តាមសំណេរជីវប្រវត្តិ កីឡាករតឺន្នីសលំដាប់ទី២ពិភពលោកសញ្ជាតិអេស្ប៉ាញរ៉ាហ្វាអែល ណាដាល់បញ្ជាក់ថា គេកំពុងតែពិចារណាផ្លាស់ប្តូរអាជីពទៅជាកីឡាករវាយកូនហ្គោលវិញ។ ការគិតគូរបែបនេះ ព្រោះពេលកន្លងមកណាដាល់បានជួបប្រទះរបួសជាញឹកញាប់។
ណាដាល់ដែលធ្លាប់បានយកឈ្នះពានជើងឯកក្របខណ្ឌធំចំនួន១០លើកបានសរសេរនៅក្នុងសៀវភៅជីវប្រវត្តិ Rafaថា បណ្ដាវេជ្ជបណ្ឌិតដែលបានព្យាបាលរបួសជើងដោយកម្ររបស់គេកាលពីឆ្នាំ២០០៥និយាយថា រូបគេគួរតែបញ្ឈប់ការប្រកួតទើបជាការល្អ។ បណ្តាវេជ្ជបណ្ឌិតទាំងនោះបានផ្តល់ជាគំនិតថាគេគួរតែចាប់យកអាជីពជាកីឡាករវាយកូនហ្គោលវិញទៅថ្ងៃអនាគត។
កីឡាករវ័យ២៥រូបនេះបានបញ្ជាក់តាមរយៈសៀវភៅនោះទៀតថា ការប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើទីលានជាមួយកីឡាកររ៉ូជើ ហ្វេដឺរ័រក្នុងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌធំ Wimbledon កាលពីឆ្នាំ២០០៨និងបន្តបន្ទាប់មកក្នុងក្របខណ្ឌធំ Australian Open គឺសុទ្ធតែអាចធ្វើឲ្យរបួសចាស់របស់គេរើឡើងវិញ ហើយឈឺចាប់ខ្លាំងជាងពេលមុន ។ ប៉ុន្តែបញ្ហានៅក្រៅទីលានប្រកួតមានឥទ្ធិពលខ្លាំងសម្បើមណាស់ទៅលើអាជីពជាកីឡាករកំពូលពិភពលោករបស់គេ។ កាលពីឆ្នាំ២០០៩ ដោយសារតែមោទនភាពហួសហេតុបាននាំឲ្យគេប្រថុយប្រថានចូលប្រកួតការពារតំណែងជើងឯកក្របខណ្ឌធំ French Openទាំងខ្លួនមានរបួស។
គេបានសរសេរបន្តទៀតថា៖ «ការឈឺចាប់ពីមុនវាបានក្លាយជារឿងមួយដែលដក់ជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំ។ ខ្ញុំនៅមានការឈឺចាប់តាមឆ្អឹងនៅឡើយ។ របួសពីមុន សព្វថ្ងៃនេះវាហាក់មិនទាន់បានធ្វើទុក្ខខ្ញុំនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងនេះក្តីខ្ញុំក៏មិនដែលធ្វេសប្រហែសទេ »។ កីឡាករណាដាល់មកដល់ពេលនេះដណ្តើមបានពានជើងឯកទាំងប្រកួតឯកត្តជន និងទាំងប្រកួតគូចំនួន៥៣ និងរកចំណូលបានជាង៤២លានដុល្លារអាមេរិក ។ ក្រៅពីនេះគេក៏ធ្លាប់បានយកឈ្នះមេដាយមាសអូឡាំពិកចំនួន១លើកផងដែរកាលពីឆ្នាំ២០០៨ ៕
ចែករំលែកព័តមាននេះ