រាជធានីភ្នំពេញ ៖ លោកស្រី Mirjam Sidik នាយិកាប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីបានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានសន្ទុះកើនឡើងនូវសេដ្ឋកិច្ច ហើយស្របពេលជាមួយគ្នានេះអត្រាគ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនឡើងដែរជាមធ្យមមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៥នាក់ក្នុងមួយថ្ងៃ។
លោកចាន់ គីមសេង ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈបានថ្លែងថា ឆ្លងកាត់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បច្ចុប្បន្នក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រេចបញ្ចប់ការធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកលើមាត្រាមួយចំនួន ដែលក្នុងនោះក៏មានបន្ថែមលើមាត្រា១ស្តីពីការតម្រូវឱ្យអ្នករួមដំណើរជាមួយអ្នកបើកបរត្រូវពាក់ពួកសុវត្ថិភាពផងដែរ។
លោកស្រី Mirjam Sidik និងលោកចាន់ គឹមសេង បានថ្លែងបែបនេះ កាលពីថ្ងៃទី១៩ សីហានៅសណ្ឋាគារអីុមភើរៀន នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីយុទ្ធនាការលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកចូលរួមដំណើរតាមទោចក្រយានយន្ត។
លោកពៅ ម៉ាលី អគ្គនាយករងដឹកជញ្ជូន និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ចំនួនអ្នកស្លាប់បានកើនឡើង៥០ភាគរយ នៅពេលដែលចំនួនប្រជាជនសរុបបានកើនឡើងជាង៦ភាគរយ ហើយចំនួនយានយន្តចុះបញ្ជីបានកើនឡើង១៣០ភាគរយ។ និយាយជារួមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើឱ្យអត្រាស្លាប់ក្នុងយានយន្ត១០.០០០គ្រឿង បានថយចុះពី១៨នាក់ នៅក្នុងឆ្នាំ២០០៦ មកត្រឹម១១នាក់ នៅក្នុងឆ្នាំ២០១០។
ជាក់ស្តែងក្នុងរបាយការណ៍បណ្តោះអាសន្នប្រចាំឆ្នាំ២០១០ របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ចំនួនជនរងគ្រោះសរុបមានប្រមាណ១.៨១៦ និងរបួសប្រមាណ១៦.៤៧១នាក់ ហើយជាមធ្យមគឺស្លាប់៥នាក់ក្នុងមួយថ្ងៃ ដែលនេះគឺជាចំនួនមួយបង្ហាញឱ្យឃើញថា អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លាប់ដោយជំងឺអេដស៍ និងខ្លាំងជាងគ្រោះថ្នាក់ដោយសារគ្រាប់មីនពេលសង្គ្រាមទៅទៀត។ របាយការណ៍នេះក៏បានបង្ហាញថា ក្នុងចំណោមអ្នកគ្រោះថ្នាក់ចរាចរណ៍មាន៧២ភាគរយ ជាអ្នកបើកបរទោចក្រយានយន្តក្នុងនោះ៣៧ភាគរយ ស្លាប់ដោយគ្រោះថ្នាក់ប៉ះទង្គិចក្បាលដែលមិនបានពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ៤៩ភាគរយបើកបរក្នុងពេលស្រវឹង ១៣ភាគរយ ការមិនគោរពសិទ្ធិអាទិភាព១២ភាគរយ ការវ៉ាជែងមិនត្រឹមត្រូវ៨ភាគរយ និងកត្តាផ្សេងៗ១៤ភាគរយ។ អង្គប្រជុំថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ និងការយល់ដឹងអំពីកត្តាហានិភ័យបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតប្រជាជនគ្រប់ស្រទាប់ដែលជាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកបើកបរ និងអ្នករួមដំណើរជាមួយទោចក្រយានយន្តឱ្យបានយល់ដឹងពីអត្ថប្រយោជន៍ការពាក់មួកសុវត្ថិភាព ដូចក្នុងពាក្យស្លោក «មួកសុវត្ថិភាពជាថ្នាំបង្ការ ការពារជីវិតអ្នក» និងមានវិធានការទប់ស្កាត់ការកាត់បន្ថយនូវកត្តាហានិភ័យទាំងនោះឱ្យមានប្រសិទ្ធភាព។
លោកពៅ ម៉ាលី បន្តថា ជាការឆ្លើយតបនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងទិសដៅទប់ស្កាត់ កាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍និយាយរួម អ្នកស្លាប់ដោយគ្រោះថ្នាក់ប៉ះទង្គិចក្បាលដែលមិនពាក់មួកសុវត្ថិភាព គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធបានរៀបចំការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការពាក់មួកសុវត្ថិភាពដល់អ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្តតាមរយៈសិក្ខាសាលា លិខិតបទដ្ឋានគតិយុត្តជាអាទិ៍ ៖
សិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីកត្តាគ្រោះថ្នាក់ទាក់ទងការមិនប្រើប្រាស់មួកសុវត្ថិភាព និងការសេពគ្រឿងស្រវឹងហើយបើកបរ។
កសាងផែនការជាយុទ្ធសាស្ត្រគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០០៨-២០១៣ ផ្តោតសំខាន់គឺការអនុវត្តន៍ច្បាប់លើការពាក់មួកសុវត្ថិភាព ការគ្រប់គ្រងល្បឿនបើកបរការបើកបរពេលស្រវឹង និងការផ្ទុកលើសចំណុះ។
កសាងស្តង់ដាមួកសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទោចក្រយានយន្តនៅកម្ពុជា។
ធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកលើមាត្រាសំខាន់ៗ ដែលក្នុងនោះតម្រូវឱ្យទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព។
លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដោយជំរុញអត្រាពាក់មួកសុវត្ថិភាពនៅពេលថ្ងៃបាន១០០ភាគរយ និងនៅពេលយប់បាន១០០ភាគរយ ដែលពីមុនមានតែ៩ភាគរយប៉ុណ្ណោះ។
កសាងផែនការសកម្មភាពស្តីពីមួកសុវត្ថិភាព និងការសេពគ្រឿងស្រវឹង ហើយបើកបរក្នុងរយៈពេល៥ឆ្នាំ (២០១០-២០១៤)។ កសាងផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០ ដែលក្នុងនោះគោលដៅអាទិភាពទី១ នៃផែនការសកម្មភាពនេះ គឺកាត់បន្ថយចំនួនអ្នកស្លាប់ដោយសាររបួសក្បាលឱ្យមកកម្រិតទាបបំផុត និងបង្កើនការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត អ្នកបើកបរត្រីចក្រយានយន្តឱ្យបានគ្រប់ៗគ្នានៅឆ្នាំ២០២០៕
ចែករំលែកព័តមាននេះ