រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានកម្ចីសម្បទានសម្រាប់គម្រោងកែលំអ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅភាគបស្ចិមនៃបឹងទន្លេសាប និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបំពាក់បរិក្ខារមន្ទីរពិសោធន៍របស់ដេប៉ាតឺម៉ង់ធនធានរ៉ែ និងភូគព្ភសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានចុះហត្ថលេខាដោយលោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស៊ុហ្ស៊ីគី យ៉ាស៊ូជីរ៉ូ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ ពិធីនេះនឹងធ្វើឡើងបន្ទាប់ពីពិធីចុះហត្ថលេខាលើលិខិតប្តូរសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានទាំងពីរនេះត្រូវប្រារព្ធឡើងទៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង៤រសៀលគម្រោងកែលំអ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅភាគបស្ចិមនៃបឹងទន្លេសាប ជាគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការកម្ចីសម្បទានដែលមានទឹកប្រាក់ចំនួន៤.២៦៩លានយ៉េន ប្រហាក់ប្រហែលនឹង៥៣,៣លានដុល្លារអាមេរិក មានអត្រាការប្រាក់០,០១ភាគរយ រយៈពេលសង៤០ឆ្នាំ និងរយៈពេលសងដំបួង(តែអត្រាការប្រាក់រយៈពេល១០ឆ្នាំ)។ គម្រោងនេះនឹងជួយដល់ការស្តារ និងថែទាំបរិក្ខារធារាសាស្ត្រក្នុងតំបន់កសិកម្មសំខាន់ៗចំនួន៦របស់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងនៃភាគបស្ចិមបឹងទន្លេសាប។ គម្រោងនេះនឹងជួយធានាដល់ការផ្គត់ផ្គង់ទឹកយ៉ាងទៀងទាត់សម្រាប់កសិកម្ម ដែលនឹងជួយដល់ការបង្កើត និងពង្រឹងសហគមន៍អ្នកប្រើប្រាស់ទឹក និងការផ្តល់បច្ចេកទេសកសិកម្មដើម្បីពង្រឹងផលិតភាពផ្នែកកសិកម្ម និងលើកកម្ពស់ជីវភាពកសិករនៅក្នុងតំបន់គោលដៅ។
ហិរញ្ញប្បទានពីគម្រោងនេះនឹងត្រូវបានគេប្រើប្រាស់សម្រាប់ការងារសំណង់និងជួសជុលប្រព័ន្ធធារាសាស្ត្រ ការទិញឧបករណ៍បរិក្ខារផ្សេងៗ និងសេវាកម្មប្រឹក្សាយោបល់។ នៅក្នុងវិស័យធារាសាស្ត្រ ជប៉ុនបានផ្តល់ការសហការជាច្រើនសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រតាមរយៈគម្រោងហិរញ្ញប្បទានឥតសំណង និងផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសតាមរយៈការសហការជាមួយនឹងមជ្ឈមណ្ឌលសេវាកម្មបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងសមត្ថភាពនិងអភិវឌ្ឍធនធានមនុស្សរបស់ស្ថាប័ន និងវិស្វករធារាសាស្ត្រ។ ជាមួយគ្នានេះនៅក្នុងវិស័យកសិកម្ម ជប៉ុនក៏បាននិងកំពុងជួយដល់កម្ពុជាផងដែរនូវការពង្រឹងសមត្ថភាពបច្ចេកទេសកសិកម្ម និងដាំដុះ។ គម្រោងថ្មីដែលត្រូវចុះហត្ថលេខានៅថ្ងៃទី២៣ ខែសីហា គឺប្រើប្រាស់ក្នុងលក្ខណៈគួបផ្សំនូវបទពិសោធន៍ និងសមិទ្ធផលទាំងឡាយដែលទទួលបានពីកិច្ចសហការពីមុនមករវាងកម្ពុជា និងជប៉ុន ដើម្បីសម្រេចឱ្យបាននូវលទ្ធផលសម្រាប់ការអភិវឌ្ឍមួយដែលប្រកបដោយសង្គតិភាពសម្រាប់កម្ពុជា។
ដោយឡែក គម្រោងបំពាក់បរិក្ខារមន្ទីរពិសោធន៍សម្រាប់ដេប៉ាតឺម៉ង់ធនធានរ៉ែ និងភូគព្ភសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានទឹកប្រាក់ចំនួន៥៥,៧លានយ៉េនប្រហាក់ប្រហែលនឹង៧សែនដុល្លារអាមេរិក ជាហិរញ្ញប្បទានឥតសំណង។ គម្រោងនេះនឹងបម្រើឱ្យការបំពាក់បរិក្ខារដល់មន្ទីរពិសោធន៍ដេប៉ាតឺម៉ង់ធនធានរ៉ែ និងភូគព្ភសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គម្រោងនេះ នឹងជួយពង្រឹងគុណភាពបណ្តុះបណ្តាលរបស់វិទ្យាស្ថាន តាមរយៈការពង្រឹងជំនាញរបស់និស្សិត ជាមួយនឹងការអនុវត្ត និងការធ្វើពិសោធជាក់ស្តែង ៕
ចែករំលែកព័តមាននេះ