តាមការអះអាងពីភ្នាក់ងាររបស់ខ្លួន នាងគីម យូណា ដែលប្រជាជនកូរ៉េខាងត្បូងប្រសិទ្ធនាមឲ្យថាជា«រាជិនីស្គីសម្តែងនៅលើទីលាន»នឹងទៅចូលរួមការប្រកួតសប្បុរសធម៌មួយដែលរៀបចំដោយសាកលវិទ្យាល័យHarvard University។
យូណា ដែលជាម្ចាស់មេដាយមាសអូឡាំពិករដូវរងាក្រុងវែនខូវ័រ ប្រទេសកាណាដា ឆ្នាំ២០១០ នឹងចូលរួមការប្រកួតក្នុងកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំឈ្មោះ An Evening with Championsដែលរៀបចំដោយសាកលវិទ្យាល័យ Harvard University។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែតុលាក្នុងបរិវេណទីលាន Bright Hockey Centreរបស់សាកលវិទ្យាល័យ។
យោងតាមអ្នករៀបចំកម្មវិធីប្រកួត ទឹកប្រាក់ដែលទទួលបានក្នុងការប្រកួតលើកនេះនឹងយកទៅផ្តល់ជូនដល់វិទ្យាស្ថានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក Dana-Farber Cancer។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាងយូណាបានបញ្ជាក់ថា៖«វាជាកិត្តិយសមួយដែលនាងខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ប្រកួតដ៏មានអត្ថន័យបែបនេះ។ ខ្ញុំមានអារម្មណ៍ថាអស្ចារ្យខ្លាំងណាស់ ដែលដឹងថាកីឡាស្គីរបស់នាងខ្ញុំអាចជួយអ្នកជំងឺមហារីកបាន ។ ខ្ញុំសង្ឃឹមថា បណ្តាអ្នកគាំទ្រទាំងអស់នឹងចូលរួមទស្សនា»។ សូមបញ្ជាក់ថា នាងគីម យូណា ក្នុងពេលថ្មីៗនេះបានព្រមទទួលយកការតែងតាំងតួនាទីក្នុងនាមជាឯកអគ្គរដ្ឋទូតអូឡាំពិកពិសេសពិភពលោកសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកពិសេសពិភពលោកក្នុងឆ្នាំ២០១៣នាទីក្រុងពីយ៉ុងឆាង(២០១៣ Pyeongchang Special Olympics World Games)។ សម្រាប់នាង នេះគឺជាតួនាទីថ្មីមួយទៀតដែលនាងត្រូវបំពេញ បន្ទាប់ពីនាងទទួលបានជោគជ័យនៅក្នុងការបំពេញតួនាទីចុងក្រោយបំផុត ក្នុងការជួយឃោសនាបញ្ចុះបញ្ចូលឲ្យទីក្រុងពីយ៉ុងឆាងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ជាប់ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា២០១៨ ។
នៅក្នុងនាមជាអ្នកឃោសនាឲ្យទីក្រុងរបស់ខ្លួន នាងយូណា បំពេញបាននូវភារកិច្ចទំនាក់ទំនងសាធារណៈយ៉ាងល្អប្រសើរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ការទទួលបានតួនាទីថ្មីក្នុងនាមជាឯកអគ្គរដ្ឋទូតអូឡាំពិកពិសេសលើកនេះ រឹតតែធ្វើឲ្យភាពល្បីល្បាញរបស់នាងលេចធ្លោឡើង។ ភាពលេចធ្លោនេះ ក៏បានផ្តល់ផលប្រយោជន៍មួយផ្នែកចំពោះនាងផងដែរជាពិសេសលើចំណូលប្រចាំឆ្នាំ។
យោងតាមការធ្វើចំណាត់ថ្នាក់ប្រភេទប្រាក់ចំណូលប្រចាំឆ្នាំរបស់បណ្តាអត្តពលិកក្នុងលោកដោយទស្សនាវដ្តី Forbes ដែលចេញផ្សាយក្នុងខែសីហានេះឲ្យដឹងថា មានកីឡាការិនីចំនួន១០រូបដែលរកចំណូលបានច្រើនជាងគេក្នុងនោះក៏មាននាងគីម យូណាដែរ។ នាងយូណា ស្ថិតនៅលំដាប់ទី៧ដោយរកចំណូលបានប្រមាណ១០លានដុល្លារ ពោលគឺច្រើនជាងកំពូលកីឡាការិនីតឺន្នីសរបស់ចិន នាងលីណា។ នេះគ្រាន់តែជាចំណូលដែលគិតត្រឹមរយៈពេល១២ខែកន្លងមកដោយបញ្ចប់ត្រឹមថ្ងៃទី១ខែកក្កដាឆ្នាំ២០១១ប៉ុណ្ណោះ។
ព្រឹត្តិការណ៍អូឡាំពិកពិសេសត្រូវបានរៀបចំធ្វើរៀងរាល់២ឆ្នាំម្តង គឺជាព្រឹត្តិការណ៍ប្រកួតសម្រាប់បណ្តាអត្តពលិកដែលមានបញ្ញាខ្សោយ។ ឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់ព្រឹត្តិការណ៍កីឡានេះមានដូចជា ម៉ៃឃើល ហ្វ៊ែល(ជើងឯកអូឡាំពិកវិញ្ញាសាហែលទឹក)តារាសម្តែងចិននាងហ្សាង ហ្ស៊ីលី តារាបាល់បោះចិនយ៉ាវ មីង និងតារាសម្តែងស្គីរបស់អាមេរិកនាងមីសែល វ៉ាន់ ជាដើម…៕
ចែករំលែកព័តមាននេះ