ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ចាត់​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ និង​មាន​​ភាព​ធន់ ដោយ​តម្កល់​ផលប្រយោជន៍​ប្រជា​ជន​ជា​ស្នូល

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ និង​មាន​ភាព​ធន់ ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាជន​ជា​ស្នូល ។ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ និង​មាន​ភាព​ធន់ ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាជន​ជា​ស្នូល ។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០២៦ នេះ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម ត្រឹ​ន កឹ​ម​ទូ (Trần Cẩm Tú) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​សមាជិក​ប្រចាំការ​នៃ​គណៈ​លេខាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ស្មារតី​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ​បន្ថែម​ទៀត ។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា នៅ​ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​រិះរក​យន្តការ​ជាក់ស្តែង​ថ្មី​ៗ ដើម្បី​ផលប្រយោជន៍​ជា​អតិបរមា​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។ នៅ​ក្នុង​ជំនួប​ដ៏​មាន​សារសំខាន់​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​មតិយោបល់​គ្នា​ទៅ​វិញ​មក លើ​ការ​ស្វែងរក​យន្តការ​ជាក់ស្តែង​រួម​ថ្មី​ៗ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី​ឱ្យ​សម្រេច​បាន​ដល់​២០​ពាន់​លាន​ដុល្លារ​នា​ពេល​ខាង​មុខ ។

បន្ថែម​លើ​នេះ ភាគី​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​ក្នុង​ការ​ត្រៀម​រៀបចំ​ព្រឹត្តិ ការណ៍ និង​កម្មវិធី​រួម​គ្នា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ផងដែរ​។ ជាមួយ​គ្នា​នេះ សម្តេច​រដ្ឋសភាធិបតី ក៏​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​មហា​សន្និបាត​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ទើប​បញ្ចប់​កាលពី​ខែមករា ឆ្នាំ​២០២៦​កន្លង​ទៅ ។

សម្តេច​បាន​កត់សម្គាល់​ដោយ​ក្តី​រីករាយ​ចំពោះ​ការ​កើនឡើង​នៃ​តួលេខ​ស្ត្រី​ក្នុង​រដ្ឋសភា​វៀតណាម​ក្នុង​នីតិកាល​ទី​១៦​នេះ រហូត​ដល់​ជាង​៣៥% ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្ត​ទុក ដាក់​ខ្ពស់​លើ​សមភាព​យេ​ន​ឌ័​រ ។ ជាមួយ​គ្នា​នេះ សម្តេច​ប្រធាន​បាន​សង្កត់ធ្ងន់​ថា ក្រោម​មគ្គទេសក៍​ដឹកនាំ​របស់​ឯកឧត្តម តូ ឡាំ (Tô Lâm) អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​មាន​សន្ទុះ​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា វិ​វត្ត​ខ្លួន​ជា «​មហាអំណាច​កណ្តាល​»​ដ៏​លេចធ្លោ និង​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៤៥​ខាង​មុខ ។

ពាក់ព័ន្ធ​នឹង​សភាពការណ៍​ក្នុង​ប្រទេស សម្តេច​រដ្ឋសភាធិបតី​បាន​ជម្រាប​ជូន​ប្រតិភូ​ថា កម្ពុជា​​កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​កសាង​សេដ្ឋកិច្ចជាតិ​ឱ្យ​រឹង​មាំ ធន់ និង​មាន​សាមគ្គីភាព​ជា​ធ្លុង​មួយ ។
កម្ពុជា​នៅ​តែ​បន្ត​អនុវត្ត​តាម​ចក្ខុវិស័យ​ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​បច្ចុប្បន្ន ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាង​មុខ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ត្រឹ​ន កឹ​ម​ទូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា​នូវ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​នាំ​ប្រទេស និង​ប្រជាជន​កម្ពុជា ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។

ឯកឧត្តម ត្រឹ​ន កឹ​ម​ទូ ក៏​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​ផ្នែក​នយោបាយ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្រប់​កម្រិត ព្រមទាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម អប់រំ វិនិយោគ ទេសចរណ៍ និង​ការ​ធានា​សន្តិសុខ​តាម​ព្រំដែន ដោយ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​។​

ក្នុង​ក្រប​ខណ្ឌ​រដ្ឋសភា ភាគី​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​អនុវត្ត​អនុស្សរណៈ​នៃ​យោគយល់ (MoU) ដែល​មាន​ស្រាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​, គណៈកម្មការ​ជំនាញ​, ក្រុម​មិត្តភាព​សភា ,​ក្រុម​សមាជិក​សភា​ស្ត្រី ,​ក្រុម​សមាជិក​សភា​វ័យក្មេង និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​។

បន្ថែម​លើ​នេះ ភាគី​ទាំង​ពីរ​នឹង​បន្ត​ចែករំលែក​បទ​ពិសោធន៍​លើ​ការងារ​នីតិកម្ម ការងារ​កែទម្រង់​ស្ថាប័ន និង​ការ​ធ្វើ​ទំនើប​កម្ម​ទៅ​ជា​សភា​ឌី​ជី​ថ​ល ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​រួមចំណែក​ដល់​សុខ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ