ក្រុងប៉ោយប៉ែត ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវប៉េអឹមក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ សីហា ក្នុងក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យនោះឈ្មោះយៀប កែនញៀន អាយុ២៤ឆ្នាំ ជាភ្ញៀវមកលេងល្បែងនៅកាស៊ីណូ។ តាមមន្ត្រីប៉េអឹមក្រុងប៉ោយប៉ែតថា ជនសង្ស័យមុនពេលឃាត់ខ្លួនគឺនៅម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ សីហា គេចូលរាំនៅឌីស្កូស្តាម៉េក(ផ្កាយប្រាំ) ហើយបានទិញថ្នាំញៀនប្រភេទKទឹកកកពណ៌ស ចំនួន២កូនថង់តូចក្នុងតម្លៃ១.២០០បាត ហើយប្រើប្រាស់រហូតទល់ភ្លឺ ។ បន្ទាប់មកគេបន្តដំណើរទៅចូលក្រុមហ៊ុនកាស៊ីណូត្រូពីកាណាម្តង ហើយពេលគេកំពុងប្រើប្រាស់ថ្នាំញៀនដែលនៅសេសសល់មួយថង់ក៏ត្រូវប៉េអឹមចាប់ខ្លួនតែម្តង។
តាមការឆែកឆេរ និងសួរនាំ ជនសង្ស័យពុំមានទិដ្ឋាការឆ្លងដែនទេ ហើយលោកវរសេនីយ៍ត្រីហម ម៉ុត មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែតប្រាប់ថា នឹងបញ្ជូនខ្លួនគេជាមួយវត្ថុតាងទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ