លោកថូនី ហ្វើណានដេស មហាសេដ្ឋីជនជាតិម៉ាឡេស៊ីជាអ្នកបង្កើតក្រុមហ៊ុនអាកាសចរណ៍ «អ៊ែរ អាស៊ី» (Air Asia) អាយុ៤៧ឆ្នាំ បានទិញក្លឹប QPR ជាសមាជិកថ្មីក្នុងក្របខណ្ឌបាល់ទាត់ប្រឺមីញេលីក អង់គ្លេស ។
លោកហ្វើណានដេស អាយុ៤៧ឆ្នាំ ទិញភាគហ៊ុនចំនួន៦៦% របស់ក្លឹប QPR ពីអ្នកកាន់ភាគហ៊ុនមុន គឺលោកផ្លាវីយ៉ូ ប្រ៊ីអាដូរ៉េ និងលោកប័រនី អេកឃើលស្តូន ជាម្ចាស់ក្រុមហ៊ុនរថយន្តប្រណាំងនៅលើពិភពលោក ។ ការទិញភាគហ៊ុនក្លឹប QPR របស់លោកហ្វើណានដេស នឹងគ្រប់គ្រងក្លឹបរួមជាមួយត្រកូលមីដហាល មហាសេដ្ឋីពីប្រទេសឥណ្ឌា ដែលកាន់ភាគហ៊ុនចំនួន៣៣%។
លោកហ្វើណានដេស បានបង្ហើបឱ្យដឹងតាមរយៈវេបសាយរបស់ក្លឹប QPR “www.qpr.co.vk” ថា «QPR ប្រៀបដូចជាដុំពេជ្រ ដែលមិនទាន់ឆ្លងកាត់ការកែច្នៃ។ ខ្ញុំសង្ឃឹមថា នឹងធ្វើកំណែទម្រង់ក្លឹបឱ្យក្លាយជាដុំពេជ្រដ៏ល្អ ទោះបីជាខ្លួនធ្លាប់ជាអ្នកគាំទ្ររបស់ក្លឹប West Ham ក៏ដោយ។ ប៉ុន្តែក្លឹប QPR ក៏ជាផ្នែកមួយនៃក្លឹបដំបូង ដែលខ្ញុំធ្លាប់ចូលទស្សនាតាំងពីនៅវ័យកុមារ»។
គួរបញ្ជាក់ថា លោកហ្វើណានដេស នឹងចូលកាន់តំណែងជាប្រធាន “QPR Holdings Ltd” ជាក្រុមហ៊ុនធំរបស់ក្លឹប ដោយសាមីខ្លួនត្រូវចាត់ទុកថា ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនស្ថិតនៅលំដាប់ទី១៩ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិសរុប២០០លានផោន៕
ចែករំលែកព័តមាននេះ