របួសសាច់ដុំពោះបានបង្ខំឱ្យកំពូលកីឡាការិនីជើងខ្លាំងរបស់បែលហ្ស៊ិកគីម ឃ្លីស្ទ័រប្រកាសដកខ្លួនពីការប្រកួតតឺន្នីសក្របខណ្ឌធំUS Openនៅអាមេរិកដែលនឹងចាប់ផ្តើមនៅចុងខែនេះ។ ឃ្លីស្ទ័រដែលជាកីឡាការិនីការពារតំណែងជើងឯកក្របខណ្ឌធំមួយនេះចំនួន២ឆ្នាំបន្តបន្ទាប់បានប្រកាសមិនទៅចូលរួមការប្រកួតបន្ទាប់ពីរងរបួសសាច់ដុំពោះកាលពីប្រកួតនៅប្រទេសកាណាដា។
នៅក្នុងសេចក្តីប្រកាសរបស់នាងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមក ឃ្លីស្ទ័របានបញ្ជាក់ថា ការព្យាបាលរយៈពេលពីរសប្តាហ៍មិនគ្រប់គ្រាន់ធ្វើឱ្យរបួសរបស់នាងជាសះស្បើយ១០០%នោះទេ។ នាងបានបន្តថា៖«ពិតណាស់ ខ្ញុំអស់សង្ឃឹមជាខ្លាំង។ ខ្ញុំបានប្រឹងប្រែងហ្វឹកហាត់យ៉ាងហ្មត់ចត់បំផុតដើម្បីត្រៀមការពារជើងឯក US Open»។ ក្រៅពីការដកខ្លួនលើកនេះ កីឡាការិនីលំដាប់ទី៣ពិភពលោករូបនេះនិយាយថា នាងនឹងដកខ្លួនពីកម្មវិធីប្រកួតនៅប្រទេសជប៉ុននិងចិនក្នុងខែកញ្ញាខាងមុខផងដែរ ។
គួរកត់សម្គាល់ថា រដូវកាលប្រកួតឆ្នាំនេះរបួសបានបង្ខំឱ្យនាងឃ្លីស្ទ័រអវត្តមានអស់ជាច្រើនកម្មវិធីដែលក្នុងនោះរបួសកែងជើងបានធ្វើឱ្យនាងខកខានក្របខណ្ឌធំ Wimbledonម្តងរួចមកហើយ ។ ដោយឡែក US Open គឺជាក្របខណ្ឌធំលើកទី២ ហើយដែលនាងបានអវត្តមាន។ អវត្តមានរបស់នាងក្នុងក្របខណ្ឌនេះបានធ្វើនាងស៊េរីណា វីលៀម នាងវេនីស វីលៀម និងនាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា ក្លាយជាអ្នកលេចធ្លោសម្រាប់ការប្រកួតនៅថ្ងៃទី២៩ខាងមុខនេះ។
នាងគីម ឃ្លីស្ទ័របានយកឈ្នះពានជើងឯកក្របខណ្ឌធំ US Openកាលពីឆ្នាំ២០០៩ពោលគឺបន្ទាប់ពីការវិលត្រឡប់ពីការឈប់សម្រាកអស់២ឆ្នាំរួចមក។ ជ័យជម្នះនាពេលនោះបានធ្វើឲ្យនាងក្លាយជាកីឡាការិនីគ្មានចំណាត់ថ្នាក់ដំបូងគេយកឈ្នះពានជើងឯក។ ឆ្នាំ២០១០កន្លងមក នាងក៏អាចរក្សាពានជើងឯករបស់ខ្លួនបានដដែលបន្ទាប់ពីបានយកឈ្នះពានជើងឯកក្របខណ្ឌធំមួយនេះជាថ្មី។ ឯនៅឆ្នាំនេះវិញនាងបានយកឈ្នះពានជើងឯកក្របខណ្ឌធំមួយផ្សេងទៀតនៅប្រទេសអូស្ត្រាលី(Australian Open)។ ជាមួយនឹងជ័យជម្នះទាំងអស់នេះធ្វើឲ្យនាងរកចំណូលបានជាង២៣លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ