ក្រុមហ៊ុនអចលនទ្រព្យរបស់រាជវង្សានុវង្សប្រទេសអារ៉ាប់មួយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយជាមួយក្រុមហ៊ុនអភិវឌ្ឍអង់គ្លេស Delancyទិញភាគហ៊ុនលើការសាងសង់និងរៀបចំផ្ទះស្នាក់នៅរបស់អត្តពលិកអំឡុងការប្រកួតអូឡាំពិកក្រុងឡុងដ៍ឆ្នាំ២០១២។ កិច្ចព្រមព្រៀងនោះមានតម្លៃជាទឹកប្រាក់ប្រមាណ៩០៦លានដុល្លារអាមេរិក ។
ក្រុមហ៊ុនម៉ៅការសំណង់អូឡាំពិកក្រុងឡុងដ៍ឆ្នាំ២០១២របស់អង់គ្លេស Olympic Dilivery Authorityបាននិយាយថា ក្រុមហ៊ុនប្រទេសកាតាឈ្មោះ Qatari Diarនិងក្រុមហ៊ុន Delancyនឹងទទួលខុសត្រូវលើការសាងសង់ផ្ទះស្នាក់នៅរបស់អត្តពលិកប្រមាណ១៤៣៩ខ្នងនៃចំនួនផ្ទះសរុប២៨១៨ខ្នង។ កិច្ចព្រមព្រៀងនេះក៏មានបញ្ចូលនូវការចែករំលែកផលចំណេញជួយប៉ះប៉ូវដល់ដល់រដ្ឋាភិបាលអង់គ្លេសដែលបានចំណាយប្រាក់១៥ពាន់លានដុល្លារលើការរៀបចំការប្រកួតព្រឹត្តិការណ៍ទាំងមូល។
រដ្ឋមន្ត្រីកីឡាអង់គ្លេសលោកជែរីមី ហាន់បាននិយាយថា៖«នេះជាកុងត្រាដ៏ល្អមួយដែលនឹងផ្តល់ផលចំណេញលើពន្ធដារ»។ លោកបានបន្តថា៖«ផ្ទះស្នាក់នៅសម្រាប់អត្តពលិកនឹងក្លាយជាចំណុចកណ្តាលនៃសហគមន៍អ្នករស់នៅទីក្រុងឡុងដ៍ភាគខាងកើតដ៏អស្ចារ្យថ្មីមួយ »។ ចំណែកអភិបាលទីក្រុងឡុងដ៍លោកបូរីស ចនសុនបាននិយាយថា៖«នេះគឺជាកុងត្រាដ៏ធំមួយសម្រាប់ទីក្រុងឡុងដ៍ ហើយវាក៏បានបង្ហាញពីការទុកចិត្តពីអ្នកវិនិយោគទុនឯកជនធំៗចំពោះទីក្រុងរបស់យើងទៅថ្ងៃអនាគត»។
កាតាជាប្រទេសដែលសំបូរដោយប្រេងកាលពីឆ្នាំទៅមិញបានយកឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់វើលខាប់នាឆ្នាំ២០២២។ប្រទេសនេះធ្លាប់មានប្រវត្តិល្អរួចមកហើយនៅក្នុងការបណ្តាក់ទុនក្នុងទីក្រុងឡុងដ៍។ កាលពីឆ្នាំទៅមិញ ក្រុមហ៊ុន Qatar Holdings បានទិញយកហាងលក់ទំនិញដែលមានទឹកប្រាក់២,៣ពាន់លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ