ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៩ សីហា ម្ចាស់អាជីវកម្មឡូត៍នេសាទលេខ១ បានរៀបចំពិធីលែងត្រីមេពូជជាង២ពាន់គីឡូក្រាម ឬជាង២តោន ក្នុងដែនឡូត៍របស់ខ្លួន នៅចំណុចបឹងទឹកជោរ ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជលផលផ្នែកបាសាក់ និងសង្កាត់រដ្ឋបាលជលផលស្អាត ដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ-ភូមិនិងប្រជាពលរដ្ឋផងដែរ។
លោកឡុង គី ហុង ម្ចាស់អាជីវកម្មឡូត៍នេសាទលេខ១ បានឱ្យដឹងថា ត្រីមេពូជដែលលែងក្នុងឡូត៍នេសាទពេលនេះមានចំនួន២.២០០គីឡូក្រាម មានមេត្រីរ៉ស់ និងត្រីអណ្តែង។ លោកបានបន្តថា ជារៀងរាល់ឆ្នាំ លោកតែងតែលែងត្រីមេពូជក្នុងឡូត៍របស់ខ្លួននៅក្នុងរដូវបិទនេសាទមិនដែលខានឡើយ ដើម្បីបង្កើនផលនេសាទឱ្យបានកើនឡើងតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលកើនឡើងជារៀងរាល់ឆ្នាំ។ លោកតែងតែធ្វើការអភិវឌ្ឍក្នុងដែនឡូត៍ដូចជាដាំកូនឈើប្រភេទព្រៃលិចទឹក និងស្តារបឹង ប្រឡាយ កុំឱ្យគោក រាក់ ដាច់ពូជមច្ឆជាតិ។
លោកឡុង គីហុង បានបញ្ជាក់ថា សកម្មភាពខាងលើនេះ គឺអនុវត្តតាមបទបញ្ជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការណែនាំរបស់រដ្ឋបាលជលផលផងដែរ គឺតម្រូវឱ្យម្ចាស់អាជីវកម្មឡូត៍នេសាទ លែងត្រីមេពូជ២ពាន់គីឡូក្រាមក្នុងមួយឆ្នាំ និងធ្វើការអភិវឌ្ឍបន្ថែមរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ មន្ត្រីជលផល និងអាជ្ញាធរបានកោតសរសើរដល់ម្ចាស់ឡូត៍នេសាទលេខ១ ដែលលែងត្រីមេពូជលើសពីផែនការកំណត់ និងខិតខំធ្វើការអភិវឌ្ឍក្នុងដែនឡូត៍នេសាទរបស់ខ្លួនជារៀងរាល់ឆ្នាំមិនដែលខាន៕
ចែករំលែកព័តមាននេះ