បន្ទាប់ពីការប្រកួតរបស់គេជាមួយកីឡាករអាមេរិករ៉ូបឺត ហ្គើរេរ៉ូដែលគ្រោងធ្វើក្នុងខែនេះត្រូវបានលុបចោល កីឡាករអាហ្សង់ទីនម៉ាកូស មេដាណា (ធ្លាប់ប្រកួតឈ្នះ៣០លើក ចាញ់២ ផ្តួលដៃគូឲ្យសន្លប់២៧លើក) អាចនឹងឡើងសង្វៀនប្រកួតជាថ្មីនាពាក់កណ្តាលខែកញ្ញាខាងមុខនៅទឹកដីកំណើតរបស់ខ្លួន។
មេដាណាវ័យ២៨ឆ្នាំដើមឡើយត្រូវគេគ្រោងជួបប្រកួតជាមួយកីឡាករអាមេរិករ៉ូបឺត ហ្គើរេរ៉ូ(ធ្លាប់ប្រកួតឈ្នះ២៩លើក ចាញ់១ស្មើ១ ផ្តួលដៃគូឲ្យសន្លប់១៨លើក) នាថ្ងៃទី២៧ខែសីហា នៅសង្វៀនHP Pavilion ស្ថិតក្នុងទីក្រុងសាន់ចូស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែដោយសារកីឡាករហ្គើរេរ៉ូរងរបួសស្មាឆ្វេងអំឡុងពេលហ្វឹកហាត់ ការប្រកួតនោះក៏ត្រូវលុបចោល។
កាលពីសប្តាហ៍កន្លងទៅកីឡាករហ្គើរេរ៉ូត្រូវគេរាយការណ៍ថា របួសដៃក្នុងសភាពធ្ងន់ធ្ងររហូតមិនអាចកម្រើកបាន។ លោករីឆាដ ស្គេហ្វ៊័រនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរៀបចំការប្រកួត Golden Boy Promotionsបាននិយាយថា៖«ជារឿងគួរឲ្យតក់ស្លុតបំផុតដែលគេមិនអាចកម្រើកដៃបានទាល់តែសោះ។ របួសត្រូវបានស្អំដោយទឹកកក។ គេសង្ឃឹមថារបួសនេះនឹងបានធូរស្បើយបន្ទាប់ពីរំលងបានមួយយប់ ប៉ុន្តែផ្ទុយពីការគិត វាកាន់តែបណ្តាលឲ្យឈឺចាប់ឡើងៗ សូម្បីតែពាក់អាវក៏ពាក់មិនកើតទេ ។ គេបារម្ភថា ហ្គើរេរ៉ូប្រហែលជាអាចរយះសាច់ដុំ តែវាគ្រាន់តែជាការស្មានប៉ុណ្ណោះ ។ យើងនឹងបានដឹងច្បាស់នៅពេលដែលថតស្គែន MRI»។ តាមលទ្ធផលស្គែនដែលទើបតែចេញក្នុងពេលថ្មីបំផុតនេះឲ្យដឹងថា កីឡាករហ្គើរេរ៉ូរងរបួសរយះសាច់ដុំ ។
ការដកខ្លួនរបស់ហ្គើរេរ៉ូបានធ្វើឲ្យមេដាណាបាត់បង់ឱកាសយ៉ាងសំខាន់បំផុតដ្បិតរវាងពួកគេទាំងពីរ អ្នកដែលឈ្នះការប្រកួតលើកនេះនឹងទទួលបានសិទ្ធិទៅវាយដណ្តើមខ្សែក្រវាត់ស្ថាប័នWBAពីកីឡាករអង់គ្លេសអាមៀ ខាន់ដែលកំពុងស្ថិតនៅលំដាប់លើគេក្នុងនាមជាម្ចាស់ខ្សែក្រវាត់ពិភពលោក«Super World» light welterweight ។ ពេលនេះមេដាណានៅមានឱកាសមួយទៀតដោយត្រូវរង់ចាំជួបជាមួយអ្នកឈ្នះរវាងកីឡាករប្រឌីស ប្រេស្កុតនិងផូល ម៉ាក់ខូស្គីក្នុងខែកញ្ញាខាងមុខ។
ក្នុងពេលថ្មីៗនេះបានយកឈ្នះកីឡាករអេរីក ម៉ូរ៉ាល់ដោយពិន្ទុជាឯកច្ឆន្ទនៃការប្រកួត១២ទឹក។ ជ័យជម្នះកាលពីខែមេសានោះគឺជាស្តារមុខមាត់របស់គេឡើងវិញបន្ទាប់ពីបានចាញ់ក្រោមកណ្តាប់ដៃអាមៀ ខាន់កាលពីប្រកួតក្នុងខែធ្នូឆ្នាំកន្លងមក។ ការបរាជ័យនាពេលនោះវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីពរបស់មេដាណា។ នោះក៏ព្រោះតែមេដាណាត្រូវរៀបចំខ្លួនដើម្បីជួបប្រកួតជាមួយហ្វ្លយ មេវេដឌ័រ ៕
ចែករំលែកព័តមាននេះ