ខេត្តកណ្តាល ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអង្គស្នួលរួមមានប៉ូលិស ប៉េអឹម ដឹកនាំដោយលោកនីម នីរ៉ាដេត អភិបាលរងស្រុក បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្តគ្រប់ប្រភេទ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ការត្រួតពិនិត្យនោះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាស្រុកអង្គ ស្នួល ខេត្តកណ្តាល។
នៅក្នុងប្រតិបត្តិការនោះ ពុំមានដកហូតអាវុធជាតិផ្ទុះនោះទេ ទាំងអាវុធមានច្បាប់ និងអាវុធគ្មានច្បាប់ពុំមានធ្វើចរាចរណ៍ឆ្លងកាត់ទីនោះឡើយ ប៉ុន្តែម៉ូតូចំនួន២០គ្រឿង និងរថយន្តចំនួន១៥គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ធ្វើការផាកពិន័យ និងធ្វើការអប់រំណែនាំ។
សមត្ថកិច្ចប៉ូលិសនិយាយថា ដើម្បីអនុវត្តឱ្យបានទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កម្លាំងគណៈបញ្ជាការឯកភាពស្រុកអង្គស្នួល ដែលមានការដឹកនាំដោយលោកនីម នីរ៉ាដេត អភិបាលរងស្រុក និងចូលរួមពីសំណាក់លោកមាន សំណាង អធិការប៉ូលិសស្រុក បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងយានយន្តគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ប៉ុន្តែថ្ងៃខ្លះធ្វើឡើងនៅពេលរសៀល ពេលខ្លះទៀតធ្វើឡើងពេលយប់ ឬពេលព្រឹក។ ប្រភពដដែលបានបន្តទៀតថា ពេលចុះធ្វើការម្តងៗ តែងតែជួបការលំបាកខ្លះៗ ដោយសារតែមានរថយន្តដឹកជញ្ជូនខ្លះមានឯកសារមិនគ្រប់គ្រាន់ អាងខ្នងធំ ពេលកម្លាំងឃាត់ត្រួតពិនិត្យមិនចង់ឈប់នោះទេ ម្យ៉ាងទៀតទាញទូរស័ព្ទរកអន្តរាគមន៍ផ្សេងៗ ជាពិសេសក្រុមមានរថយន្តបាញ់ពណ៌ស្រដៀងឯកសណ្ឋានយោធាតែម្តង ។ ចំណែកឯក្រុមរថយន្តធុនមធ្យម និងរថយន្តតាក់ស៊ីវិញ ភាគច្រើនដឹកសំពីងសំពោងលើសកំណត់ ក៏ត្រូវកម្លាំងឃាត់ធ្វើការត្រួតពិនិត្យ និងណែនាំផាកពិន័យដែរ ព្រោះមិនអាចបណ្តែតបណ្តោយឱ្យពួកគេធ្វើតាមអំពើចិត្តបានឡើយ។
ក្រៅពីនេះ ទោះបីជាធ្វើការត្រួតពិនិត្យជារៀងរាល់ថ្ងៃក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនមិនទាន់បានគោរព និងអនុវត្តតាមច្បាប់ចរាចរណ៍នៅឡើយ។ អ្នកខ្លះនៅតែជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬដាក់កញ្ចក់នោះទេ មិនតែប៉ុណ្ណោះមានខ្លះទៀត មានមួកហើយអត់ពាក់ដាក់នៅលើចង្អើរកណ្តាលម៉ូតូ ឬមានកញ្ចក់ហើយមិនដាក់ បែរជាទុកក្រោមកែបម៉ូតូទៅ
វិញ ។ ដោយសារមើលឃើញពីភាពខុសឆ្គងដដែលៗ បែបនេះ ទើបកម្លាំងបានស្ទាក់ចាប់យកទៅធ្វើការផាកពិន័យ ធ្វើការណែនាំ និងមានកិច្ចសន្យាត្រឹមត្រូវ បើថ្ងៃក្រោយចាប់បានទៀត នឹងត្រូវផាកពិន័យកាន់តែធ្ងន់ជាងនេះ ។
លោកមាន សំណាង អធិការប៉ូលិសស្រុកអង្គស្នួល បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូននានា ព្រមទាំងរថយន្តតាក់ស៊ីផង ត្រូវតែគោរព និងអនុវត្តច្បាប់ទាំងអស់គ្នា បើមិនចង់ឱ្យប៉ូលិសចាប់ទេ ។ជាងនេះទៅទៀត កុំបង្កការលំបាក និងភាពស្មុគស្មាញនៅពេលកងកម្លាំងកំពុងបំពេញការងារឱ្យសោះ ៕
ចែករំលែកព័តមាននេះ