​ពីក្រោម​ត្រង់​​ចំណុច​ផ្ទាំង​ដែក​ដែលផ្សារ​ជិតមាន​​កំណាត់​​​កាំមីបិទ​ពីខាង​​ក្រៅ​ ស្រាប់​​តែ​មាន​​​កម្ទេច​​​​ឈើ​​ចេញ​​មក​ក្រៅ​​។ ​បន្ទាប់​ពី​មានការ​​សង្ស័យ​​ថា​មាន​បង្កប់​​ឈើ​ប្រណីត​​​កម្លាំង​​សហការ​មាន​ស្ថាប័ន គយ កាំកុងត្រូល​ មន្ត្រី​ច្រកទ្វារ​បាន​​រឹប​អូស​​យករថ​យន្ត​ទៅរក្សាទុក​​នៅ​​ស្នាក់​ការ​ប៉ុស្តិ៍​​​​​ប៉ូលិស​អន្តោប្រវេសន៍​​។

មន្ត្រី​​រូបនោះ​​​បន្ត​ទៀតថា ​​នៅពេល​​ត្រួត​ពិនិត្យ​​ អ្នក​បើក​រថយន្ត​នោះ​​គំរាម​​ថា ​បើ​ធ្វើ​​ឱ្យ​យឺត​​ដំណើរ​​​របស់ពួកគេ​តែកន្លះម៉ោង​ក្រុម​ហ៊ុន​​នឹង​​ប្តឹង​​ភ្លាម ។ បន្ទាប់​មក​មាន​​​វត្ត​មាន​​លោក​រស់​​ សារា៉ា ​ព្រះរាជ​អាជ្ញា​​​រង​អម​សាលា​​ដំបូង​ខេត្ត លោក​ផែន ​ឌីណា ​នាយ​​ការិយាល័យ​កណ្តាល​​នគរ​បាល​​យុត្តិធម៌​​​នៃ​​ស្នង​ការ​​ដ្ឋាន​ខេត្តចូល​រួម ។
លោកវង្ស សុក្រ​សិរី ​​នាយ​ខណ្ឌ នាយ​ផ្នែក​​ នាយ​សង្កាត់​​រដ្ឋបាល​​ព្រៃឈើ​បាន​​ទៅ​​ចូលរួម​សហការឆែក​ឆេរ​​ដោយ​យក​ឧបករណ៍​​សម្រាប់​ផ្សារ​ដែក​​ទៅ​ផ្សារ​ផ្តាច់​​ទម្លុះផ្ទាំង​ដែក​ដែល​ពាស​ជិត​​ហើយ​ប្រទះឃើញ​ដុំ​ឈើ​គ្រញូង​​ផ្ទុក​នៅ​ក្នុង​នោះ​ចំន​ួន​១៤៨​ដុំ ​មាន​មុខ​កាត់ធំៗ​ចាប់​ពី​១០​សង្ទី​ម៉ែត្រ​គុណ​នឹង​៤០​សង្ទី​ម៉ែត្រ​ ប្រវែង​៦០​សង្ទី​ម៉ែត្រ ​ឬ​១០​សង្ទី​ម៉ែត្រ ​គុណ​នឹង​២០​សង្ទី​ម៉ែត្រ ប្រវែង​២​​ម៉ែត្រ ​សរុប​ទម្ងន់​​៤.០៧៣​គីឡូ​ក្រាម​ ស្មើ​នឹង​ជាង​៣​ម៉ែត្រ​គូប ។ ​រថយន្ត​នោះម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ៤៥​កៅអី ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​វៀត​ណាម ៥១B​០១៨៩៧ រប​ស់​ក្រុម​​ហ៊ុន​ទេស​ចរណ៍​វៀត​ណាម​ឈ្មោះ​​ HOANG PHAT។

រថយន្ត​នោះបើ​តាម​ប្រភពព័ត៌​មាន​ដែល​ផ្តល់​​ឱ្យ​មាន​ស្លាក​លេខ​ដល់​ទៅ​ពីរ​សម្រាប់​​​ផ្លាស់​ប្តូរ​គ្នា​។​នៅពេល​ឃាត់​​រថយន្ត​​មួយ​គ្រឿង​​នេះ​​ត្រួត​ពិនិត្យ​​នៅច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ា​ដាវ ក៏​​មាន​​រថយន្ត​​ក្រុង​មួយ​គ្រឿង​ទៀត​​របស់​ក្រុម​​ហ៊ុន​នោះ​បក​ត្រឡប់​​ក្រោយ​ឆ្ពោះ​​​ទៅក្រុង​បាន​លុង​វិញ ​​ហាក់​បីដូចជា​​បញ្ឆោតសមត្ថ​កិច្ច ។ ​នៅពេល​សមត្ថ​កិច្ច​នាំរថយន្ត​នោះ ទៅឆែក​ឆេរ​​នៅស្នង​ការ​ដ្ឋាន​ខេត្ត​ពុំ​មាន​ឃើញ​ផ្ទុក​ឈើ​ដូច​ការ​សង្ស័យ​​​ទេ ​ហើយ​ក៏​ដោះ​លែង​ឱ្យ​ត្រឡប់​ទៅវិញ នៅ​ល្ងាច​ថ្ងៃទិ​២៣ សីហា  ។ ចំពោះ​រថយន្ត​ដែល​ផ្ទុក​​ឈើ​ឃាត់​នៅ​​ច្រក​អូ​រ​យ៉ា​ដាវ​នោះ​ មាន​ដឹក​អ្នក​​ទេស​ចរចំនួន​១៥​នាក់​ រួម​ទាំង​អ្នក​បើក​បរ​​ ។ ក្រោយ​ពី​ត្រួត​ពិនិត្យ​​​​រួ​ច​សមត្ថ​កិច្ច​​ដោះ​លែង​អ្នក​ដំណើរ​ចំនួន​១១​នាក់​ឱ្យ​ទៅ​​ប្រទេស​វៀតណាម ​ចំណែក​៤​នាក់​ និង​វត្ថុ​តាង​​ត្រូវ​​​បញ្ជូន​ទៅ​ខណ្ឌរដ្ឋ​បាល​​ព្រៃ​ឈើ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ។

ជន​ជាតិវៀតណាម​​​ចំនួន​៤​នាក់​ដែល​​ពាក់ព័ន្ធ​​​នឹង​ការដឹកជញ្ជូន​ឈើប្រណីត​​​ប្រភេទ​​គ្រញូង​​​បង្កាប់តាមរថយន្ត​​ក្រុង​​មាន១-​ឈ្មោះ​​ដាវ​យុ ភេទ​ប្រុស អាយុ​៣២ឆ្នាំ ​​២-ឈ្មោះ​កាវ ស៊ីវ៉េ ​ភេទស្រី អាយុ​៣៦ឆ្នាំ ​​៣-ឈ្មោះ​កាវ ជឿង ​ភេទ​ប្រុស ​អាយុ​២២ឆ្នាំ ​៤-ឈ្មោះ​​នឿង ​ធី យានធាន ភេទស្រី អាយុ​២៦ឆ្នាំ ។ ពួកគេ​ទាំង៤នាក់​​ ​រស់​នៅ​​​ប្រទេស​វៀតណាម​ ​​​ធ្លាប់​ធ្វើ​​​សកម្ម​ភាព​ដឹក​ជញ្ជូន​​​ឈើគ្រញូង​​​បង្កប់តាម​​​រ​ថយន្ត​ក្រុង​​ដែល​ភាគច្រើន​​​ដឹក​ជញ្ជូន​ចេញ​ពី​ប្រទេស​​ឡាវ​តាម​ច្រក​ត្រពាំង​​​ក្រៀល​​ឆ្លង​កាត់​​ខេត្ត​​ស្ទឹងត្រែង ​ក្រចេះ ​ទៅប្រទេស​វៀត​ណាម​​តាមច្រក​ទ្វារ​​អន្តរ​ជាតិ​ត្រពាំង​​ស្រែ ​ក្នុង​ឃុំ​​​២ធ្នូ ​ស្រុក​ស្នួល ខេត្ត​​​ក្រចេះ និងឆ្លងកាត់​​ច្រក​ទ្វារ​អូរ​យ៉ាដាវ​ ។ ជន​​​​​​ទាំង​៤​នាក់​ត្រូវ​​បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅកាន់​សាលា​ដំបូង​​​នៅព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ​២០១១ ដើម្បី​ចាត់ការ​​​តាមផ្លូវច្បាប់ ៕