ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារបួស​ត្រូវ​​បាន​ចែក​​ជូន​​ដល់​​សាសនិក​​អ៊ិស្លាម​​​411គ្រួសារ

12 ឆ្នាំ មុន

​ខេត្ត​​កំពង់​ចាម​ ៖ កាលពី​​​ថ្ងៃទី​​១៩ សីហា លោក​​ហាប់​​ អូម៉ាលី ​អនុរដ្ឋលេខាធិការ​​​ក្រសួង​អភិវឌ្ឍន៍​​ជនបទ និង​ជា​ទីប្រឹក្សា​​​​លោក​​ងួន ញ៉ិល​ អនុប្រធាន​​​ទី១​រដ្ឋសភា​ បាន​អញ្ជើញ​​ចុះ​​សំណេះ​សំណាល​​​​ជាមួយ​​បងប្អូន​​​សាសនិក​អ៊ិស្លាម​​​នៅ​ ឃុំ​​​ជំនីក​ ស្រុក​​ក្រូចឆ្មារ ​ខេត្ត​កំពង់​ចាម​ ​និង​ឃុំ​​​បឹង​ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ក្នុង​​គោល​

ខេត្ត​​កំពង់​ចាម​ ៖ កាលពី​​​ថ្ងៃទី​​១៩ សីហា  លោក​​ហាប់​​ អូម៉ាលី ​អនុរដ្ឋលេខាធិការ​​​ក្រសួង​អភិវឌ្ឍន៍​​ជនបទ និង​ជា​ទីប្រឹក្សា​​​​លោក​​ងួន ញ៉ិល​ អនុប្រធាន​​​ទី១​រដ្ឋសភា​ បាន​អញ្ជើញ​​ចុះ​​សំណេះ​សំណាល​​​​ជាមួយ​​បងប្អូន​​​សាសនិក​អ៊ិស្លាម​​​នៅ​ឃុំ​​​ជំនីក​ ស្រុក​​ក្រូចឆ្មារ ​ខេត្ត​កំពង់​ចាម​ ​និង​ឃុំ​​​បឹង​ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ក្នុង​​គោល​បំណង​​​ចែកជូន​អាហារបួស​ដល់​​សាសនិក​អ៊ិស្លាម​​​​សម្រាប់​​​​ខែបួស​ឆ្នាំ​២០១១​នេះ ។

លោក​ហាប់​​ អូម៉ាលី មាន​​​ប្រសាសន៍​​​​ថា នៅ​​ព្រះរាជា​​ណាចក្រ​​កម្ពុជា​​​យើង​នេះ ​ប្រជាជន​​ដែល​គោរព​​សាសនា​​​អ៊ិស្លាម​ចាប់​​ផ្តើម​​​​បួស​​រយៈពេល​​​មួយ​ខែ​​ចាប់​ពី​​ថ្ងៃទី​​១​ដល់​​​ទី៣០​ ឬ៣១​ ខែសីហា​ ​ដែល​ជា​ពិធី​​មួយ​មាន​​សារសំខាន់​​ និង​​ចាំបាច់​​បំផុត​​ត្រូវ​តែ​គោរព​​និង​អនុវត្ត​​ឱ្យ​បាន​ហ្មត់ចត់​។ ក្នុង​​ខែនេះ​​ដែរ ​សម្រាប់​​​អ្នក​ដែល​មាន​លទ្ធភាព​​​ឬធូរធារ​​​ប្រាក់​​កាស​ត្រូវតែ​ចែក​​រំលែក​​​​ប្រាក់​​​កាស​​របស់​​​របរ​ទាំង​​នោះ​​ជូន​ដល់​​អ្នក​ក្រីក្រ​​សម្រាប់​​​ធ្វើ​ជា​អាហារ​​ក្នុង​ពេល​​​ស្រាយ​បួស ។​ជាក់​ស្តែង​​​នៅ​កម្ពុជា​យើង ​មាន​​​​សប្បុរសជន​​ជាច្រើន​​ទាំង​ក្នុង​និងក្រៅ​ប្រទេស​​បាន​ចែក​​​រំលែក​​​ទ្រព្យ​​សម្បត្តិ​​របស់​ខ្លួន​ជូន​​ដល់​អ្នក​​​ក្រីក្រ​​ ដើម្បី​បាន​ជាម្ហូប​​សម្រាប់​​ស្រាយ​បួស​រយៈ​ពេល​​មួយខែ​នេះ ។

ក្នុង​នាមរូប​​​​លោក​​ជាសាសនិក​​អ៊ិស្លាម​​មួយ​រូបដែល​បានទទួល​អាហារបួស​មួយ​ចំនួន​​ពីមិត្ត​ភក្តិ​​​នៅ​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​​អូស្ត្រាលី អង់​គ្លេស​ជាដើម ​ក៏បាន​ផ្តល់​​ជូន​ដល់​បងប្អូន​​សាស​និក​​​អ៊ិស្លាម​​នៅ​​កម្ពុជា​​ដែល​ជាការ​​រួម​ចំណែក​​​ក្នុង​ការ​​​អភិវឌ្ឍ​​សហគមន៍​​​អ៊ិស្លាម​ និង​​ចូលរួម​កាត់​បន្ថយ​​​ភាព​ក្រីក្រ​​នៅកម្ពុជា​​​ស្រប​ទៅ​​តាមគោល​​​​នយោ​បាយ​​​របស់​​​រាជរដ្ឋា​ភិបាល​​​កម្ពុជា​​ ។ ក្នុង​ឆ្នាំ​​២០១១​នេះ ​លោក​បាន​ទទួល​​អាហារ​​​​បួស​ពី​​មិត្ត​ភក្តិ​នៅប្រទេសអូស្ត្រាលី​​ និង​អង់​គ្លេស​​​ហើយ​បាន​​ចែក​​ជូន​​អាហារ​​បួស​​​នេះ​ដល់​​បងប្អូន​​​សាស​និក​​អ៊ិស្លាម​​​សរុប​​​ចំនួន​​៤១១​គ្រួសារ ក្នុង​​​នោះ​​មាន​នៅ​​ខេត្ត​កំពង់​ធំ​ ខេត្ត​កណ្តាល​ បាត់​ដំបង​ និង​រាជធានី​ភ្នំពេញ​ និង​​ផ្តល់​​​​ជូន​​វិហារ​​​អ៊ិ​ស្លាម​ ចំនួន​​​៥​ផងដែរ។ ​កញ្ចប់​​អាហារ​បួសដែល​​​បាន​​ផ្តល់​​​ជូន​គ្រួសារ​ក្រីក្រ​​រួម​មាន ​​ស្ករស​ ទឹក​​ក្រូច​​ ទឹក​​ស៊ីរ៉ូ​ ទឹក​​ដោះគោ ត្រីខកំប៉ុង​ តែ និង​មីកញ្ចប់​។  ដោយ​​​ឡែក​​សម្រាប់​​​​វិហារ​​អ៊ិស្លាម​​​​ទាំង​៥​រួម​មាន​ ស្ករស​​ ទឹក​ក្រូច ទឹក​​ស៊ីរ៉ូ ទឹក​ដោះគោ ត្រីខ​កំប៉ុង​ ​តែ​ មី​កញ្ចប់​ និងថវិកា​មួយចំនួនដែរ ។ ​ទាំង​​​​អស់​នេះ​​គឺ​​ជាអំណោយ​​របស់​​សប្បុរសជន​​នៅ​ប្រទេស​​​​អូស្ត្រាលី​ ដែល​ផ្តល់​​ជូន​ដល់​សាស​និក​អ៊ិស្លាម​​នៅ​​កម្ពុជា​​ដើម្បី​​​យកមក​​ធ្វើ​ជា​អាហារ​​​សម្រាប់​​ទទួល​ទាន​ពេល​ស្រាយបួស ។

លោក​​​​ហាប់ អូម៉ាលី ក្នុង​នាម​​​ប្រជាជន​​ខ្មែរ​ អ៊ិស្លាម​​​​នៅ​កម្ពុជា ​​​សូម​​ថ្លែង​អំណរគុណ​​​ដល់​​​​សប្បុរសជន​​នៅ​ប្រទេស​អូស្ត្រាលី​​​ ដែល​​បានចូល​​​រួម​ចំណែក​​ជាមួយ​រាជរដ្ឋា​ភិបាល​​កម្ពុជា​ ក្នុង​ការ​​កាត់​បន្ថយ​​​ភាព​ក្រីក្រ​ ​​​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​ការ​លើក​កម្ពស់​​​ជីវភាព​រស់​នៅ​របស់​ប្រជាជន​​កម្ពុជា​​ ទាំងការ​ងារសាសនា​​ក៏ដូច​ជាការ​​កសាង​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​នានា​​ដូចជា​អណ្តូង​ទឹក​ស្អាត​ និង​បង្គន់​អនាម័យជាដើម​ ៕