ការបាញ់តគ្នានានាកើតមានកាលពីថ្ងៃទី២៤ សីហា នៅក្រុងទ្រីប៉ូលីរវាងពួកអ្នកស្មោះត្រង់នឹងលោកកាដាហ្វី និងពួកបះបោរដែលតាមប្រមាញ់បណ្តាសាច់ញាតិ និងពួកអ្នកស្មោះត្រង់នឹងមេដឹកនាំលីប៊ី។ នេះជាសេចក្តីរាយការណ៍របស់បណ្តាអ្នកកាសែតរ៉យទ័រ និងទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា។
ការប្រយុទ្ធគ្នាត្រូវបានស្តាប់ឮនាពេលយប់នៅជិតសណ្ឋាគារ CORINTHIA កណ្តាលទីក្រុងទ្រីប៉ូលីដែលនៅទីនោះមានពពកផ្សែងហុងឡើងលើ។ មុននេះពួកបះបោរមួយក្រុមបានចូលក្នុងសណ្ឋាគារនោះ ហើយទាមទារឆែកឆេរតាមបន្ទប់នានាក្រោយពីឮថាមានកូនប្រុសលោកកាដាហ្វីម្នាក់ឈ្មោះសាអាឌី ស្ថិតក្នុងសណ្ឋាគារនេះ។
អ្នកកាសែតបរទេសជាច្រើននាក់បានជាប់នៅក្នុងសណ្ឋាគារ RIXOS រយៈពេលជាច្រើនថ្ងៃក្រោយពេលប្តូរទៅស្នាក់នៅក្នុងសណ្ឋាគារ CORINTHIA ក្រោយការដោះលែងពួកគេកាលពីថ្ងៃទី២៤ សីហា ។ ចំណែកអ្នកកាសែតអីុតាលី៤នាក់ត្រូវចាប់ជាចំណាប់ខ្មាំងនៅតាមផ្លូវភ្ជាប់ពីទីក្រុងហ្សាវីយ៉ាទៅកាន់ទីក្រុងទ្រីប៉ូលី។ ពួកបះបោរនិយាយថា បានចាប់ខ្លួនលោកបាសៀរ សាឡេហ៍ សហការីជិតដិតម្នាក់របស់លោកកាដាហ្វី និងកូនៗរបស់គេ៤នាក់ក្នុងផ្ទះមួយនៅក្រុងទ្រីប៉ូលី។
លោកបាសៀរ សាឡេហ៍ប៉ុនប៉ងលាក់អត្តសញ្ញាណដោយស្លៀកសម្លៀកបំពាក់ដែលនិយមប្រើដោយពួកស៊ូដង់។ ការប្រយុទ្ធគ្នាក៏កើតមានដែរនៅច្រកចូលទាំងឡាយនៃបន្ទាយ BAB AL AZIZIYA ដែលធ្លាក់ក្នុងកណ្តាប់ដៃពួកបះបោរមុននេះ ៕
ចែករំលែកព័តមាននេះ