កីឡាករអង់គ្លេសអូលីវ័រ ហ្វ៊ីស៊័របានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះពានជើងឯកវាយកូនហ្គោលកម្មវិធី Czech Openកាលពីថ្ងៃអាទិត្យទី២១សីហាកន្លងមកនេះ។ ការប្រកួតកម្មវិធីដែលមានទឹកប្រាក់រង្វាន់សរុប២លាន៥សែនដុល្លារអាមេរិកនេះ ត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោល Prosper Golf Resort ក្នុងទីក្រុង Celadnaសាធារណរដ្ឋឆែក។
ហ្វ៊ីស៊័រ វ័យ២២ឆ្នាំ បញ្ចប់ជុំទី៤ក្នុងលទ្ធផល៣អាន់ឌ័រប៉ា៦៩។ សរុបលទ្ធផលប្រកួតទាំង៤ជុំគេធ្វើបាន១៣អាន់ឌ័រ ២៧៥ គឺ២សត់នាំមុខកីឡាករស៊ុយអែត Mikael Lundbergដែលបញ្ចប់ការប្រកួតក្នុងលំដាប់ទី២។ ឆ្លងកាត់៤ជុំប្រកួត Lundbergធ្វើបានលទ្ធផល១១អាន់ឌ័រ ២៧៧។ ចំណែកកីឡាករប៉ារ៉ាហ្គាយ Fabrizio Zanotti បញ្ចប់ការប្រកួត៤ជុំធ្វើបានលទ្ធផលសរុប៩អាន់ឌ័រ ២៧៩ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ។
កីឡាករអៀរឡង់ ភីធ័រ ឡារី ដែលដណ្តើមបានការនាំមុខកាលពីជុំដំបូង បញ្ចបជុំផ្តាច់ព្រ័ត្រនេះធ្វើមិនបានល្អទេ។ ឆ្លងកាត់ការប្រកួត៤ជុំគេធ្វើបានលទ្ធផលអ៊ីវ៉ឹនប៉ា ២៨៨ស្ថិតនៅចំណាត់ថ្នាក់ទី៣៧ស្ទួន។ កាលពីឆ្នាំទៅមិញ កីឡាករឡារីបញ្ចប់ការប្រកួតដោយដណ្តើមបានចំណាត់ថ្នាក់លេខ២បន្ទាប់ពីកីឡាករភីធ័រ ហ៊ែនសុន ដែលដណ្តើមបានពានជើងឯក។
សម្រាប់កីឡាករហ្វ៊ីស៊័រ នេះគឺជាជ័យជម្នះពានជើងឯកក្របខណ្ឌទេសចរណ៍អឺរ៉ុបលើកដំបូងរបស់ខ្លួនហើយ។ គេបាននិយាយក្នុងក្តីរីករាយថា៖«ជ័យជម្នះពេលនេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនត្រូវ។ វាពិតជាមិនអាចរកអ្វីមកពិពណ៌នាបានទេ ចំពោះអត្ថន័យនៃពានជើងឯកនេះ»។
សូមបញ្ជាក់ថា Czech Openគឺជាកម្មវិធីដែលស្ថិតក្នុងក្របខណ្ឌទេសចរណ៍អឺរ៉ុប។ ទីលានប្រកួតមានទំហំ៧.៤៥២យ៉ាដ និងមាន៧២ប៉ា ។ ឯទឹកប្រាក់រង្វាន់សរុបមានចំនួនជាង២លានដុល្លារ។ ដោយឡែកកីឡាករហ្វ៊ីស៊័រដែលជាជើងឯក ទទួលបានទឹកប្រាក់រង្វាន់២៥០ពាន់ដុល្លារខណៈLundbergទទួលបាន១៦៦ពាន់១៦៦ដុល្លារ ៕
ចែករំលែកព័តមាននេះ