រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ មានបងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តប្រមាណជាង១០០នាក់បានរៀបចំធ្វើការជួបជុំនៅមុខព្រះបរមរាជវាំងដោយគ្មានច្បាប់អនុញ្ញាត ជាពិសេសក្រោយចប់ពិធីជួបជុំបងប្អូនបានធ្វើការបំបែកជាច្រើនក្រុមដាក់នៅតាមបណ្តាភ្លើងស្តុបសំខាន់ៗក្នុងរាជធានីភ្នំពេញដើម្បីចែកចាយខិត្តប័ណ្ណដែលធ្វើឱ្យរំខានដល់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
សាលារាជធានីភ្នំពេញមានកិត្តិយសធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃដដែលនោះអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តាខណ្ឌពាក់ព័ន្ធពុំបានធ្វើការឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តឡើយ ប៉ុន្តែយើងគ្រាន់តែបានអញ្ជើញពួកគាត់មកកាន់សាលាសង្កាត់ពាក់ព័ន្ធដើម្បីពន្យល់អប់រំអំពីច្បាប់ និងនីតិវិធីច្បាប់ជាធរមាននៃការប្រមូលផ្តុំ និងចែកចាយខិត្តប័ណ្ណតែប៉ុណ្ណោះ។
យើងសូមគូសបញ្ជាក់ម្តងទៀតថា សាលារាជធានីភ្នំពេញមានកាតព្វកិច្ចក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញសូមជម្រាបជូនដល់បណ្តាអ្នករៀបចំឱ្យប្រជាពលរដ្ឋមកពីបណ្តាខេត្តទាំងអស់កាលពីព្រឹកម្សិលមិញនេះថា មុននឹងរៀបចំត្រូវសិក្សាឱ្យបានល្អិតល្អន់អំពីច្បាប់ និងលិខិតបទដ្ឋានទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ព្រោះថា រាល់ការប្រមូលផ្តុំ និងការចែកផ្សាយត្រូវកំណត់ដោយច្បាប់ ៕
ចែករំលែកព័តមាននេះ