រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារជនមិនស្គាល់មុខបានស្ទាក់វាយ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ សីហា ២០១១ នៅ មុខសាលាព្រះយុគន្ធរ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បន្ទាប់ពីពួកគេបានចេញពីជប់លៀង ហើយបន្តទៅរាំកម្សាន្តនៅក្លឹបក្រោយពីដឹងលទ្ធផលប្រឡងបាក់ឌុបជាប់។
ប្រភពព័ត៌មានពីឈ្មោះជួប វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី១នៃមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច មានស្រុកកំណើតនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរៀបរាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ សីហា ជាថ្ងៃចេញលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប ហើយយុវសិស្សក្នុងភូមិដែលប្រឡងជាប់នាំគ្នាទៅជប់លៀងនៅជិតវត្តមុនី ក្នុងស្រុកកៀនស្វាយ។ លុះជប់លៀងចប់ នាំគ្នាចំនួន៦ម៉ូតូ ទៅចូលក្លឹបកម្សាន្តនៅរាជធានីភ្នំពេញបន្តទៀត។
ជួប វាសនា បានបន្តទៀតថា ពួកគេចូលក្លឹបនៅរាជធានីភ្នំពេញយីហោ វ៉េឌីក្លូ រហូតដល់ម៉ោង២និង១៥នាទីរំលងអធ្រាត្រ ទើបនាំគ្នាចេញពីក្លឹបត្រឡប់ទៅផ្ទះវិញ ដោយជួប វាសនា ជាអ្នកបើកម៉ូតូម៉ាកស្មាស់ ពណ៌ក្រហម លាយខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1Z-4298 ជិះឌុបឈ្មោះឡាយ សុភី ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះសន សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាប្អូនប្រុសរបស់ឈ្មោះសន សុភក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ ដែលប្រឡងជាប់បាក់ឌុប មានទីលំនៅជាមួយភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ខណៈពេលជិះចេញពីក្លឹបទៅដល់មុខសាលាព្រះយុគន្ធរ ស្រាប់តែមានជនមិនស្គាល់មុខជិះម៉ូតូ៦គ្រឿងមក ប្រដាប់ដោយដាវសាមូរ៉ៃ កាំបិត និងដំបង បានវាយមកលើឈ្មោះឡាយ ភី បែកក្បាល កាប់ទៅលើឈ្មោះសន សម្ផស្ស ចំនួន២កាំបិត ត្រូវក្បាលមួយកាំបិត និងកដៃ ខាងស្តាំមួយកាំបិត បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន ចំណែករូបគេជួប វាសនា ត្រូវដៃមួយដំបងដែរ។
ប្រភពព័ត៌មានបន្តថា ក្រោយពីធ្វើសកម្មភាព ជនដៃដល់បាននាំគ្នារត់គេចបាត់អស់ ។ បន្ទាប់មកប៉ូលិសខណ្ឌចំការមនបានជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ