ក្រុងព្រះសីហនុ ៖ ផ្ទះមួយល្វែង ស្ថិតក្នុងក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២២ សីហា ២០១១ តែពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។
លោកខៀវ វុធថា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះសំ អ៊ុក ភេទប្រុស អាយុ៤២ឆ្នាំ ជាអធិការប៉ូលិសក្រុងកំពត ខេត្តកំពត ដោយបានជួលផ្ទះនេះឱ្យជនជាតិចិនធ្វើការនៅរោងចក្រញូវស្តារ ក្រុងព្រះសីហនុ ស្នាក់នៅ។
លោកនាយប៉ូលិសបានបន្តទៀតថា អគ្គិភ័យនេះបង្កឡើងដោយសារទុស្សេខ្សែភ្លើង ខណៈពេលជនជាតិចិនទាំងនោះបានចេញទៅធ្វើការនៅរោងចក្រញូវស្តារបាត់ ដោយចាក់សោចោល។ ក្នុងរយៈពេល១ម៉ោង សមត្ថកិច្ចប៉ូលិសការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការពន្លត់អណ្តាតភ្លើងឱ្យរលត់ជាស្ថាពរ ។ សម្ភារដែលខូចខាតមានត្រឹមតែទូដាក់សម្លៀកបំពាក់ចំនួន១ ពូកចំនួន១ និងសម្ភារបន្ទាប់បន្សំកំប៉ិកកំប៉ុកមួយចំនួនផ្សេងទៀតប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ