ខេត្តបាត់ដំបង ៖ បើទោះជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់ ឱ្យក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ចចាត់វិធានការក្តៅចំពោះយានយន្តដែលកែច្នៃខុសបច្ចេកទេសយ៉ាងណាក្តី ក៏គេនៅតែសង្កេតឃើញរថយន្តធុនធ្ងន់របស់ក្រុមហ៊ុនឯកជនមួយចំនួនមិនបានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជានេះទេ ផ្ទុយទៅវិញ ពួកគេហាក់ដូចជាកំពុងតែផ្គើនយ៉ាងខ្លាំងទៅនឹងបទបញ្ជានេះ ដែលរថយន្តខ្លះបែរជាតទ្រុង ឬពង្រីកទ្រុងបន្ថែមទៅវិញ។
ជាក់ស្តែង ដូចជារថយន្តដឹកគោ១គ្រឿង ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3B-3387 បានត្រូវកម្លាំងចរាចរណ៍ខេត្តសហការជាមួយកម្លាំងជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះទៅនាំយកមកកាន់ស្នងការដ្ឋានខេត្តកាលពីល្ងាចថ្ងៃទី២៤ សីហា ខណៈដែលរថយន្តយក្សនេះកំពុងសំងំឱ្យជាងតទ្រុង និងពង្រីកទ្រុងបន្ថែមខុសបច្ចេកទេសក្នុងយានដ្ឋានមួយឈ្មោះ«ជាងធីម» នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
មន្ត្រីនៃមន្ទីរសាធារណការខេត្តនិយាយថា យើងមិនទាន់ដឹងថា តើរថយន្តដឹកគោនោះជារបស់ក្រុមហ៊ុនណាទេ ដែលកំពុងតែសំងំតទ្រុង និងពង្រីកទ្រុងបន្ថែមខុសបច្ចេកទេសនៅក្នុងយានដ្ឋានរបស់ឈ្មោះជាងធីម នៅភូមិអណ្តូងចេញ ដែលជាយានដ្ឋានមួយធ្លាប់ធ្វើកិច្ចសន្យាកន្លងមក ។ មន្ត្រីជំនាញរូបនេះបញ្ជាក់ថា រថយន្តបានតទ្រុងលើសប្រវែង៣តឹក និងបានពង្រីកទ្រុងចេញម្ខាងៗប្រវែង២,៥តឹក ដែលជាការធ្វើខុសបច្ចេកទេស និងល្មើសច្បាប់ទៀត។
លោកអ៊ឹម អង្សា អនុប្រធានការិយាល័យចរាចរណ៍ខេត្ត បានថ្លែងថា ម្ចាស់យានយន្តនេះបានក្រាញមិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការបញ្ជូនរថយន្តខ្លួនមកកាន់ស្នងការដ្ឋានខេត្តទេ គឺបានចំណាយពេលរាប់ម៉ោង ទើបព្រូរថយន្តម្នាក់ព្រមប្រគល់សោឱ្យយើងយករថយន្តនេះមកការិយាល័យជំនាញ ។ លោកអនុប្រធានការិយាល័យរូបនេះបានបញ្ជាក់ថា កន្លងមកយើងធ្លាប់យករថយន្តដែលមានទ្រុងវែងខុសបច្ចេកទេសទៅកាត់នៅយានដ្ឋានរបស់ជាងធីមនេះ ហើយទាំងសមត្ថកិច្ច ទាំងមន្ត្រីសាធារណការខេត្ត ធ្លាប់បានណែនាំ និងចែកឧបសម្ព័ន្ធ ឬច្បាប់ស្តីពីការកែច្នៃយានយន្តដល់ម្ចាស់យានដ្ឋាននេះ ក៏ដូចជាយានដ្ឋានដទៃទៀតដែរ។ ផ្ទុយទៅវិញ ម្ចាស់យានដ្ឋានឈ្មោះជាងធីម នេះ មិនបានគោរពឡើយ ហើយថែមទាំងឃុបឃិតជាមួយម្ចាស់យានយន្តលួចតទ្រុង ឬពង្រីកទ្រុងរថយន្តខុសបច្ចេកទេសទៀត ដូច្នេះបើតាមយោបល់របស់មន្ទីរជំនាញ យានដ្ឋានរបស់ជាងធីម អាចត្រូវបិទការធ្វើអាជីវកម្មតែម្តង ៕
ចែករំលែកព័តមាននេះ