កីឡាករលំដាប់ទី១ពិភពលោកណូវ៉ាក់ យ៉ូកូវិចនិងកីឡាករលំដាប់ទី៤ពិភពលោកអ៊ែនឌី មូរ៉េទាំងពីរនាក់ បានសម្តែងនូវក្តីសប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតតឺន្នីសកម្មវិធី Cincinnati Mastersកាលពីថ្ងៃសៅរ៍ទី២០សីហាកន្លងមកនេះ។ ការប្រកួតកម្មវិធីខាងលើនេះ ត្រូវបានរៀបចំធ្វើនៅទីលាន Lindner Family Tennis ស្ថិតក្នុងរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិក។
មូរ៉េនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានធ្វើឲ្យអ្នកគាំទ្រមិត្តរួមជាតិអង់គ្លេសរបស់ខ្លួនរីករាយដោយបានយកឈ្នះកីឡាករម្ចាស់ផ្ទះម៉ាឌី ហ្វ៊ីសក្នុងលទ្ធផល៦-៣និង៧-៦ ខណៈកីឡាករស៊ែរប៊ីយ៉ូកូវិច បានយកឈ្នះកីឡាករឆែកតូម៉ាស បឺឌីក្នុងលទ្ធផល៧-៥។ ការប្រកួតរវាងកីឡាករបឺឌីនិងមូរ៉េបានបញ្ចប់ទៅយ៉ាងឆាប់រហ័សក៏ព្រោះតែបឺឌីរងរបួសស្មាឆ្វេង។ គេបានបញ្ជាក់ថា កម្លាំងរបស់ខ្លួនបានចុះខ្សោយចាប់តាំងពីបញ្ចប់ការប្រកួតក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រមកម្លេះ។
សម្រាប់កីឡាករមូរ៉េជោគជ័យលើកនេះ ពិតជាធ្វើឲ្យគេមានសង្ឃឹមច្រើនក្នុងការដណ្តើមបានពានជើងឯកជាលើកទី២ក្នុងរដូវកាលនេះ។ ការប្រកួត២សិតយ៉ាងស្វិតស្វាញជាមួយកីឡាករហ្វ៊ីសពិតជាធ្វើឲ្យរូបគេហាក់ចុះថមថយកម្លាំងបន្តិចដែរ។ ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួត កីឡាកររូបនេះបានបញ្ជាក់ថា៖«ខ្ញុំបានប្រឹងអស់ពីកម្លាំងកាយជាពិសេសក្នុងសិតទី២។ អំឡុងការប្រកួតអាកាសធាតុដូចជាក្តៅបន្តិចដែលធ្វើឲ្យខ្ញុំទន់ជើង។ តែយ៉ាងណាខ្ញុំបានតាំងចិត្តថា ត្រូវតែស៊ូទ្រាំរហូតបញ្ចប់ការប្រកួត។ នេះគឺជាការប្រកួតយ៉ាងស្វិតស្វាញបំផុតលើកទី១ ដែលខ្ញុំបានជួបរយៈពេល៦សប្តាហ៍មកនេះ។ ខ្ញុំត្រូវការនូវភាពអំណត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនធ្វើឲ្យបានល្អក្នុងក្របខណ្ឌធំ US Open»។
ឯកីឡាករយ៉ូកូវិចវិញ ជ័យជម្នះលើកនេះគឺជាលើកទី៥៧ហើយសម្រាប់រដូវកាលនេះ។ ឆ្លងកាត់ការប្រកួតស្ទើរតែពេញមួយរដូវកាលកន្លងមកនេះ យ៉ូកូវិចចាញ់តែម្តងគត់ក្រោមថ្វីដៃកីឡាករលំដាប់ទី៣ពិភពលោករ៉ូជើ ហ្វេដឺរ័រ។ ប្រសិនជាគេអាចយកឈ្នះកីឡាករមូរ៉េក្នុងវគ្គផ្តាច់ព្រ័ត្រលើកនេះ នោះពានជើងឯករបស់គេក្នុងឆ្នាំនេះនឹងកើនដល់ចំនួន១០គ្រឿង។
ដោយឡែកលទ្ធផលនៃការប្រកួតផ្នែកនារីវិញ កីឡាការិនីរុស្ស៊ីម៉ារីយ៉ា សារ៉ាប៉ូវ៉ា បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីបានបំបាក់កីឡាការិនីជើងខ្លាំងមិត្តរួមជាតិរបស់ខ្លួនវេរ៉ា ហ្សូណារេវ៉ាក្នុងលទ្ធផល២-៦,៦-៣និង៦-៣ ៕
ចែករំលែកព័តមាននេះ