ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី២០ សីហា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមានទទួលយុវជនយុវនារីក្រីក្រចំនួន៦០នាក់មកពីបណ្តាភូមិស្រុកនានា ក្នុងខេត្ត មកបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ។ វគ្គបណ្តុះបណ្តាលនេះ គឺគោលបំណងស្ថាបនា និងលើកកម្ពស់វិស័យសេដ្ឋកិច្ចដែលអាចជួយកាត់បន្ថយភាព
ក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពសំបូរសប្បាយឡើង ។
លោកវណ្ណ មនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ខែចាប់ផ្តើមនៅខែសីហានឹងបញ្ចប់នៅខែធ្នូ ២០១១។ យុវជនយុវនារីទាំង៦០នាក់ដែលមកទទួលការបណ្តុះបណ្តាលនេះ មានយុវជនចំនួន៣៥នាក់យុវនារីចំនួន២៥នាក់ ហើយបែងចែកចេញជាបីជំនាញ ក្នុងនោះមានជំនាញផ្នែកកុំព្យូទ័រចំនួន២០នាក់ជំនាញជួសជុលម៉ូតូចំនួន២០នាក់ និងជំនាញកាត់ដេរ និងសំអាងការចំនួន២០នាក់។ យុវជនយុវនារីទាំងអស់សុទ្ធសឹងតែជាកូនកសិករនៅតាមមួលដ្ឋានភូមិស្រុកក្នុងខេត្តដែលគ្រួសារមានជីវភាពក្រីក្រ ហើយមជ្ឈមណ្ឌលជួយឧបត្ថម្ភ និងបណ្តុះបណ្តាលពួកគេដោយឥតបង់ថ្លៃ និងរៀបចំឱ្យមានកន្លែងស្នាក់នៅបានស្រួលបួលថែមទៀតផង។
លោកស្រីគង់ ស៊ីផា អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់មន្ទីរការងារ ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានខិតខំពុះពារគ្រប់បែបយ៉ាងដើម្បីជួយបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈដល់យុវជនយុវនារីយើងទាំង៦០នាក់នេះឱ្យមានជំនាញសម្រាប់យកទៅប្រកបអាជីវកម្មជួយលើកស្ទួយសេដ្ឋកិច្ច
គ្រួសារ ។ ជាមួយនេះយុវជនយុវនារីយើងក៏អាចចៀសផុតពីការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅស្រុក ដែលនាំឱ្យជួបនូវការលំបាក ជាពិសេសទៅទៀតនោះគឺអាចចៀសផុតពីគ្រឿងញៀន។
លោកស្រីអភិបាលរងខេត្ត បានផ្តាំផ្ញើដល់យុវជន និងយុវនារីត្រូវខិតខំព្យាយាមរៀនសូត្រ និងគោរពតាមបទបញ្ជារបស់មជ្ឈមណ្ឌលដើម្បីសិក្សាយកចំណេះដឹងទាំងនោះឱ្យទទួលបានបច្ចេកទេសមួយប្រកបដោយភាពប៉ិនប្រសប់ និងយកទៅបង្ហាត់បង្រៀនដល់យុវជន និងយុវនារីនៅតាមមូលដ្ឋានបន្តទៀត ដើម្បីឱ្យមានការងារធ្វើគ្រប់ៗគ្នា៕
ចែករំលែកព័តមាននេះ