ខេត្តព្រះសីហនុ ៖ នៅសណ្ឋាគារផ្កាយ៥ សុខាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ សីហា ២០១១ មានរៀបចំបើកអង្គសិក្ខាសាលាផ្សព្វផ្សាយពីការយល់ដឹងនៃសុវត្ថិភាពចំណីអាហារ ក្រោមការអញ្ជើញចូលរួមពីលោកឈុន សារុំ អនុប្រធានសភាពាណិជ្ជកកម្មខេត្តព្រះសីហនុ លោកសូម៉ានិត តំណាងឱ្យក្រុមហ៊ុនធីយូវី វេនលែន ខេមបូឌៀ លោកស្រីឡឺដេស មែងហ្គាបេន អ្នកជំនាញការមកពីអេស៊ីស សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត អស់លោក លោកស្រី ជាម្ចាស់សហគ្រាស និងជាអាជីវករជាច្រើនកុះករ។
លោកសូម៉ានិត តំណាងឱ្យក្រុមហ៊ុនធីយូវី វេនលែន ខេមបូឌៀ បានឡើងពីការចាប់អារម្មណ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកាដែលបានអញ្ជើញចូលរួមនាឱកាសនោះ ។ លោកថ្លែងថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ ពិតជាបានស្តែងចេញនូវសារប្រយោជន៍យ៉ាងសំខាន់ដល់បងប្អូនដែលជាអាជីវករ ព្រោះយើងដឹងហើយថា ចំណីអាហារជាប្រភពនៃសុខភាព ហើយវាក៏អាចប៉ះពាល់ដល់សុខភាពដែរ ប្រសិនបើយើងទទួលទានដោយខ្វះអនាម័យ ឬអាហារនោះគ្មានគុណភាព។
លោកឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែងថា អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ដែលមានលោកស្រី ឡឺដេស មែងហ្គាបេន អ្នកជំនាញការមកពីអេស៊ីស ចូលរួមក្នុងអង្គសិក្ខាសាលានេះនិងជាពិសេសមានការចូលរួមវិភាគទានពីក្រុមហ៊ុនធីយូវី វេនលែន ខេមបូឌៀ និងសូមថ្លែងអំណរគុណចំពោះអស់លោក លោកស្រី ជាប្រធាន អនុប្រធាន និងតំណាងរោងចក្រសហគ្រាសទាំងអស់ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលនាពេលនេះ ផងដែរ ។ លោកឈុន សារុំ បញ្ជាក់ថា សិក្ខាសាលានេះមានសារសំខាន់ និងជាផលប្រយោជន៍ចំពោះអាជីវករ ផលិតករ នៅខេត្តព្រះសីហនុទាំងអស់។
លោកថ្លែងបន្តទៀតថា ខេត្តព្រះសីហនុជាខេត្តមួយមានសក្តានុពលល្អប្រសើរ និងជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលទាំង៣នៃទិសដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះគុណភាពម្ហូបអាហារ និងសុវត្ថិភាពអ្នកទទួលទានត្រូវតែចាត់ទុកជាកត្តាសំខាន់ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
ចែករំលែកព័តមាននេះ