ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ទទួលថវិកា​ជាង​៦​ម៉ឺន​ដុល្លារ​សម្រាប់​ចូលរួម​សម្រាល​បន្ទុក​ពលរដ្ឋ​រង​គ្រោះ​ក្នុង​ជម្លោះ​តាម​ព្រំដែន និង​កងទ័ព​ជួរ​មុខ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ជា​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ បាន​រួម​គ្នា​បរិច្ចាគ​ជា​ថវិកា ព្រមទាំង​សម្ភារ​សុខាភិបាល​ក្នុង «​មូលនិធិ​គាំទ្រ​កងទ័ព​ជួរ​មុខ​…

រាជធានី​ភ្នំពេញ​ ៖ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ជា​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ បាន​រួម​គ្នា​បរិច្ចាគ​ជា​ថវិកា ព្រមទាំង​សម្ភារ​សុខាភិបាល​ក្នុង «​មូលនិធិ​គាំទ្រ​កងទ័ព​ជួរ​មុខ​ និង​ប្រជាជន​ជម្លៀស​ពី​លំនៅ​ដ្ឋា​ន​» ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ដល់​បងប្អូន​ជនភៀសសឹក និង​យោធិន​ដែល​កំពុង​ឈរជើង​នៅ​សមរភូមិ​មុខ​ទទួល​បាន​​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ ​និង​សម្ភារ​សុខាភិបាល​៦​កេស​ ។

តាម​រយៈ​ការ​ចូលរួម​របស់​គ្រឹះស្ថាន​សមាជិកបុគ្គលិក​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​សាធារណៈ​ជន មូលនិធិ​របស់​សមាគម​បាន​ទទួល​បាន​ថវិកា​បរិច្ចាគ​សរុប​ចំនួន​៦៦ ៤៤៧,៧១​ដុល្លារ​អា​មេ​រិច (​ប្រាំមួយ​ម៉ឺន​ប្រាំមួយ​ពាន់​បួន​រយ​សែសិប​ប្រាំពីរ​ដុល្លា​និង​ចិតសិប​មួយ​សេន​) និង​សម្ភារៈ​សុខាភិបាល​ចំនួន​៦​កេស​ ។

មូលនិធិ​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ រួមសុខទុក្ខ​ជាមួយ​កងទ័ព និង​ប្រជាជន​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​។ សមាគម​បាន​បរិច្ចាគ​ថវិកា​ពី​ក្នុង​មូលនិធិ​ចំនួន ១៣ ០០០​ដុល្លារ​អា​មេ​រិ​ក ជូន​ដល់​ការ​ផ្តួចផ្តើម​សាងសង់​ផ្ទះ​ជូន​ក្រុម​គ្រួសារ​របស់​យោធិន​ពលី របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត​។ ថវិកា​ចំនួន១៥០០០​ដុល្លារ​អា​មេ​រិ​ក​ទៀត សមាគម​បាន​បរិច្ចាគ​ជូន​មូលនិធិ​ព្រំដែន​របស់​ធនាគារជាតិ​នៃកម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​យោធិន​ពលី​ ។ សម្រាប់​មូលនិធិ​ដែល​នៅ​សល់ សមាគម​បាន​ប្រើប្រាស់​សម្រាប់​ទិញ​ស្បៀង និង​បរិច្ចាគ​ជា​ថវិកា​ជូន​ដល់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ រដ្ឋបាល​ខេត្តព្រះវិហារ និង​កងពលធំ​អន្តរាគមន៍​លេខ​៣ នៃ​ខេត្តព្រះវិហារ​ក្នុង​បរិមាណ​គិត​ជា​ទឹកប្រាក់​ស្មើគ្នា រួម​ទាំង​សម្ភារៈ​សុខាភិបាល​ទទួល​បាន​ពី​ការ​បរិច្ចាគ​ផង​ដែរ​ ។

ពិធី​ប្រគល់​ និង​ទទួល​អំណោយ​ដែល​ធ្វើ​ឡើង​នៅ​បី​ទីតាំង​ផ្សេង​ៗ​គ្នា​ចាប់ពី​ថ្ងៃ​ទី​0១ ដល់ទី​0៣ ខែតុលា ឆ្នាំ​២០២៥ មានការ​ចូលរួម​ពី​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ត​មាន​ជ័យ ឯកឧត្តម គី​ម រិ​ទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការ​រង​កងពលធំ​អន្តរ​គម​ន៍​លេខ​៣ នៃ​ខេត្តព្រះវិហារ លោក​​ជំទាវ ឌិ​ត នី​តា ប្រធាន​ក្រុមប្រឹក្សាភិ​បាល​សមាគម​មីក្រូហិរញ្ញវត្ថុ តំណាង​គ្រឹះស្ថាន​សមាជិក និង​ក្រុមការងារ​សមាគម​។ ក្នុង​ពិធី​នេះ ក៏​មានការ​ចូលរួម​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ​ដែល​តំណាង​ដោយ​អ្នកស្រី ផល ឆា​មល៍ ធានី អគ្គលេខាធិការ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ក្រុមការងារ​របស់​សមាគម ដោយ​បាន​នាំ​យក​អំណោយ​ជា​ស្បៀង អាវ​ភ្លៀង និង​អង្រឹង​ជូន​ដល់​អាជ្ញាធរ​ទាំង​បី​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​និង​ទទួល​អំណោយ លោក​ជំទាវ ឌិ​ត នី​តា បាន​សង្កត់ធ្ងន់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សមាគម ក៏​ដូច​ជា​វិស័យ​ទាំងមូល​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​សម្រាល​បន្ទុក​របស់​រាជរដ្ឋា​ភិ​បាល និង​អនុវត្ត​វិធានការ សេចក្តីណែនាំ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋា​ភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា រួម​ទាំង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ដើម្បី​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ បងប្អូន​ពលករ​ដែល​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ កងទ័ព​កំពុង​ប្រតិបត្តិការ​នៅ​សមរភូមិ​មុខ និង​យោធិន​រង​របួស​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ​។ លោក​ជំទាវ​បាន​បន្ថែម​ថា លើស​ពី​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​សមាជិក​របស់​សមាគម​ទាំង​ពីរ ក៏​បាន​លុប​បំណុល​ទាំងស្រុង​ជូន​ដល់​ក្រុម​គ្រួសារ​យោធិន​ពលី​ថែម​ទៀត​ផង​។

លោក​ជំទាវ ឌិ​ត នី​តា បាន​មាន​ប្រសាសន៍​ថា​៖ «​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​តាម​រយៈ​ការ​ផ្តល់​ដើមទុន​ដែល​មាន​អត្រា​ការ​ប្រាក់​សមរម្យ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​បាន​និង​កំពុង​ប្រឹងប្រែង​ពង្រឹង​វិស័យ​របស់​យើង​តាម​រយៈ​ការ​ដាក់​ចេញ​វិធានការ​ជា​ច្រើន រួម​ទាំង​ការ​កិច្ចសន្យា​ឥណទាន​ដែល​មាន​លក្ខណៈ​ស្តង់ដារ មាន​ភាព​សាមញ្ញ និង​តម្លាភាព ការ​ពង្រឹង​កិច្ច​ការពារ​អតិថិជន ដើម្បី​ជួយ​ឱ្យ​វិស័យ​រីក​ចម្រើន​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​និរន្តរភាព​»​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​ក៏​បាន​ចុះ​ជួប​ប្រធាន​សាខា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​មាន​ប្រតិបត្តិការ​ក្នុង​ខេត្តបន្ទាយមានជ័យ ឧត្ត​មាន​ជ័យ​និង ព្រះ​វិហារ ដើម្បី​ស្វែង​យល់​ពី​ផល​ប៉ះពាល់ បញ្ហា​ប្រឈម តម្រូវការ និង​សំ​ណូ​នានា​របស់​គ្រឹះស្ថាន​និង​អតិថិជន​។ ហើយ​លោក​ជំទាវ ក៏​បាន​សង្កត់ធ្ងន់​នូវ​ភាព​ចាំបាច់​ក្នុង​រក្សា​ឱ្យ​បាន​នូវ​ក្រមសីលធម៌​វិ​ជ្ចា​ជីវៈ និង​កិច្ច​ការពារ​អតិថិជន​ដើម្បី​ធានា​បាន​នូវ​និរន្ត​ភាព​របស់​វិស័យ​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​គ្រឹះស្ថាន​សមាជិក​ប្តេជ្ញា​ចូលរួម​ឱ្យ​អស់ពី​ព​លទ្ធភាព គាំទ្រ​កង​ទ័ព​កម្ពុជា​ក្នុង​បេស​កម្ម​ការពារ​បូរណភាព​ទឹកដី និង​សម្រាល​បន្ទុក​ដល់​បងប្អូន​ជនភៀសសឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ