កីឡាករអៀរឡង់ភីធ័រ ឡារី បានបោះមួយចំហានដោយជោគជ័យ នៅក្នុងយុទ្ធនាការដណ្តើមយកពានជើងឯកវាយកូនហ្គោលកម្មវិធី Czech Openបន្ទាប់ពីបានយកឈ្នះក្នុងជុំទី១កាលពីថ្ងៃព្រហស្បតិ៍ទី១៨សីហាកន្លងមកនេះ។ ការប្រកួតកម្មវិធី ដែលមានទឹកប្រាក់រង្វានសរុប២លាននិង៥សែនដុល្លារអាមេរិកនេះ ត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោល Prosper Golf Resortស្ថិតក្នុងទីក្រុង Celadna សាធារណរដ្ឋឆែក។
ឡារីវ័យ៣៧ឆ្នាំបញ្ចប់ជុំទី១ក្នុងលទ្ធផល៦អាន់ឌ័រប៉ា៦៦គឺ១សត់នាំមុខកីឡាករមិត្តរួមជាតិដេមៀន ម៉ាកហ្គ្រេន កីឡាករអេស្ប៉ាញប៉េដ្រូ អូរីយ៉ូលនិងកីឡាករបារាំងវិចទ័រ ឌូប៊ូអុីសុន។ អ្នកទាំង៣បញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា៥អាន់ឌ័រ ប៉ា ៦៧។ ឡារី បន្ទាប់ពីបញ្ចប់ការប្រកួតបានបញ្ជាក់ថា៖«ទីលានប្រកួតសម្រាប់ឆ្នាំនេះគឺខុសគ្នាទាំងស្រុងទៅនឹងឆ្នាំទៅមិញ។ វាងាយស្រួលជាងពីឆ្នាំមុនច្រើន។ វាធ្វើឲ្យខ្ញុំងាយស្រួលក្នុងការវាយកូនបាល់បញ្ចូលបានគ្រប់រន្ធ។ ម្យ៉ាងទៀតកូនបាល់ក៏មិនបានរត់ផ្តេសផ្តាសនោះ
ដែរ»។ កីឡាកររូបនេះបានបន្តថា៖«គ្រប់ឡូ ដែលមាន៥ប៉ា ខ្ញុំធ្វើមិនបានល្អនៅឡើយទេ។ តែការលេងរយៈចម្ងាយជិតរបស់ខ្ញុំគឺល្អគួរសម»។
កាលពីឆ្នាំទៅមិញកីឡាឡារីបានបញ្ចប់ការប្រកួតដោយដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ។ ចំណែកជើងឯកបានទៅលើកីឡាករភីធ័រ ហ៊ែនសុន។
កីឡាករម៉ាកហ្គ្រេនបាននិយាយថា៖«លក្ខខណ្ឌនៃការដាក់ពិន្ទុគឺពិតជាល្អខ្លាំងណាស់។ ដូច្នេះវាធ្វើឲ្យខ្ញុំមានឱកាសច្រើន។ ប៉ុន្តែបញ្ហានៅត្រង់ការបង្កើតឱកាសទាំងនេះឲ្យទៅជាអ្វីមួយមានប្រយោជន៍។ ដូចនេះការធ្វើបាន៦បឺឌីនិង១បូជី គឺជារឿងអស្ចារ្យបំផុតសម្រាប់ខ្ញុំ »។ សូមបញ្ជាក់ថា Czech Openគឺជាកម្មវិធីដែលស្ថិតក្នុងក្របខណ្ឌទេសចរណ៍អឺរ៉ុប។ ទីលានប្រកួតមានទំហំ៧៤៥២យ៉ាដ មាន៧២ប៉ា ៕
ចែករំលែកព័តមាននេះ