រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារតែខឹងប្រពន្ធលែងលះ មិនព្រមជួបជុំជាមួយវិញ ក៏ចាក់សាំងដុតខ្លួនឯងឆេះរលេះរលួយ ស្ទើរពេញខ្លួន នៅកណ្តាលផ្លូវលេខ៣៣៦ កែងផ្លូវលេខ២៦១ ក្រុមទី១៤ ភូមិ៤ នៅមុខផ្ទះលេខ៤០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពី វេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ សីហា។
ប្រភពព័ត៌មានពីបងថ្លៃរបស់បុរសរងគ្រោះបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះហេង គឹមឈាន់ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តកំពង់ចាម មានប្រពន្ធឈ្មោះប៊ូ រ៉ាវី អាយុ៣១ឆ្នាំ មានកូនប្រុសម្នាក់អាយុ៥ឆ្នាំ ហើយមកស្នាក់នៅជាមួយបងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមសម្តីប្រពន្ធបុរសរងគ្រោះឱ្យដឹងថា តាំងពីបានគ្នាជាប្តីប្រពន្ធមក ប្តីនាងតែងតែដើរផឹកស៊ីស្រវឹងមិនលោះថ្ងៃ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន ហើយរយៈពេល២ឆ្នាំចុងក្រោយនេះ ចេះតែមានរឿងរកាំរកូសនឹងគ្នា ទើបរូបនាងសុំលែងលះ តែប្តីតាមអង្វរសុំជួបគ្នាវិញ ។
នៅថ្ងៃកើតហេតុ វេលាម៉ោង៥និង៣០នាទី ល្ងាច បុរសជាប្តីបានតាមរកប្រពន្ធ ហើយនិយាយសុំជួបគ្នាទៀត ប៉ុន្តែប្រពន្ធមិនព្រម ទើបប្តីនិយាយថា «បើនាងមិនព្រមរូបគេនឹងដុតសម្លាប់ខ្លួន» ហើយប្តីក៏ចេញទៅវិញ។
លុះដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែល ប្តីត្រឡប់មករកប្រពន្ធម្តងទៀត តែមិនឃើញប្រពន្ធក៏ខឹងឈួលចេញទៅទិញសាំងមួយដបយកមកចាក់ស្រោចខ្លួនឯង រួចដុតតែម្តង បណ្តាលឱ្យឆេះខោអាវ សក់ អស់រលីង និងរលេះរលួយស្បែកក្នុងកម្រិត៧០ភាគរយ។ ឃើញស្ថានភាពឆេះដូច្នេះ អ្នកនៅជិតកន្លែងកើតហេតុ បានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ រួចដឹកយកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ៕
ចែករំលែកព័តមាននេះ