ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋធ្វើ​បាតុកម្ម​​បិទ​ផ្លូវជាតិ​​លេខ​​76Aទាមទារ​​ឱ្យ​ក្រុម​ហ៊ុន​​ឈប់​ឈូសឆាយ​

13 ឆ្នាំ មុន

ខេត្តក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧៦A បានកកស្ទះចរាចរណ៍បង្កឱ្យ​អ្នកធ្វើដំណើរគ្រប់​ មធ្យោបាយត្រូវកាត់ផ្តាច់ទាំងស្រុង ​​​​នាព្រឹក​​ថ្ងៃទី​​១៩ សីហា ក្នុងរយៈពេលជាង៤ម៉ោង គឺ​ពេញ​មួយព្រឹក ខណៈពេលដែលប្រជាពលរដ្ឋ​មាន​ចំនួន​ជាង១ពាន់នាក់ នំាគ្នាធ្វើបាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុនវិនិយោគក្នុងរឿងវិវាទ​ដីធ្លី​ ដ៏រ៉ាំរ៉ៃ​មួយ​ដែលរហូតមកទល់នឹងពេលនេះនៅមិនទាន់​ដោះ​ ស្រាយចេញជាផ្លូវការជូនពួកគាត់នៅឡើយ។

ខេត្តក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧៦A បានកកស្ទះចរាចរណ៍បង្កឱ្យ​អ្នកធ្វើដំណើរគ្រប់​មធ្យោបាយត្រូវកាត់ផ្តាច់ទាំងស្រុង ​​​​នាព្រឹក​​ថ្ងៃទី​​១៩ សីហា ក្នុងរយៈពេលជាង៤ម៉ោង គឺ​ពេញ​មួយព្រឹក ខណៈពេលដែលប្រជាពលរដ្ឋ​មាន​ចំនួន​ជាង១ពាន់នាក់ នំាគ្នាធ្វើបាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុនវិនិយោគក្នុងរឿងវិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​មួយ​ដែលរហូតមកទល់នឹងពេលនេះនៅមិនទាន់​ដោះ​ស្រាយចេញជាផ្លូវការជូនពួកគាត់នៅឡើយ។

បណ្តារថយន្តតូចធំ ដែលធ្វើដំណើរទៅមក​លើកំណាត់ផ្លូវជាតិលេខ៧៦Aស្នួល-មណ្ឌលគិរី​ត្រូវកកស្ទះចរាចរណ៍ទៅមក បណ្តាលឱ្យអ្នក​ធ្វើ​ដំណើរលើរថយន្តគ្រប់ប្រភេទត្រូវបញ្ឈប់ សកម្មភាពទាំងស្រុងធ្វើឱ្យចរាចរណ៍ត្រូវស្ទះ​ពេញ​លើផ្លូវជាតិ ចាប់ពីម៉ោង៨ព្រឹក រហូត​ដល់ម៉ោង​១២ថ្ងៃត្រង់ថ្ងៃដដែលទើប​ចរាចរណ៍អាចទៅ​មក​បានជាបណ្តើរៗក្រោយពេលដែលអាជ្ញាធរ​ខេត្ត​​​ចេញមុខមកដោះស្រាយនិងអះ​អាងលើ​ជំហរ​ដោះស្រាយឱ្យពួកគាត់ក្នុងរឿង​វិវាទដីធ្លី​នេះ។

ក្នុងសកម្មភាពបាតុកម្មដែលបង្កឡើងដោយ​មនុស្សស្រីប្រុសមានចំនួនជាង១ពាន់នាក់ មាន​រយៈពេល៤ម៉ោង ពេញមួយព្រឹកនេះគឺធ្វើឡើង​ប្រជាពលរដ្ឋមានលំនៅចំណុចគីឡូម៉ែត្រ​លេខ​១១៤ ក្នុងភូមិសាស្រ្តចំណុចK3 ក្នុងឃុំពីរធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ក្នុងទំនាស់ដីធ្លីជាមួយ​នឹង​ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចឈ្មោះ​សុវណ្ណ វុទ្ធី ដែលបានវិនិ​យោគ​លើដីដែនជម្រក​សត្វព្រៃស្នួល ខណៈពេល​ដែលក្រុមហ៊ុននេះ បាន​បង្កើតការឈូសឆាយប៉ះ​ចំលើដីកសិកម្ម​របស់​ប្រជាពលរដ្ឋ ។ នេះបើតាម​ការ​អះអាង​របស់​ពួកគាត់ ។

ប្រជាពលរដ្ឋដែលជាក្រុមបាតុកម្មបាន​សម្រេច​សែងសាលាសំណាក់​ឈើមួយខ្នងមាន​ទំហំ១០ម៉ែត្រ​គុណ១២ម៉ែត្រ មក​ដាក់ចំកណ្តាល​ផ្លូវជាតិ បង្កឱ្យ​ស្ទះចរាចរណ៍​ទៅ​មក ។ ពួកគាត់​អះ​អាងថា គ្រឿងចក្ររបស់ក្រុមហ៊ុនមួយនេះ បាន​ឈូសប៉ះចំពីលើដីមួយកន្លែង ដែលប្រជា​ពល​រដ្ឋ​រក្សាទុកសម្រាប់​ធ្វើវត្ត ព្រមទាំងដំណាំ​របស់ពួក​គាត់​។ ជាមួយគ្នានេះក៏មាន​កងកម្លាំង​ប្រដាប់អាវុធមួយចំនួនធំចេញមកអន្តរាគមន៍​ការ​ពារ​សុវត្ថិ​ភាព និងទប់ស្កាត់កុំឱ្យមានការរីក​រាល​ដាលកាន់​តែខ្លាំងឡើងទៅមុខទៀតរបស់ក្រុម​បាតុករ។

កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ​២០១១ ប្រជា​ពល​រដចំនួន​ជាងមួយពាន់គ្រួសារបាននាំគ្នា​ធ្វើ​បាតុកម្មបិទ​ផ្លូវ​ជាតិរួចម្តងមកហើយ ក្នុងវិវាទ​ដីធ្លី​មួយកន្លែងដែលកាលនោះប្រជាពលរដ្ឋ​បាន​យកដើម​ឈើ​ធំៗមកកាត់ដាក់ទទឹងផ្លូវធ្វើឱ្យស្ទះ​ចរាចរណ៍​ទៅមកដូចគ្នា និងបានធូរស្រាលទៅ​វិញ​ ក្រោយពីអាជ្ញាធរបានចេញមកសម្រប​សម្រួល​។

បន្ទាប់ពីមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃកើតមាន​ជាបន្ត​បន្ទាប់រួចមក គេឃើញមានកងកម្លាំង​កងរាជ​អាវុធ​ហត្ថខេត្តមួយចំនួនធំទៅ​ឈរ​ជើងនៅតំបន់​នោះក្នុងជំហរការពារការ​ប៉ះទង្គិចរវាងប្រជាពល​រដ្ឋ និងក្រុមហ៊ុនមាន​រយៈពេលរាប់សិបខែ តែ​នៅតែមិនមានដំណោះ​ស្រាយដដែល ។

នៅនឹងកន្លែងកើតហេតុលើដងផ្លូវប្រជា​ពល​រដ្ឋជាហ្វូងបាតុករបាននិយាយថា ក្នុងបាតុកម្ម ថ្ងៃនេះអ្វីដែលពួកគាត់ចង់ទាមទារគឺសុំឱ្យ​ក្រុម​ហ៊ុនធ្វើសេចក្តីជូនដំណឹងណាមួយឱ្យ​ពួកគាត់​បានដឹងមុននឹងបង្កើតការឈូសឆាយដី និង​ស្នើ​សុំឱ្យ​អាជ្ញាធររកដំណោះស្រាយឱ្យពួកគាត់បាន​ឆាប់​រហ័ស ឬក៏អាចមានទីតាំងណាមួយសម្រាប់​ផ្លាស់ប្តូរដើម្បីអោយពួកគាត់បានបង្កបង្កើន​ផល​ដូចធម្មតាវិញ។

ក្រោយពីក្រុមបាតុករបានបង្កសកម្មភាព​ឡើងមានរយៈពេលពេញមួយព្រឹករួចមក​នោះគេ ឃើញមានអាជ្ញាធរខេត្តដឹកនាំដោយលោក    ស ចំរ៉ុង អភិបាលរងខេត្ត និងអាជ្ញាធរពាក់​ព័ន្ធ​មួយចំនួនធំបានចេញមកដោះស្រាយ​សម្រប​សម្រួល​ជាមួយនិងប្រជាពលរដ្ឋ។

នៅមុខបាតុករនាព្រឹកនោះ លោក ស ចំរ៉ុង អភិបាលរងខេត្តបានថ្លែងថា អាជ្ញាធរនឹងចាត់​ឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពឈូស​ឆាយ ហើយ​លោកអភិបាលរងបានអះអាង​បន្ថែមថា នៅថ្ងៃ​ច័ន្ទ អាជ្ញាធរខេត្ត នឹងទៅ​ជួបប្រជាពលរដ្ឋ​ដែល​មានការប៉ះពាល់ជាមួយ​នឹងក្រុមហ៊ុនដើម្បីរក​ដំណោះ​ស្រាយបន្ត ។

ក្រោយពីមានការសម្របសម្រួលរបស់អាជ្ញា​ធររួចមក ស្ថានការណ៍​បានធូរស្រាលនៅវេលា ម៉ោង​​១១​ព្រឹក​ថ្ងៃដដែល ដោយផ្លូវ​អាច​បន្ត​ការ​ទៅមកបានធម្មតាវិញ។ តែទោះបីជាយ៉ាង​ណា ក្រុមប្រជាពលរដ្ឋព្រមាន​ថា ពួកគាត់​នឹងចាំ​មើល​ប្រសិនបើអាជ្ញាធរនៅតែមិនមានវិធានការណា​មួយទៀតនោះ ពួកគាត់នឹងបន្ត​បាតុកម្មខ្លាំងជាង​មុនទៀត ៕