ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​ប្រណាំង​​រមណីយដ្ឋាន​​ស្អាត​និង​ពង្រឹង​សហគមន៍​​ទេសចរណ៍

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃទី​១៦ សីហា ​​ ​នៅសណ្ឋាគារ​​​សាន់​វេ​​ ក្រសួង​​​ទេសចរណ៍​​បាន​រៀបចំ​​កិច្ចប្រជុំ​​​​ជំហាន​​​ដំបូង​​​ស្តីពី​ ការប្រឡង​​ប្រណាំង​​រមណីយដ្ឋាន​​ស្អាត និង​​ពង្រឹង​ការងារ​​សហគមន៍​ទេសចរណ៍​ ក្រោម​អធិបតីភាព​​​លោក​​​ថោង ខុន ​រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍​ ។ អញ្ជើញ​​ចូលរួម​​​ក្នុងកិច្ច​ប្រជុំ​នេះ​មាន​​ថ្នាក់​​​ដឹកនាំ​ក្រសួង​

រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃទី​១៦ សីហា ​​ ​នៅសណ្ឋាគារ​​​សាន់​វេ​​ ក្រសួង​​​ទេសចរណ៍​​បាន​រៀបចំ​​កិច្ចប្រជុំ​​​​ជំហាន​​​ដំបូង​​​ស្តីពី​ការប្រឡង​​ប្រណាំង​​រមណីយដ្ឋាន​​ស្អាត និង​​ពង្រឹង​ការងារ​​សហគមន៍​ទេសចរណ៍​ ក្រោម​អធិបតីភាព​​​លោក​​​ថោង ខុន ​រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍​ ។ អញ្ជើញ​​ចូលរួម​​​ក្នុងកិច្ច​ប្រជុំ​នេះ​មាន​​ថ្នាក់​​​ដឹកនាំ​ក្រសួង​ទេសចរណ៍​ តំណាង​ក្រសួង ស្ថាប័ន​​​ពាក់ព័ន្ធ អាជ្ញាធរ​​រាជធានី-ខេត្ត មន្ទីរ​ទេសចរណ៍​ ផ្នែក​ឯកជន​​​ ឧស្សា​ហកម្ម​ទេសចរណ៍​ និង​សហគមន៍​​ទេសចរណ៍​ ​សរុប​​ចំនួន​​២២៤​នាក់ ។ 

នៅក្នុង​កិច្ច​ប្រជុំ​​នេះ ​លោក​​រស់ រ៉េន រដ្ឋ​លេខា​​​ធិការ​ក្រសួង​ទេសចរណ៍​​បានមាន​ប្រសាសន៍​​ថា ដោយ​​ការខិតខំ​​ប្រឹង​ប្រែង​​របស់​មន្ទីរ​​ទេសចរណ៍ ផ្នែក​ឯកជន​​​ អង្គការ​​សង្គម​​​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​ ក្នុង​ការ​ជំរុញ​​ចលនា​​ប្រឡង​ប្រណាំង​​ទីក្រុង​ស្អាត រមណីយ​ដ្ឋាន​ស្អាត​ សេវា​ល្អ យើងនឹង​​​អាចរៀបចំ​​​រមណីយដ្ឋាន​​​ទេស​ចរណ៍​ និងសហគមន៍​​ទេស​ចរណ៍​ដោយ​ផ្តោត​​លើ​សោភ័ណភាព​​​​ របៀប​​រៀបរយ​ អនាម័យ សណ្តាប់​ធ្នាប់​​សង្គម សេវាល្អ និង​បរិស្ថាន​​ល្អ​ដើម្បី​ពង្រឹងគុណភាព​​​ផលិត​ផល​ទេសចរណ៍ និង​​មជ្ឈដ្ឋាន​​រស់​នៅ​​របស់​ប្រជា​​សហ​គមន៍​​​ឱ្យ​​​កាន់​តែ​​ល្អ​ប្រសើរ​ឡើង ។ ការ​អភិវឌ្ឍ​ធនធាន​​មនុស្ស​​ផ្នែកជំនាញ​​នៅតាម​រមណីយដ្ឋាន​​ និង​សហគមន៍​​​ទេសចរណ៍​ គឺជា​ការ​​​លើកកម្ពស់​​ សមត្ថភាព​​ជំនាញ និងផ្តល់​ឱកាស​​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ និង​សហគមន៍​មូល​ដ្ឋាន ​​​ដើម្បី​​បំពេញ​​តម្រូវ​ការ​​ទេសចរណ៍​​​ប្រកប​ដោយ​​គុណភាព។

លោក​ថោង ខុន រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍​​បាន​មាន​ប្រសាសន៍​​ថា ចលនា​​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ ពិសេស​​ការ​គ្រប់​គ្រង និង​​អភិវឌ្ឍ​​ន៍រមណីយដ្ឋាន​​ និង​សហ​គមន៍​​ទេសចរណ៍​ គឺជា​អាទិភាព​មួួ​យ​នៃ​​ការ​​អភិវឌ្ឍ​ទេស​ចរណ៍​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព គុណភាព​ ​និង​ការទទួល​​​ខុស​ត្រូវ​ ។ ជាមួយ​គ្នា​​នេះ ​ស្ថាប័ន​​អនុវត្ត​ផ្ទាល់​​​ដែល​​ទាក់ទង​ទៅ​នឹង​ការ​​បង្កើត​​​​ គ្រប់​គ្រង​ និងអភិវឌ្ឍ​ផលិតផល​​ទេស​ចរណ៍​ត្រូវ​យកចិត្ត​ទុកដាក់​​ដើម្បី​​​ត្រៀម​​ទទួល​​កំណើន​ទេសចរ​នៅពេល​ខាង​មុខ​​នេះ ។ ដើម្បី​​ជំរុញ​​ចលនា​​​ប្រឡង​ប្រណាំង​រមណីយដ្ឋាន​​ស្អាត និង​​ពង្រឹង​សហគមន៍​​ទេសចរណ៍ លោករដ្ឋមន្ត្រី​​​បាន​​​ផ្តល់​​​ជា​អនុសាសន៍​​សំខាន់ៗ​​ដល់​អ្នក​​អនុវត្ត​​កិច្ច​​ការ​ងារខាង​​លើ​នេះ​​​ដូចជា ៖
-ក្រុម​ការងារ​​នៃ​គណៈ​​កម្មការ​ចលនា​ប្រឡង​ប្រណាំង​ត្រូវ​រៀប​ចំ​បូក​សរុប​ វាយ​តម្លៃ​​​លទ្ធផល​​​ការងារ​​​​ដែល​បាន​​​អនុវត្ត​ និង​លើក​ទិសដៅ​ការ​ងារ សកម្មភាព​អនុវត្ត​បន្ត ក្នុង​នោះ​ត្រូវ​ពិនិត្យ និងវាយ​​តម្លៃ​​​​សំណើ​​​សុំ​​របស់​​​មន្ទីរ​​​ទេសចរណ៍​​ស្តីពី​​ការ​​ពិនិត្យ​​វាយ​តម្លៃ​​​ និង​ជូន​រង្វាន់​​​អ្នក​ដែល​​មាន​​ស្នា​​ដៃ​។
-គ្រប់​​​មន្ទីរ​ទេសចរណ៍​​រាជធានី​ ខេត្ត​ ដែល​ជា​​​​សេនាធិការ​ឱ្យគណៈ​​កម្មការ​​​គ្រប់គ្រង​​​​អភិវឌ្ឍ​​ន៍​ទេសចរណ៍​​រាជធានី-​ខេត្ត ត្រូវ​យក​​ចិត្ត​ទុក​ដាក់​​ ជំរុញ​បន្ថែម​​ទៀត​​​នូវ​ចលនា​ប្រឡង​ប្រណាំង​​​ ពិសេស​​ការអនុវត្ត​ស្តង់​ដា​អប្បបរមាសម្រាប់​​​​រមណីយ​យដ្ឋាន​ជាកំណត់ ​និង​ជ្រើសរើស​​​​រមណីយ​ដ្ឋាន​​​​ជាគំរូ វត្ត​ទេសចរណ៍​គំរូ​ សហគមន៍​​​​​ទេសចរណ៍​គំរូ និង​​​ការអុវត្ត​​ស្តង់​ដា​ទីក្រុង​ស្អាត​​ ដែល​រាជ​រដ្ឋា​ភិបាល​​បាន​អនុម័ត​នាពេល​ថ្មីៗ​នេះ។
-មន្ទីរ​​​ទេសចរណ៍​​រាជធានី​-​ខេត្ត ត្រូវ​រាយ​​ការណ៍​​ និង​សុំ​​យោ​បល់​ណែនាំ​​ជា​ប្រចាំ​ពីគណៈ​​កម្មការ​​​​​គ្រប់​គ្រង​អភិវឌ្ឍ​ន៍​ទេសចរណ៍​​រាជធានី​-​ខេត្ត​ ស្តីពី​ការ​ជំរុញ​​អនុវត្ត​ចលនា​​ប្រឡង​ប្រណាំង។
-ចាប់​​ពីពេល​នេះ រហូត​ដល់​​ដំណាច់​​​ឆ្នាំ​២០១១ គ្រប់​ភោជនីយដ្ឋាន​ និងរមណីយ​ដ្ឋាន​ ​ទេសចរណ៍​​នៅទូទាំង​ប្រទេស ត្រូវ​មានការ​​ប្រែ​ប្រួល​​ថ្មី​​ ត្រូវ​ស្អាត​ មានអនាម័យ​​(គ្មាន​​ការ​បោះ​​សំរាម​​ខុស​គំនរ​សំរាម )  សណ្តាប់​ធ្នាប់​​​ល្អ បន្ទប់​ទឹក​ស្អាត​​ សេវា​​បម្រើ​​ល្អ​ ម្ហូប​​​អា​ហារ​​ភេសជ្ជៈ​​​មាន​​អនាម័យ​​​និង​ថ្លៃ​លក់​សមរម្យ​ ។ ​
-សហគមន៍​​ទេសចរណ៍​​ត្រូវ​​ធ្វើ​ការ​​គ្រប់​គ្រង និង​​អភិវឌ្ឍតាម​លំនាំ​ 4Ps (Public-Private- Partnership-People) ។​
លោក​​រដ្ឋ​មន្ត្រី​បន្ត​​ថា ​ ឆ្នេរ​​​សមុទ្រ​​​របស់​​កម្ពុជា​ បាន​ក្លាយ​ទៅជា​គោល​ដៅ​​ទេសចរណ៍​​ដ៏ធំ​បន្ទាប់​ពី​អង្គរ​វត្ត​ និង​​​រាជធានី​ភ្នំពេញ​ ហើយ​យើង​​ឃើញ​​ថា រៀងរាល់​ឆ្នាំ​ភ្ញៀវ​ទេសចរ​ជាតិ​​​និង​ភ្ញៀវ​អន្តរជាតិ​​​បាន​ទៅ​កម្សាន្ត​​នៅអង្គរ​វត្ត​ជាង​​​១លាន​​នាក់ ហើយ​​​ទេសចរអន្តរជាតិ​ចំនួន​១០​% បាន​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​​នៅឆ្នេរ​​​សមុទ្រ។ ​​បើ​កាល​ណា​​​មានការ​ហោះ​ហើរ​​ពី​ខេត្ត​​​សៀមរាប​​តភ្ជាប់​​​​មក​ឆ្នេរសមុទ្រ​​ យើង​សង្ឃឹម​ថា  នាវាធំៗ​​ដឹក​ទេសចរ​ចូលមក​​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ​ យ៉ាង​​ហោច​​ណាស់​ភ្ញៀវ​​​ទេសចរ​៣០ទៅ៤០​​%​ ដែល​មក​​​កម្សាន្ត​​តាម​នាវា​នេះ នឹង​ទៅ​កម្សាន្ត​នៅ​សៀម​រាប-អង្គរ ។

ទ្ទឹម​​នឹង​នេះ​ ក៏​មាន​ការ​​តភ្ជាប់​​ពី​ខេត្តសៀម​រាប​​ទៅតំបន់​​ប្រាសាទ​​​ព្រះវិហារ​ ដែល​ជា​ផលិត​ផល​ទេសចរណ៍​​​វប្បធម៌​​ប្រវត្តិសាស្ត្រ​​ថ្មី​ និង​​តំបន់​​អេកូទេសចរណ៍​​ផ្សេងៗទៀត​ផងដែរ ។ នៅតំបន់​​​ឆ្នេរសមុទ្រ ​​​​យើង​​​ក៏​បាន​​មើល​​​ឃើញ​ច្បាស់ពី​​​ការអភិវឌ្ឍភ្នំ​បូកគោ​ដែលជាមេ​ដែក​ដ៏ធំមួយ​សម្រាប់​​តំបន់​ឆ្នេរ​​នេះ ។
តាមការ​រំពឹងទុក ​​​​ឆ្នាំ២០១១​ យើង​​អាច​ទទួល​​បាន​ទេសចរអន្តរជាតិ​​ប្រមាណ​​​២,៨​លាន​​​​នាក់​នៅឆ្នាំ​​២០១២ ​ប្រមាណ​​៣លាន​​​នាក់​ នៅឆ្នាំ​២០១៣​ ប្រមាណ​​៣,៥​លាន​​នាក់​ និង​នៅ​ឆ្នាំ​២០១៥​ ប្រមាណ​៤​,៥​​លាន​នាក់ ។

យើង​​មាន​គម្រោង​​ផែន​ការ​កំណត់​​​យក​ឆ្នាំ​​២០២០ ជា​​ឆ្នាំគោល​​ ដើម្បី​​ជំរុញទាក់ទាញ​​​ទេស​ចរ​អន្តរជាតិ​​មកទស្សនា​កម្ពុជា ឱ្យ​បាន​ប្រមាណ​៧ទៅ​៨​លាន​​នាក់ និងធ្វើ​​​ឱ្យ​កម្ពុជា​ត្រូវ​បាន​ទទួល​​ស្គាល់​ថាជា​គោលដៅ​ទេសចរលំដាប់​​ពិភព​លោក​​​​ប្រកប​ដោយ​​​ភាពកក់​ក្តៅ​ ។។ បើ​​សម្រេច​​​បានទេសចរអន្តរជាតិ​៧ទៅ៨​​លាន​នាក់​​ នៅ​​ឆ្នាំ​​​​២០២០​នោះ​ កម្ពុជា​យើង​អាច​ទទួល​​​ចំណូល​​​​ពីវិស័យ​ទេស​ចរណ៍​​​ប្រមាណ​៥.០០០​លាន​​​​ដុល្លារ​អាមេរិក ហើយ​បើគិត​មេគុណ​​ប្រសិទ្ធភាព​​​​សេដ្ឋ​កិច្ច​​ថែម​២ទៀត​ ចំណូល​​នោះ​អាច​​រីក​បាន​ដល់​១០.០០០​​លាន​​ដុល្លារ​​ ក្នុង១​ឆ្នាំ។ ចំណូល​​នេះ​នឹង​​រួម​ចំណែក​យ៉ាង​​​សំខាន់​​ក្នុង​​កំណើន​​ផលិតផល​​​ក្នុង​ស្រុក​សរុប​ ពិសេស​គឺចំណូល​​​សម្រាប់​​ប្រជាជន​​ម្នាក់ៗ​អាចកើន​ឡើង​​បន្ថែម​ជាង​៤០០​ដុល្លារ​ ដោយ​គ្រាន់​តែ​​វិស័យ​​​ទេសចរណ៍​​​មួយតែ​ ប៉ុណ្ណោះ៕