អត្តពលិកអាហ្វ្រិកខាងត្បូងMbulaeni Mulaudziនឹងមិនចូលប្រកួតការពារជើងឯករត់ប្រណាំងចម្ងាយ៨០០ម៉ែត្ររបស់ខ្លួននៅក្នុងកម្មវិធីប្រកួតកីឡាអត្តពលកម្មពិភពលោក World Championshipsនៅក្រុងឌែរហ្គូ ប្រទេសកូរ៉េខាងត្បូងចុងខែនេះទេ។ Mulaudziបាននិយាយថាបញ្ហាសរសៃពួរគន្លាក់ជើងបានធ្វើឲ្យរូបគេជួបនឹងការឈឺចាប់ស្ទើរពេញមួយរដូវកាលនេះទៅហើយ។ ក្នុងពេលនេះ របួសនេះបានធ្វើទុក្ខដល់រូបគេកាន់តែខ្លាំងឡើងៗ។
តាមរយៈទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី Mulaudzi បានបញ្ជាក់ថា៖«ខ្ញុំចាំបាច់ត្រូវតែយកចិត្តទុកដាក់ព្យាបាលរបួសនេះដោយហ្មត់ចត់ដើម្បីត្រៀមខ្លួនចូលប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០១២នៅទីក្រុងឡុងដ៍។ Mulaudzi ដែលបច្ចុប្បន្នមានវ័យ៣០ឆ្នាំបានយកឈ្នះជើងឯកពិភពលោករត់ចម្ងាយ៨០០ម៉ែត្រនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០០៩ ។ អត្តពលិកអាហ្វ្រិកខាងត្បូងរូបនេះកាលពីប្រកួតកីឡាអូឡាំពិកក្រុងអាតែនឆ្នាំ២០០៤ដណ្តើមបានត្រឹមមេដាយប្រាក់ ប៉ុន្តែអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨មិនអាចទទួលបានជោគជ័យឡើយ។
ដោយឡែកនាងប្លង់កា វ្ល៉ាស៊ីកជើងឯកពិភពលោកផ្នែកលោតកំពស់ក៏នឹងអវត្តមានមិនអាចទៅចូលការប្រកួតនៅកូរ៉េខាងត្បូងបានដែរ។ អត្តពលិកវ័យ២៧ឆ្នាំរបស់ប្រទេសក្រូអាស៊ីរូបនេះបានរងបួសសរសៃពួរគន្លាក់ជើងដូចជាអត្តពលិក Mulaudzi ដែរ។ បើប្រៀបធៀបជាមួយ Mulaudzi នាងវ្ល៉ាស៊ីកនៅមានលទ្ធផលអ៊ុតដ្បិតនាងនៅរង់ចាំលទ្ធផលនៃការស្គែន ។
វ្ល៉ាស៊ីកបានចាប់ល្បីឈ្មោះខ្លាំងលើវិញ្ញាសាលោតកំពស់បន្ទាប់ពីនាងបានយកឈ្នះជើងឯកពិភពលោកនៅក្រុងអូសាកាឆ្នាំ២០០៧ ។ នាងបញ្ចេញភាពក្លាហានជាថ្មីទៀតកាលពីឆ្នាំ២០០៩។ ប៉ុន្តែក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨នាងដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ