បន្ទាប់ពីបានបរាជ័យក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១២និង២០១៦រួចមក គណៈកម្មាធិការអូឡាំពិកសហរដ្ឋអាមេរិក (USOC) បានសម្រេចចិត្តមិនដាក់ពាក្យសុំចូលដេញថ្លៃជាថ្មីម្តងទៀតសម្រាប់អូឡាំពិកឆ្នាំ២០២០ទេ។ នៅពេលមុននេះនៅសហរដ្ឋអាមេរិកមានទីក្រុងបួនដែលបានបង្ហាញចំណាប់អារម្មណ៍លើការដេញថ្លៃសម្រាប់ព្រឹត្តិការណ៍៤ឆ្នាំម្តងនេះ។ ទីក្រុងទាំងនោះមានដូចជា ក្រុងស៊ីកាហ្គោ ក្រុងដាឡាស ក្រុងញូវយ៉កនិងក្រុងឡាស វេហ្គាស។
ទោះជាយ៉ាងណាគណៈកម្មាធិការអូឡាំពិកអាមេរិកបានសម្រេចចិត្តដកខ្លួនមិនព្រមដើរទៅមុខបន្ត។ ការដកខ្លួននេះត្រូវបានគេមើលឃើញថាបណ្តាលមកពីការចែករំលែកពហុកីឡដ្ឋាន។ តាមសេចក្តីរាយការណ៍ពីប្រភពដែលគួរឲ្យជឿទុកចិត្តបានបញ្ជាក់ថាមានការទាស់ទែងខ្វែងគំនិតគ្នាខ្លាំងមួយលើការចែករំលែកពហុកីឡដ្ឋានប្រកួតគណៈកម្មាធិការអូឡាំពិកអាមេរិកនិងគណៈកម្មាធិការអូឡាំពិកពិភពលោក(IOC)។
នៅក្នុងបទសម្ភាសមួយតាមរយៈទូរស័ព្ទជាមួយកាសែត The New York Timesអ្នកនាំពាក្យរបស់គណៈកម្មាធិការអូឡាំពិកសហរដ្ឋអាមេរិក (USOC) លោកភែតទ្រីក សាន់ដាស្គីបាននិយាយថា ៖ «យើង (USOC) មិនបានជាប់ពាក់ព័ន្ធនៅក្នុងនីតិវិធីនេះទេ។ យើងមិនបានផ្តោតអារម្មណ៍ទៅលើការយល់ឃើញមួយចំនួនចុងក្រោយនេះទេ ដូច្នេះអ្វីដែលសំខាន់គឺយើងចង់ឲ្យទីក្រុងទាំងនេះដឹងថា យើងគ្មានគម្រោងបន្តនីតិវិធីនេះទៀតទេ »។
សហរដ្ឋអាមេរិកបានទទួលបរាជ័យនៅក្នុងការខិតខំចំនួន២លើកចុងក្រោយរបស់ខ្លួន។ កាលដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០១២ក្រុងញូវយ៉កបានជ្រុះតាំងពីជុំទីមកម្ល៉េះ។ ចំណែកទីក្រុងស៊ីកាហ្គោជ្រុះនៅជុំផ្តាច់ព្រ័ត្រដេញថ្លៃអូឡាំពិកឆ្នាំ២០១៦។ វត្តមានចុងក្រោយបំផុតរបស់កីឡាអូឡាំពិករដូវក្តៅនៅលើទឹកដីអាមេរិកគឺនៅឆ្នាំ១៩៩៦។ ពេលនោះទីក្រុងអាត្លង់តាទទួលបានជោគជ័យទាំងស្រុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំក្នុងលោកមួយនេះ ៕
ចែករំលែកព័តមាននេះ