រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ១៥១គ្រួសាររស់នៅក្នុងប្លុកបុរីប៉េងហ៊ួត ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននាំគ្នាធ្វើកូដកម្មដុតកង់រថយន្ត នៅមុខបុរីនាព្រឹកថ្ងៃទី២៣ សីហា ២០១១ ក្នុងគោលបំណងតវ៉ាមិនឱ្យម្ចាស់ការដ្ឋានសំណង់វិមានសុភមង្គល វាយរបងថ្មការពារក្នុងបុរី ដើម្បីបើកច្រកចេញ-ចូលតាមបុរីប៉េងហ៊ួត ឡើយ។
ក្រុមប្រជាពលរដ្ឋបានថ្លែងថា ការហាមឃាត់មិនឱ្យម្ចាស់សំណង់វិមានសុភមង្គលបើកច្រកចេញ-ចូលតាមបុរី គឺក្នុងគោលបំណងការពារសុវត្ថិភាពក្នុងបុរី ពេលយប់ព្រលប់ ។ ម្យ៉ាងទៀត ដោយសារប្រជាពលរដ្ឋបាននាំគ្នាមកទិញលំនៅឋានក្នុងបុុរីប៉េងហ៊ួត រស់នៅមុនពេលការដ្ឋានសំណង់អគារវិមានសុភមង្គលចាប់ផ្តើមសាងសង់ឡើង ។ ចំពោះបញ្ហានេះ ក្រុមប្រជាពលរដ្ឋបានជំទាស់ដាច់អហង្ការមិនឱ្យម្ចាស់សំណង់វិមានសុភមង្គលវាយរបងបើកផ្លូវចេញ-ចូលតាមបុរីបានឡើយ។ បើម្ចាស់វិមានសុភមង្គលនៅតែបន្តអនុវត្តសកម្មភាពវាយរបងបុរីតាមអំពើចិត្ត ពួកគាត់គំរាមប្រើអំពើហិង្សាទប់ទល់ជាមួយសកម្មភាពរបស់ម្ចាស់វិមានសុភមង្គលនេះហើយ។
គួរបញ្ជាក់ថា ការដែលប្រជាពពលរដ្ឋស្រុុះគ្នាចេញមុខតវ៉ាប្រឆាំងនឹងសកម្មភាពវាយរបងខាងលើនេះ គឺដោយសារតែម្ចាស់វិមានសុភមង្គលឈ្មោះវ៉េង តិចឡា បានបញ្ជាកម្មករវាយរបងថ្មបុរីប៉េង ហ៊ួត អស់មួយផ្ទាំងទំហំ២ម៉ែត្រ រួចទៅហើយ។ ជាងនេះទៅទៀត ក៏មានការវាយបំបាក់ចំរឹងដែករបងថ្មបាក់អស់៥ចន្លោះផងដែរ។
ជុំវិញបាតុភាពខាងលើនេះ លោកហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានចុះធ្វើអន្តរាគមន៍ដាក់ភាគីទាំងសងខាងឱ្យទៅរកវិធីដោះស្រាយគ្នា ដោយសន្តិវិធីកុំឱ្យមានប្រើអំពើហិង្សាលើគ្នាទៅវិញទៅមក៕
ចែករំលែកព័តមាននេះ