យោងទៅតាមប្រភពព័ត៌មានស៊ីអិន អិន ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ សីហា ឆ្នាំ២០១១ បានឱ្យដឹងថា ៖ ក្លឹប Man City ដែលបានព្យាយាមតាមប្រមាញ់ទិញកីឡាករណាស្រ៊ី ពីក្លឹបកាំភ្លើងធំ Arsenal បានទទួលជោគជ័យហើយ បើទោះជាកីឡាករខ្សែបម្រើវ័យក្មេងរូបនេះនៅជាប់ជំពាក់កុងត្រាជាមួយក្លឹប Arsenal មួយឆ្នាំទៀតក៏ដោយ ។
នៅលើគេហទំព័ររបស់ក្លឹប Arsenal បានបង្ហាញថា ៖ ភាពស្ទាក់ស្ទើររបស់លោកអាសេន វែងហ្គី ក្នុងការលក់កីឡាករណាស្រ៊ី បានឈានចូលមកដល់ទីបញ្ចប់ហើយពីព្រោះក្លឹបបានសម្រេចលក់កីឡាករបារាំងវ័យ២៤ឆ្នាំរូបនេះទៅឱ្យក្លឹបអ្នកមានថ្មី Man City ។ ទោះបីជាយ៉ាងណាក្តី គេហទំព័រនោះមិនបានបង្ហាញពីរយៈពេលកុងត្រា និងតម្លៃខ្លួនឱ្យបានដឹងច្បាស់លាស់នោះទេ ក៏ប៉ុន្តែត្រូវបានគេជឿជាក់ថាតម្លៃខ្លួនរបស់កីឡាករឆ្នើមមិនទាបជាង៣០លានដុល្លារនោះទេ។
ជាមួយនឹងព័ត៌មានចាកចេញរបស់កីឡាករណាស្រ៊ី មិត្តរួមក្រុម Fabregas ដែលទើបតែផ្លាស់ទៅលេងឱ្យក្លឹប Barcelona បញ្ចេញទស្សនថា ៖ កីឡាករណាស្រ៊ី នឹងមានអនាគតល្អនៅក្នុងក្លឹប Man City ជាជាងនៅជាមួយក្លឹប Arsenal ។
គួររំលឹកដែរថា កីឡាករណាស្រ៊ី បានចូលមកលេងឱ្យក្លឹប Arsenal តាំងពីឆ្នាំ២០០៨ ដោយបង្ហាញវត្តមាន៨៦លើក និងស៊ុតបាល់បាន១៨គ្រាប់ ។ ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិវិញ កីឡាករណាស្រ៊ី ទើបតែស៊ុតបាល់បាន២គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញវត្តមានចំនួន២៣លើក៕
ចែករំលែកព័តមាននេះ