ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារបានរកឃើញបំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកដែលផ្ទុះធ្លាក់ក្នុងឃុំ២ នៃស្រុកគូលែន កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១១ កន្លងមកនេះ ចំនួន៦ផ្ទាំងបន្ថែមទៀតនៅព្រឹកថ្ងៃទី២២ សីហា នេះ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តព្រះវិហារបានបញ្ជាក់ឱ្យដឹងថា បំណែកយន្តហោះ៦ផ្ទាំងដែលទើបរកឃើញបន្ថែមតាមរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋាននេះ គឺមួយផ្ទាំងៗទំហំជាង១ម៉ែត្រ៤ជ្រុង ដែលឆ្អឹងតួប្រវែង១ម៉ែត្រ និងដុំមូលមួយប៉ុនបាល់។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា បំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកនេះ ត្រូវបានរកឃើញនៅចំណុចផែនទី VA.60363-24678 / VA.60875-24584 ក្នុងឃុំគូលែនខាងជើង ។ បច្ចុប្បន្នបំណែកយន្តហោះ ដែលទើបរកឃើញទាំង៦ផ្ទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ នឹងប្រគល់ទៅឱ្យក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តំបន់ប្រាសាទ ព្រះវិហារយកទៅរក្សាទុកនៅស្នាក់ការក្នុងតំបន់ប្រាសាទព្រះវិហារចំណុចទួល៩៥។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា បំណែកដែលរកឃើញនេះ ក៏មានការចូលរួមពីអ្នកឯកទេសស៊ីម៉ាក់ ហើយក្រុមសមត្ថកិច្ចទាំងអស់ក៏មិនបានវាយតម្លៃថា បំណែកយន្តហោះទាំងអស់នេះជារបស់ប្រទេសណាមួយនោះទេ ។
ប្រភពពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងដែរថា វត្ថុតាងជាបំណែកយន្តហោះដែលផ្ទុះធ្លាក់បង្កឱ្យមានការភ្ញាក់ផ្អើលស្ទើរមួយខេត្តព្រះវិហារ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ សីហា ២០១១ កន្លងមកនេះ អ្នកជំនាញសហរដ្ឋអាមេរិក និងអូស្ត្រាលី បានចាត់ឱ្យបញ្ជូនដុំមូលដូចបាល់ ដែលមានលាយប្លាទីន ទៅកាន់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី២២ សីហា នេះ តាមជើងឧទ្ធម្ភាគចក្រ ដើម្បីធ្វើការពិនិត្យ។ ជាមួយគ្នានេះ ដែរ អាជ្ញាធរកំពុងស្វែងរកបំណែកនេះជាបន្តទៀត។
គួររំលឹកថា កាលពីថ្ងៃទី១៨ សីហា ២០១១ ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ដោយរដ្ឋាភិបាលថៃបានបដិសេធថា ខ្លួនពុំបានប្រើប្រាស់យន្តហោះគ្មានអ្នកបើកបរនេះទេ ក្រសួងការពារជាតិកម្ពុជាសន្និដ្ឋានថា ឧបទ្ទវហេតុធ្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកខាងលើនេះ ជាសកម្មភាពរបស់ក្រុមភេរវកម្មណាមួយ ដែលសាកល្បងប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរនេះ ដើម្បីប្រព្រឹត្តអំពើភេរវកម្មនៅកម្ពុជា នាពេលអនាគត។
ក្រសួងការពារជាតិសូមធ្វើការអំពាវនាវសុំឱ្យមានកិច្ចសហការពីបណ្តាប្រទេសជាមិត្តដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុតអំពី ឧបទ្ទវហេតុនេះ ដើម្បីទប់ស្កាត់អំពើចារកម្ម ដែលមានគោលបំណងបម្រើសកម្មភាពភេរវកម្មក្នុងប្រទេសកម្ពុជា និងនៅទីកន្លែងដទៃទៀត។
កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១១ បន្ទាប់ពីស្នូរសំឡេងផ្ទុះផ្ទួនៗគ្នាយ៉ាងខ្លាំងនៅលើអាកាស ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចចម្រុះរបស់ក្រសួងការពារជាតិបានចុះទៅពិនិត្យផ្ទាល់កន្លែង និងបានរកឃើញបំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើកបរ ចំនួនសរុបជាង៣០បំណែក នៅរាយប៉ាយលើតំបន់ដែលស្ថិតនៅចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ននៅតំបន់ប្រាសាទព្រះវិហារដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ៕
ចែករំលែកព័តមាននេះ