រាជធានីភ្នំពេញ ៖ មេបញ្ជាការកងទ័ពថៃភូមិភាគ២ លោកថាវ៉ាត់ឆៃ សាមុត សាខន បានមានប្រសាសន៍ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ លោកយុទ្ធសាក់ សាស៊ីប្រាផា ពីរឿងវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់ព្រំដែនកម្ពុជា-ថៃ នោះគឺជារឿងយល់ច្រឡំ។
ទោះជាយ៉ាងណា លោកមេបញ្ជាការភូមិភាគ២ថៃ ត្រូវបានបណ្តាញផ្សព្វផ្សាយថៃស្រង់សម្តីចុះផ្សាយនៅថ្ងៃទី២១ សីហា ២០១១ នេះថា ប្រសិនបើស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ មានភាពប្រសើរឡើងនោះ ក៏មិនចាំបាច់មានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនោះដែរ។
ការលើកឡើងរបស់លោកមេបញ្ជាការកងទ័ពថៃភូមិភាគ២ ថាវ៉ាត់ឆៃ សាមុត សាខន នាពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ សីហា ២០១១ ដោយបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃដែលផ្សាយថា កម្ពុជាបន្ទន់ឥរិយាបថចំពោះអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនោះ។ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ជាថ្មីទៀតថា កម្ពុជាគ្មានងាកចេញពីស្មារតី និងនីតិវិធីនៃការអនុវត្តនូវដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិជាធរមានដែលចេញកាលពីថ្ងៃទី១៨ កក្កដា ២០១១ នោះឡើយ ហើយដែលកម្ពុជា-ថៃបានយល់ព្រម និងគោរពនូវដីកាបង្គាប់នេះដែរ។
គួររំលឹកថា ប្រភពពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា ជំហររបស់រាជរដ្ឋាភិបាលគឺនៅតែគោរពតាមការសម្រេចរបស់តុលាការក្រុងឡាអេ ដែលបង្គាប់ឱ្យមានអ្នកសង្កេតការរណ៍ឥណ្ឌូណេស៊ីនៅតំបន់គ្មានយោធាដដែល ។
ទាក់ទងទៅនឹងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-ថៃ ឬកិច្ចប្រជុំថ្នាក់តំបន់ និងកិច្ចប្រជុំថ្នាក់ខេត្តជាប់ព្រំដែននោះ សម្តេចតេជោហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យបន្តការជួបគ្នាជាលក្ខណៈទ្វេភាគី។ ប៉ុន្តែបើកិច្ចប្រជុំ GBC និយាយដល់តំបន់ដែលមានការចង្អុលបង្ហាញឱ្យវាស់វែងពីតុលាការអន្តរជាតិក្រុងឡាអេ ដាច់ខាតត្រូវមានវត្តមានចូលរួមពីអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា ប្រសាសន៍ថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យ៉ាងដូច្នេះគឺ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៩ សីហា ៕
ចែករំលែកព័តមាននេះ