លោកជិកមី ឌីនឡេ នាយករដ្ឋមន្ត្រីនៃប្រទេសប៊ូតង់ បានថ្លែងថា លោកមានជំនឿចិត្តថា ការសាកល្បងប្រើប្រាស់របបប្រជាធិបតេយ្យនៅក្នុងប្រទេសប៊ូតង់ គឺជាភាពរីកចម្រើនដ៏ផុយស្រួយ ព្រោះប្រជាធិបតេយ្យជាយុទ្ធសាស្ត្រថ្មីនៅក្នុងប្រទេស លោកមិនប្រាកដក្នុងចិត្តថា ប្រជាធិបតេយ្យនឹងផ្តល់ការអភិវឌ្ឍដល់ប្រទេសប៊ូតង់បានយ៉ាងដូចម្តេចទេ?
ក្រៅពីនេះលោកជិកមី បានថ្លែងបន្តទៀតថា ចំពោះលោកយល់ឃើញថា បច្ចុប្បន្នប៊ូតង់នៅមិនទាន់មានលក្ខណៈប្រជាធិបតេយ្យ ប៉ុន្តែជាប្រទេសប្រជាធិបតេយ្យកើតថ្មី និងប្រសិនបើប្រជាធិបតេយ្យដឹកនាំប្រទេសបានល្អ ប្រហែលជាមិនត្រូវលុបបំបាត់ចោលស្ថាប័នព្រះមហាក្សត្រឡើយ។
របាយការណ៍បញ្ជាក់ថា កាលពីមុននេះក្រោយការបោះឆ្នោតកាលពីឆ្នាំ២០០៨ ដែលគណបក្សបង្រួបបង្រួមប៊ូតង់ របស់លោកជិកមី ឌីនឡេ ទទួលបានជ័យជម្នះដ៏លើសលប់ គេបានប្រកាសយ៉ាងច្បាស់ថា ស្តេចប៊ូតង់ទ្រង់មានឥទ្ធិពលច្រើនជាងរាជវង្សក្នុងប្រទេសផ្សេងៗទៀត ។ ស្របពេលជាមួយគ្នានេះគណបក្សបង្រួបបង្រួមប៊ូតង់បានសម្លឹងឆ្ពោះទៅអនាគតប្រកបដោយភាពជឿជាក់ និងយល់ថា ព្រះមហាក្សត្រជាអ្នកផ្តល់ដំបូន្មានដល់អ្នកដឹកនាំប្រទេស។
ស្ថាប័នរាជវង្សក្នុងប្រទេសប៊ូតង់ ទទួលបានការពេញនិយមពីសំណាក់ប្រជារាស្ត្រនៅក្នុងប្រទេស។ ព្រះមហាក្សត្រជិកមី កេហ្សា ម៉ាំហ្គេល វាំងស៊ុក ដែលទើបរៀបអភិសេកកាលពីពេលថ្មីៗកន្លងមក ទទួលបានការសាទរពីប្រជារាស្ត្រប៊ូតង់ ៕
ចែករំលែកព័តមាននេះ