ជើងឯកពិភពលោកស្ថាប័នWBCក្នុងប្រភេទទម្ងន់ Super Middleweight ខាល ហ្វ្រច់គិតថា កីឡាករមិត្តរួមជាតិដេវីដ ហេនឹងជ្រើសរើសការចូលនិវត្តន៍ក្នុងខែតុលាខាងមុខនេះ។ ក្នុងពេលថ្មីៗនេះកីឡាករខាល ហ្វ្រច់បានជួបជជែកគ្នាអស់ពេលយ៉ាងយូរជាមួយកីឡាករដេវីដ ហេ។ បន្ទាប់ពីនោះមកហ្វ្រច់បានបង្ហាញចំណាប់អារម្មណ៍ដែលថា ដេវីដ ហេនឹងបញ្ចប់អាជីពរបស់ខ្លួនក្នុងខែតុលា ពោលគឺនៅពេលដែលគេមានអាយុ៣១ឆ្នាំ ។
កាលពីថ្ងៃទី២ខែកក្កដានាសង្វៀននៅប្រទេសអាល្លឺម៉ង់ ដេវីដ ហេបានរបូតបាត់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកស្ថាប័ន WBAរបស់ខ្លួនបន្ទាប់ពីបានចាញ់កីឡាករវ្ល៉ាឌីមៀ ឃ្លីតស្កូដោយពិន្ទុនៃការប្រកួត១២ទឹក។ បន្ទាប់មកគេបានប្រកាសសុំប្រកួតជាលើកទី២តែសំណើរបស់គេមិនត្រូវបានក្រុមអ្នករៀបចំការប្រកួតវ្ល៉ាឌីមៀឆ្លើយតបទេ ។ ពិតណាស់គេ (ដេវីដ ហេ) អាចនឹងរកប្រាក់បានច្រើនប្រសិនជាប្រកួតជាមួយបងប្អូនត្រកូលឃ្លីតស្កូ។
ទោះជាយ៉ាងណា សម្រាប់ការជួបប្រកួតជាមួយកីឡាករវីតាលី ឃ្លីតស្កូ ដេវីដ ហេហាក់មិនចាប់អារម្មណ៍ទាល់តែសោះ។ អ្វីដែលគេចង់បានគឺការប្រកួតភ្លាមៗជាមួយវ្ល៉ាឌីមៀ។ ចំណុចនេះគេពិតជាដឹងថា ហេចង់ស្តារមុខមាត់របស់ខ្លួនមកវិញមុននឹងចូលនិវត្តិន៍។
ថ្លែងទៅកាន់គេហទំព័រកាសែតអង់គ្លេសdailystarកីឡាករខាល ហ្វ្រច់បានបញ្ជាក់ថា៖ «ខ្ញុំបានធ្វើដំណើរទេសចរណ៍ជាមួយដេវីដ ហេនៅលើកោះមួយអស់រយៈពេល៥ម៉ោង។ ខ្ញុំមិនគិតថាគេ(ដេវីដហេ)នឹងបន្តការប្រកួតទៀតនោះទេ។ គេមិនបានផ្តល់ចម្លើយជាក់លាក់ណាមួយឲ្យខ្ញុំទេ ប៉ុន្តែស្តាប់មើលសម្តីគេទៅវាហាក់មិនមានន័យថាគេចង់បន្តការប្រកួតទៀតនោះទេ»។
ជាការពិតណាស់បើទោះណាដេវីដ ហេទទួលបានឱកាសប្រកួតជាមួយវ្ល៉ាឌីមៀជាលើកទី២ក៏ដោយ ប៉ុន្តែគេក៏មិនប្រាកដថាអាចឈ្នះឬក៏ធ្វើឲ្យអ្នកគាំទ្រមានក្តីរីករាយឡើយដ្បិតកាលពីប្រកួតលើកទី១គេហាក់ជាមនុស្សម្នាក់ដែលខ្លាចឈឺសាច់៕
ចែករំលែកព័តមាននេះ