កីឡាករអេស្ប៉ាញចាវគីន រ៉ូឌ្រីហ្គេស អូលីវ័របានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះដំណាក់ទី៥ប្រណាំងកង់នៅលើទឹកដីកំណើតរបស់ខ្លួនកម្មវិធី Tour of Spainកាលពីថ្ងៃពុធ ទី២៤ ខែសីហា កន្លងមកនេះ។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីក្រុង Valdepeñas de Jaén ។
អូលីវ័រ ដែលជាអ្នកជិះកង់ឲ្យក្រុមKatusha Teamបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៨៧គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងSierra Nevadaឆ្ពោះទៅកាន់ទីក្រុងValdepeñas de Jaénប្រទេសអេស្ប៉ាញ ដោយប្រើអស់ថិរវេលា៤ម៉ោង៤២នាទីនិង៥៤វិនាទី យកឈ្នះកីឡាករហូឡង់Wout Poelsជិះឲ្យក្រុម Vacansoleil-DCM Pro Cycling Teamដែលបានប្រើថិរវេលាច្រើនជាង៤វិនាទី និងបានយកឈ្នះកីឡាករមិត្តរួមជាតិខ្លួន Daniel Moreno Fernandezជិះឲ្យក្រុមKatusha Teamដែលបានប្រើថិរវេលាច្រើនជាង៥វិនាទី ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ កីឡាករអូលីវ័របានបញ្ជាក់ថា៖ «នេះជាសមិទ្ធផលដែលសម្រេចបានល្អជាងការរំពឹងទុករបស់ខ្ញុំ ។ ខ្ញុំមិនបានគិតថាខ្ញុំមានកម្លាំងខ្លាំងអាចយកឈ្នះកីឡាករដទៃបានដូច្នេះសោះ។ បន្ទាប់ពីបញ្ចប់ការប្រណាំងក្នុងដំណាក់នេះ គ្រប់ៗគ្នាពិតជាអស់កម្លាំងយ៉ាងខ្លាំង។ ខ្ញុំគិតថា វាល្មមដល់វេនខ្ញុំឈ្នះម្តងហើយ។ នេះគឺជាជ័យជម្នះដ៏រឹងមាំដែលស័ក្តិសមបំផុត»។
ជ័យជម្នះលើកនេះមិនបានជួយឲ្យកីឡាករអូលីវ័រសន្សំពិន្ទុបានគ្រប់គ្រាន់នាំមុខគេនៅលើតារាងថិរវេលាសរុបនោះទេ ដ្បិតកីឡាករបារាំងស៊ីលវ៉ាំង សាវ៉ាណែលដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី៣៧នោះ ធ្វើបានល្អជាងរូបគេ។
ឆ្លងកាត់ការប្រណាំងចំនួន៥ដំណាក់មកនេះ កីឡាករសាវ៉ាណែលបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ១៨ម៉ោង២នាទីនិង៣៤វិនាទី នាំមុខកីឡាករអេស្ប៉ាញ Daniel Moreno Fernandezដែលបានប្រើថិរវេលាច្រើនជាង៩វិនាទី។ ឯកីឡាករអូលីវ័រស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាង២៣វិនាទី ។
សូមបញ្ជាក់ថា ការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់ និងមានចម្ងាយផ្លូវសរុប៣.៣០០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៦ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៨៥,៧គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងÚbedaឆ្ពោះទៅកាន់ទីក្រុងCórdoba ប្រទេសអេស្ប៉ាញ។ គួរសម្គាល់ផងដែរថា ការប្រណាំងលើកទី៦៦ឆ្នាំនេះ ពុំមានវត្តមានចូលរួមពីសំណាក់កីឡាករល្បីឈ្មោះខ្លាំងក្នុងលោកដូចជាអាល់បឺតូ កុងតាឌ័រ កាដែល អេវែន និងកីឡាករបងប្អូនត្រកូល Schleckនោះទេ ៕
ចែករំលែកព័តមាននេះ