ខេត្តពោធិ៍សាត់ ៖ ករណីពុលស្រា.សនៅស្រុកវាលវែងស្លាប់៥នាក់ និង៥នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយ ស្រាប់តែថ្ងៃទី២៤ សីហា ក៏ផ្អើលមានអ្នកស្លាប់ម្នាក់ទៀត និង៧នាក់ផ្សេងទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ខណៈដែលករណីពុលស្រានេះ មិនទាន់ត្រូវបានរកឃើញថា ការពុលនេះបណ្តាលមកពីអ្វីឱ្យច្បាស់លាស់នៅឡើយនោះ។
អ្នកស្លាប់ក្រោយនេះឈ្មោះធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ចំណែកអ្នកពុលស្រា៧នាក់ទៀតសុទ្ធតែបុរស៖ ១-ឈ្មោះរ៉ែម កំសត់ អាយុ៣៦ឆ្នាំ ២-ឈ្មោះនឹម ប្រុស អាយុ៣០ឆ្នាំ ៣-ឈ្មោះចុប ចាន់ អាយុ២៦ឆ្នាំ មានទីលំនៅស្រុកបាកាន ៤-ឈ្មោះញង សាន អាយុ៤៤ឆ្នាំ ៥-ឈ្មោះសួន សុផល អាយុ៥៤ឆ្នាំ ៦-ឈ្មោះលី សឿង អាយុ៣៣ឆ្នាំ មានទីលំនៅស្រុកវាលវែង និង៧-ឈ្មោះសេម រិទ្ធ អាយុ២២ឆ្នាំ នៅខេត្តកំពត។ អ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកមកស្នាក់នៅរកស៊ីកាប់ឈើ និងអារឈើឱ្យក្រុមហ៊ុន ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយស្រុកវាលវែង។
ជនរងគ្រោះឈ្មោះនឹម ប្រុស បានប្រាប់កោះសន្តិភាពថា កាលពីយប់ថ្ងៃទី២២ សីហា ប្រពន្ធរបស់គាត់ឈ្មោះអ៊ួច រីម អាយុ៣១ឆ្នាំ បានវិលមុខក្អួត ហើយស្លាប់និងស្មានថា ខ្យល់គរហើយក៏បានរៀបចំធ្វើបុណ្យសពតាមប្រពៃណីដោយមានទិញស្រា.សចំនួន៦លីត្រពីតូបលក់គ្រឿងទេសរបស់ឈ្មោះមុត ចំណាប់ ប្រពន្ធឈ្មោះវ៉ាង នៅអូរតក់ឡក់ ភូមិស្ទឹងថ្មី មកចែកគ្នាផឹកកំដរោងបុណ្យ។ ពេលកំពុងផឹកនោះឈ្មោះសួន សុផល និយាយដោយចម្ងល់ថា ប្រពន្ធរបស់គាត់ឈ្មោះនួន យ៉ុត ឆ្ងល់នឹងនាងរីមដែលមិនឈឺអីសោះ ហេតុអីបានជាស្លាប់ ព្រោះព្រឹកមិញទិញស្រាសពីផ្ទះនាងវ៉ាង ផឹកជាមួយគាត់សោះ។ ចំណែកគាត់នៅធីងធោងនៅឡើយ និងក្អួតចង្អោរល្វើយអស់កម្លាំងក៏ដេកនៅផ្ទះ។ ក្រោយពេលឈ្មោះសួន សុផល និយាយបានមួយសន្ទុះធំស្រាប់តែគេរត់មកប្រាប់ថា ប្រពន្ធគាត់ឈ្មោះនួន យ៉ុត ស្លាប់ទៀតហើយ។ ពេលនោះអ្នកផឹកស្រាសក្នុងរោងបុណ្យចាប់ផ្តើមធីងធោងវិលមុខក្អួតគ្រប់គ្នា ខ្លះកោសខ្យល់ ខ្លះផឹកទឹកក្រូចឆ្មាររហូតដល់ថ្ងៃទី២៣ សីហា ក៏ស្លាប់ឈ្មោះធឿន ម្នាក់ទៀត ។ រីឯ៧នាក់ រួមទាំងរូបគាត់ផងត្រូវបានគេនាំមកពេទ្យខេត្តទាំងអស់គ្នាតែម្តង។
លោកវរសេនីយ៍ត្រីភួង សូឡី អធិការនគរបាលស្រុកវាលវែង បានប្រាប់ថា រហូតមកដល់ថ្ងៃទី២៤ សីហា អ្នកពុលស្រាដែលទិញពីផ្ទះលក់គ្រឿងទេសខាងលើ អ្នកស្លាប់កើនឡើងដល់៦នាក់ហើយ និង១៤នាក់កំពុងដេកពេទ្យ ។ ឯម្នាក់ទៀតឈ្មោះម៉ាំង ហ៊ុម ភេទប្រុស អាយុ៥០ឆ្នាំ មានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ប្រហែលមិនសង្ឃឹមរស់ទេ និងត្រូវបានក្រុមគ្រួសារដឹកយកទៅផ្ទះនៅឯខេត្តកំពតវិញតាំងពីថ្ងៃទី២៣ សីហា ម្ល៉េះ។ លោកអធិការឱ្យដឹងទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះសមត្ថកិច្ចយើងដឹកនាំដោយព្រះរាជអាជ្ញាបានចុះទៅដល់កន្លែងកើតេហតុដកហូតស្រាក្នុងប៊ីដុងដែលមានបញ្ហានេះទុកជាវត្ថុតាងដើម្បីធ្វើកោសល្យវិច័យថាតើការពុលនេះបណ្តាលមកពីបច្ចេកទេសអ្នកបិទស្រាក្នុងភូមិនោះ ឬមួយមកពីអ្វីផ្សេង។ លោកបានបន្តថា យើងបានបញ្ជូនវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តហើយ ប៉ុន្តែដោយសារខេត្តពុំមានឧបករណ៍ធ្វើពិសោធន៍ ទើបត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃទៀត។ ដូច្នេះហើយទើបលទ្ធផលមានការយឺតយ៉ាវរហូតមកដល់ពេលនេះក៏នៅតែមិនដឹងថា ក្នុងស្រានេះមានអ្វីដែលបង្កឱ្យពុលដូច្នេះ៕
ចែករំលែកព័តមាននេះ